ជំនឿរបស់ចាស់ៗសម័យមុន គឺឲ្យតែទារកទើបនឹងកើត ត្រូវច្របាច់ក្បាលដោះកូនឲ្យចេញគ្រាប់ ចៀសវាងពេលធំទៅដោះប្រែជាធំរយីករយាក ឬកើតជំងឺផ្សេងៗនៅកន្លែងនោះ ហើយមិនថាជាកូនប្រុស ឬស្រីឡើយឲ្យតែកើតមក ត្រូវធ្វើបែបនេះភ្លាម។
ទង្វើធ្វើបែបនេះ គ្រូពេទ្យថាជារឿងមិនត្រឹមត្រូវទេ ព្រោះអាចធ្វើឲ្យទារកមានឆ្លងមេរោគ និងបង្កទៅជាដំបៅធ្ងន់ធ្ងរបាននិងឈានរហូតដល់វះកាត់ជាដើម។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា ម៉ាក់ប៉ាទាំងអស់គួរតែបោះចោលទម្លាប់ចាស់បុរាណនោះទៅ ព្រោះពេលកូនឆ្លងរោគហើយអាចបង្កទៅជាដំបៅក្លាយរោគនិងខ្ទុះបាន។ លោកក៏បានបន្តទៀតថា ការច្របាច់ក្បាលដោះកូន ប្រៀបដូចជានាំមេរោគឲ្យកូនដែរដោយសារមានការដាច់រលាត់ស្បែក ព្រោះបើដៃមិនស្អាត មេរោគនឹងជ្រៀតចូលទៅភ្លាម ហើយបើទោះជាដៃលាងសម្អាត ក៏មេរោគអាចចូលតាមធូលី ខ្យល់ ឬសម្លៀកបំពាក់កូនកកិតប៉ះចុះឡើងនៅកន្លែងនោះ។