យើងមិនអាចឃាត់ក្មេងមិនឲ្យរពឹសបានទេ ព្រោះដល់វ័យដែលគេវិវត្តទៅមុខបន្តិចម្តងៗហើយ តែត្រូវចេះពីវិធីបង្ការខ្លួនក្មេងកុំឲ្យឆ្លងមេរោគទៅជាឈឺបាន។
១- សម្អាតដៃកូន
ការធ្វើអនាម័យជារឿងចាំបាច់បំផុត ម៉ាក់ប៉ាត្រូវលាងសម្អាតដៃកូនឲ្យបានស្អាតរាល់ពេលគេលេង ឬចាប់កាន់របស់អ្វីមួយ ពិសេសមុនពេលចាប់កាន់ចំណីអាហារញ៉ាំ។ កាលណាកូនយកដៃមិនស្អាតទៅញីភ្នែក ធ្វើឲ្យឈឺភ្នែក ចំណែកឯការយកដៃកខ្វក់ទៅលូកមាត់ ចាប់កាន់ចំណីអាហារមកញ៉ាំធ្វើឲ្យឆ្លងមេរោគ ទៅជាឈឺពោះ រាករូស ក្អួត ក្តៅខ្លួនជាដើម។
២- ចាក់វ៉ាក់សាំងការពារ
វ៉ាក់សាំងសំខាន់ខ្លាំងណាស់ចំពោះក្មេង ខណៈពួកគេមានប្រព័ន្ធការពារខ្សោយ ងាយនឹងរងការវាយប្រហារដោយមេរោគ ឬបាក់តេរីផ្សេងៗ ដូច្នេះមានតែការចាក់វ៉ាក់សាំងនោះទេ ទើបអាចការពារបាន។ នៅក្នុងកម្មវិធីជាតិបានផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺ ១១ មុខដល់កុមារចាប់ពីពេលកើតភ្លាម ដល់អាយុ ២ ឆ្នាំ ដោយឥតគិតថ្លៃ ហើយចំពោះម៉ាក់ប៉ាដែលមានលទ្ធភាព ក៏អាចនាំកូនទៅចាក់វ៉ាក់សាំងផ្សេងៗបន្ថែមទៀតទៅតាមអាយុរបស់កូន។