១- បង្រៀនកូនឲ្យចេះស្រុះស្រួលជាមួយមិត្តរួមថ្នាក់
រឿងដំបូងពេលចូលរៀន គឺត្រូវបង្រៀនកូនឲ្យចេះស្រលាញ់មិត្តរួមថ្នាក់ និងមានចំណីអាហារ ឬរបស់លេងចេះចែករំលែកគ្នា។ នៅពេលក្មេងមានអ្វីចែកទៅដល់ក្មេងដទៃ ក្មេងដទៃពេលមានអ្វីក៏ចេះចែករំលែកមកឲ្យកូនយើងវិញដែរ។ កាលណាតែក្មេងស្រលាញ់គ្នា ពួកគេគ្មានរឿងដែលត្រូវទាស់ទែង ឬគុំកួនគ្នាដែរ។ ក្មេងប្រៀបដូចជាក្រដាសសស្អាត ប្រសិនបើយើងបង្រៀនយ៉ាងម៉េច គេក៏ធ្វើតាមទាំងអស់។
២- បង្រៀនឲ្យចេះអភ័យ និងសុំទោស
សម្រាប់កូនតូចៗដែលរៀននៅកម្រិតទាបៗ ពេលឈ្លោះ ឬវ៉ៃគ្នាជាមួយមិត្ត មិនថានៅសាលារៀន ឬអ្នកជិតផ្ទះទេ ប្រាកដជាមកប្រាប់យើងអាណាព្យាបាលមិនខាន។ ក្រោយស្ដាប់កូនរួចហើយ យើងត្រូវតែដេញដោលថា មូលហេតុអ្វីបានកូនវ៉ៃគ្នា ទោះដឹងថាកូនយើងមិនបានខុសក៏ដោយ ក៏ត្រូវតែបង្រៀនពួកគេឲ្យចេះអធ្យាស្រ័យដល់មិត្ត ព្រោះថាបើខឹងគ្នា កូនៗនឹងបាត់បង់មិត្ត គ្មានរណាលេងជាមួយជាក់ជាមិនខាន។ បន្ទាប់ពីនោះ យើងក៏ត្រូវឆ្លៀតពេលជួបជាមួយអាណាព្យាបាលម្ខាងទៀត ដើម្បីប្រាប់គេពីរឿងនេះ ហើយយើងជាមនុស្សធំត្រូវនាំគ្នាផ្សះផ្សាចំណងមិត្តភាពពួកគេឡើងវិញ។