home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ប៉ាម៉ាក់បើឃើញ​កូន​មាន​បញ្ហាដំណេក ត្រូវពិនិត្យ​ចំណុចទាំង ៥ នេះឡើងវិញ

ប៉ាម៉ាក់បើឃើញ​កូន​មាន​បញ្ហាដំណេក ត្រូវពិនិត្យ​ចំណុចទាំង ៥ នេះឡើងវិញ

ក្មេង​ដល់​វ័យ​ចូល​សាលា​អាច​នឹង​មិន​ត្រូវ​ការ​ការ​គេង​ច្រើន​ដូច​ពេល​ពួកគេ​នៅ​តូចនោះទេ​ ប៉ុន្តែ​ទោះជា​បែប​នេះ​ក៏​ពួកគេ​នៅ​តែ​ត្រូវការ​ការ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​ដែរ។ ក្មេង​ដល់​វ័យ​ចូល​សាលា​ មាន​រឿង​ច្រើន​ដែល​ពួក​គេ​ត្រូវ​យក​ចិត្ត​ដាក់ និង​​អាច​ប៉ះពាល់​ដល់​ការ​គេង​របស់​ពួក​គេ​បាន។ សម្រាប់​ក្មេង​ក្នុង​វ័យ​ ៦-១២ ឆ្នាំ ​ត្រូវការ​គេង​ ៩​-១១ ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ការ​គេង​មិន​គ្រប់គ្រាន់​​​អាច​បណ្ដាល​ឲ្យមាន​​បញ្ហា​ក្នុង​ការ​ផ្ដោត​អារម្មណ៍ អាកប្បកិរិយា ​ប៉ះពាល់​ដល់​ការ​រៀន​ និង​ប្រព័ន្ធ​ភាព​ស៊ាំ​​ចុះ​ខ្សោយ។ អត្ថបទ​​នេះ​​លើក​​ឡើង​ពី​បញ្ហា​មួយ​ចំនួន​ដែល​អាច​ប៉ះពាល់​ដល់​ដំណេក​របស់​ក្មេង ហើយ​ប៉ាម៉ាក់​គួរ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ​ដែរ។

១. គ្រឿង​អេឡិចត្រូនិច

ក្មេងៗ​​ចូលចិត្ត​លេង​ទូរសព្ទ លេង​ហ្គេម ឬ​មើល​ទូរទស្សន៍​ច្រើន ហើយ​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ពពួក​គ្រឿង​អេឡិចត្រូនិច​ទាំង​នេះ​អាច​រំខាន​ដល់​ការ​គេង​របស់​ក្មេង​បាន។ ដូចនេះ​ម៉ាក់ប៉ា​គួរ​កុំ​ឲ្យ​កូន​មើល​ទូរទស្សន៍ ឬ​លេង​ហ្គេម​យ៉ាង​តិច​មួយ​ម៉ោង​មុន​​ចូល​គេង និង​ធ្វើ​អ្វី​ផ្សេង​ដែល​អាច​ជួយ​ឲ្យ​អូនៗ​អាច​​បន្ធូរ​អារម្មណ៍​បាន​ដូចជា​អាន​សៀវភៅ​ជាដើម។ ម៉្យាងទៀត ក្នុង​បន្ទប់គេង​របស់​កូន​​មិន​គួរ​មាន​ពពួក​គ្រឿង​អេឡិចត្រូនិច​ទេ​ សូម្បី​តែ​ទូរស័ព្ទ​ដៃ​ក៏​អាច​បង្ក​បញ្ហា​ដល់​ការ​គេង​របស់​កូន​​ដែរ។

២. ម៉ោង​ចូលគេង​មិន​ទៀងទាត់

បញ្ហា​មួយ​ទៀត​ដែល​អាច​រំខាន​ដល់​ការ​គេង​របស់​ក្មេងៗ​​គឺ​ការ​ចូល​គេង​មិន​ទៀង​ម៉ោងនេះឯង​។ ម៉ាក់ប៉ា​មួយ​ចំនួន​អាច​ឲ្យ​កូន​នៅ​មើល​ទូរទស្សន៍ លេងហ្គេម និង​លេង​ទូរសព្ទ​ដល់​យប់​ជ្រៅ​ដោយសារ​ថ្ងៃ​បន្ទាប់​​ជា​ថ្ងៃ​សម្រាក​។ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​អាច​បង្ក​ឲ្យ​ក្មេង​កាន់​តែ​ហត់​នឿយ​នៅ​ថ្ងៃ​បន្ទាប់ និង​មិន​អាច​គេង​លក់​នៅ​ម៉ោង​គេង​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​បាន។ ម៉ាក់ប៉ា​គួរ​កុំ​ឲ្យ​កូន​​ចូល​គេង​ខុស​ពី​ម៉ោង​ចូល​គេង​ប្រចាំ​ថ្ងៃ​ខ្លាំង​ពេក​​ដើម្បី​ជួយ​ឲ្យ​ពួក​គេ​គេង​ឲ្យ​បាន​គ្រប់គ្រាន់។

៣. ទម្លាប់​មុន​ចូល​គេង

ប្រសិនជា​កូន​មាន​បញ្ហា​ក្នុង​ការ​គេង​ពេល​យប់ ម៉ាក់ប៉ា​គួរ​មើល​ទៅ​លើ​ទម្លាប់​មុន​ចូល​គេង​របស់​កូន។ ការ​មាន​ទម្លាប់​មុន​ចូល​គេង​ល្អ​គឺ​សំខាន់​សម្រាប់​ក្មេង។ ទម្លាប់​ទាំង​នោះ​មាន​ដូចជា​ការ​ងូត​ទឹក​ក្ដៅ​ឧណ្ហៗ ស្ដាប់​ភ្លេង ​ភ្លើង​មិន​ភ្លឺ​ខ្លាំង និង​ការ​អាន​សៀវភៅ​ជាដើម។ នេះ​អាច​ជួយ​ឲ្យ​ក្មេង​បន្ធូរ​អារម្មណ៍ និង​ដឹង​ថា​ដល់​ម៉ោង​ពួកគេ​ចូល​គេង​ហើយ។ នៅ​ពេល​ម៉ាក់ប៉ា​ធ្វើ​បែប​នេះ​យូរ​ទៅ ក្មេង​នឹង​ទម្លាប់​ហើយ​គេង​ឆាប់​លក់។ ម៉្យាងទៀត ការ​អាន​សៀវភៅ​ជាមួយកូន​​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​​ពង្រឹង​​ទំនាក់ទំនង​​រវាង​ប៉ាម៉ាក់ និង​អូនៗ។

៤. ជាតិ​កាហ្វេអ៊ីន

របប​អាហារ​របស់​កូន​​ក៏​អាច​ជា​ដើមហេតុ​រំខាន​ដល់​ដំណេក​របស់​ពួកគេ​ដែរ ជាពិសេស​ជាតិ​កាហ្វេអ៊ីន។ ប្រសិនជា​ក្មេង​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​នៅពេល​ល្ងាច​ដូចជា​នំ​សូកូឡា ឬ​ទឹកដោះគោ​សូកូឡា ពួកគេ​អាច​នឹង​មាន​បញ្ហា​ក្នុង​ការ​គេង​ ព្រោះ​សូកូឡា​​មាន​​ផ្ទុក​ជាតិ​កាហ្វេអ៊ីន។ ក្រៅ​ពី​សូកូឡា​ក៏​មាន​ភេសជ្ជៈ​ផ្សេង​ទៀត​​ដែល​​មាន​ជាតិ​កាហ្វេអ៊ីន​ដូចជា​ទឹកតែ ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​ភេសជ្ជៈ​កីឡា។

៥. លេង​ច្រើន​មុន​ចូល​គេង

នៅពេល​ក្មេង​លេង​ច្រើន​មុន​ចូល​គេង​គឺ​អាច​ធ្វើឲ្យ​ពួកគេ​ពិបាក​ក្នុង​ការ​គេង​លក់​ព្រោះ​សកម្មភាព​មុន​ចូល​គេង​ធ្វើឲ្យ​ពួកគេ​មាន​ថាមពល​ជំនួស​ឲ្យ​ការ​ចង់​សម្រាក។ ដូចនេះ​ម៉ាក់​ប៉ា​គួរ​ឲ្យ​កូន​មាន​សកម្មភាព​ច្រើន​អំឡុង​ពេល​ថ្ងៃ និង​នៅពេល​យប់​គួរ​ឲ្យ​កូន​ធ្វើ​សកម្មភាព​ណា​ដែល​ជួយ​បន្ធូរ​អារម្មណ៍​វិញ​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.verywellfamily.com/things-that-interfere-with-kids-sleep-620561

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 07/08/2020
ត្រួតពិនិត្យដោយ គឹម កាណែល