បើតាមលោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារ សញ្ញាប័ត្រពីបារាំង ឲ្យដឹងថា ការបែកញើសសម្រាប់ទារក និងក្មេងតូចៗ គឺជារឿងធម្មតាទេ។ ចំពោះអាអូនតូចៗ ការបែកញើសចែកចេញជា២ មានបែកញើសធម្មតា និងបែកញើសជាសញ្ញារបស់ជំងឺអ្វីមួយ ហើយម៉ាក់ប៉ាត្រូវរកមូលហេតុឲ្យច្បាស់ថាបណ្ដាលមកពីអី។ វេជ្ជបណ្ឌិតបន្តថា ក្នុងករណីដែលអាអូនបែកញើសធម្មតា ម៉ាក់ប៉ាត្រូវសង្កេតមើលតាមប៉ុន្មានកត្តានេះដូចជា៖
ទី១. សម្លៀកបំពាក់៖ ជួនកាល ម៉ាក់ប៉ាមួយចំនួនបារម្ភខ្លាចកូនរងា អ៊ីចឹងហើយ ស្លៀកពាក់ឲ្យកូនក្រាស់ៗ រួមផ្សំនឹងនៅស្រុកយើង អាកាសធាតុក្ដៅផងនោះ វាកាន់តែធ្វើឲ្យកូនបែកញើសខ្លាំង។
ទី២. សីតុណ្ហភាពក្នុងបន្ទប់៖ ប្រសិនបើក្នុងបន្ទប់ក្ដៅខ្លាំងពេក ក៏ធ្វើឲ្យកូនៗបែកញើសដែរ។
វេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារ “ចំពោះទារកវិញ ភាគច្រើនគឺបែកញើសនៅពេលដែលគេងលក់ស្កប់ស្កល់ (ចន្លោះ២-៤ម៉ោង)។ ប៉ុន្តែ ការបែកញើសនេះ គឺជារឿងធម្មតាដែលកើតឡើងទៅលើទារក។ វាមិនបញ្ជាក់ពីជំងឺអីមួយដែលម៉ាក់ប៉ាគួរឲ្យបារម្ភនោះទេ។”
លោកស្រីបានបញ្ជាក់បន្តថា បើយើងសង្កេតឃើញថា អាអូននៅតែបែកញើស ទោះស្លៀកពាក់ស្ដើង ក្នុងបន្ទប់ក៏ត្រជាក់មិនក្ដៅអីទេ ដូចនេះ ម៉ាក់ប៉ាគួរនាំកូនទៅពិគ្រោះជាមួយគ្រូពេទ្យ ពីព្រោះកូនអាចមានជំងឺបេះដូងពីកំណើតក៏ថាបាន។