យើងធ្លាប់តែដឹងថា ក្មេងងាយនឹងរាករូស ហើយការរាកនេះទៀតសោត ពេលឲ្យញ៉ាំថ្នាំទៅជួនកាលបាត់ទៅវិញក្នុងរយៈពេលខ្លី តែ១ ឬ២ថ្ងៃ ហើយពេលខ្លះអូសបន្លាយយូរ។ ដើម្បីជាចំណេះដឹងខ្លះៗ អ៊ីចឹងយើងមកដឹងលម្អិតទាំងអស់គ្នាពីប្រភេទជំងឺរាកលើក្មេងៗ តើមានប៉ុន្មានប្រភេទ? ការរាករូសរបស់ក្មេងបណ្តាលមកពីមូលហេតុអីខ្លះ?
អង្គការសុខភាពពិភពលោក (WHO) បានបែងចែកជំងឺរាកជា៣ប្រភេទ ទី១ រាកស្រួចស្រាវ (Acute watery diarrhea ) ទី២ រាកស្រួចស្រាវ មានលាយឈាម (Acute bloody diarrhea) និងទី៣ (Persistent diarrhea)។
១. រាកស្រួចស្រាវ
ជាការរាកស្រួចស្រាវ លាមកសុទ្ធតែទឹក អាចមានរយៈពេលខ្លីត្រឹមតែប៉ុន្មានម៉ោង ឬក៏២-៣ថ្ងៃ ដែលរាកប្រភេទនេះរួមបញ្ចូលទាំងជំងឺអាសន្នរោគ។ រាកប្រភេទមិនសូវធ្ងន់ធ្ងរនោះទេ តែចាំបាច់រកមូលហេតុឲ្យឃើញ ឲ្យកូនញ៉ាំថ្នាំ ដើម្បីបញ្ឈប់ការរាករូស។ បើកូននៅតូចម៉ាក់អាចបន្តឲ្យកូនតូចម៉ឹមដោះដដែល តែឲ្យម៉ឹមកាន់តែច្រើន ចំពោះកូនធំត្រូវឲ្យញ៉ាំទឹក ឬទឹកអូរ៉ាលីតឲ្យច្រើន ដើម្បីបង្ការការបាត់បង់ជាតិទឹក ហើយបញ្ឈប់ការញ៉ាំចំណីអាហារ ភេសជ្ជៈដែលធ្វើឲ្យរាក ពិសេសភេសជ្ជៈត្រជាក់ផ្អែមៗ អាហារហឹរ អាហារខ្លាញ់ជាដើម។
២. រាកស្រួចស្រាវ មានលាយឈាម
ជាការរាក លាមកមានលាយឈាម ដែលយើងតែចំណាំហៅថា រាកមួល។ រាកប្រភេទនេះធ្ងន់ធ្ងរ បង្កឡើងដោយពពួកបាក់តេរី ឬអាមីប កើតចំពោះក្មេងអាយុចាប់ពី១ឆ្នាំឡើង ដែលជាវ័យក្មេងចេះដើរ ដៃងាយចាប់កាន់របស់កខ្វក់។
សុខភាពកូនពិតជាសំខាន់ ចុចទីនេះ ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីការថែទាំ និងព្យាបាលជំងឺរាកលើកុមារ!
៣. រាកជាប់រហូត
ជាការរាករយៈពេលយូរដល់ទៅ១៤ថ្ងៃ ឬអាចលើសពីនេះ។ រាកប្រភេទនេះ ក្មេងអាចប្រឈមនឹងការបាត់បង់ជាតិទឹកធ្ងន់ធ្ងរ ករណីខ្លះឈានទៅបាត់បង់ជីវិត។
ចំពោះមូលហេតុដែលបណ្តាលឲ្យរាកវិញ លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសកុមារ បម្រើការងារនៅ Singapore Medical Center បញ្ជាក់ថាមាន២ចំណុចសំខាន់ៗ គឺបណ្តាលមកពីការបង្ករោគ មិនរាកមិនមានការបង្ករោគ ហើយអ្វីដែលក្មេងៗជួបប្រទះញឹកញាប់ គឺរាកដោយការបង្ករោគ ដែលមាន៤ក្រុមសំខាន់ៗ គឺ ពពួកវីរុស បាក់តេរី អាមីប និងពពួកប៉ារ៉ាស៊ីត។
ចំពោះការរាកដែលមិនបង្កដោយមេរោគវិញ មានកត្តារួមផ្សំច្រើនដូចជា ទី១ក្មេងមានជំងឺ (Malformation) មានន័យការកើតមកពោះវៀនមានបញ្ហា ការបឺតស្រូបអាហារមិនបានត្រឹមត្រូវ ធ្វើឲ្យក្មេងរាករហូត ទី២ ក្មេងអាចមានបញ្ហាអាលែកហ្ស៊ី កាលណាញ៉ាំសារធាតុណាមិនត្រូវ ធ្វើឲ្យរាក ដូចជាប្រតិកម្មជាមួយទឹកដោះគោ ឬកើតមកមានបញ្ហាកង្វះអង់ហ្ស៊ីមមួយចំនួនដែលអាចកាត់ផ្តាច់ប្រូតេអ៊ីន ឬប្រតិកម្មនឹងជាតិឡាក់តូសក្នុងទឹកដោះគោ។
[embed-health-tool-vaccination-tool]