ចាប់តាំងពីកូនកើតមកភ្លាមម៉ាក់ៗប្រាកដជាស្លៀកខោទឹកនោមឲ្យភ្លែត ហើយក្មេងខ្លះបន្តរហូតដល់អាយុ ៣-៤ ឆ្នាំ។ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងថាការស្លៀកខោទឹកនោមនេះ ត្បិតតែជួយសម្រាលការបោកគក់កន្ទបកំណាត់ តែបើមិនបានផ្លាស់ប្ដូរញឹកញាប់នាំឲ្យកូនកើតជំងឺធ្ងន់ធ្ងរមួយនេះ គឺមេរោគចូលក្នុងផ្លូវទឹកនោម។
ជំងឺមេរោគចូលក្នុងផ្លូវទឹកនោម របស់កូនតូចមកពីមានការរលោកនៅតាមផ្លូវបង្ហូរនោមចូលដល់បង្ហួរនោម ផ្លោកនោម និងដល់តម្រងនោម ហើយការរលាកអស់ទាំងនោះបណ្ដាលមកពីឆ្លងមេរោគ។ ចំណែកមូលហេតុមានច្រើនយ៉ាង ក្នុងនោះការស្លៀកខោទឹកនោមយូរម៉ោងមិនទាន់ប្ដូរ ក៏បណ្ដាលឲ្យឆ្លងមេរោគទៅក្នុងទឹកនោមផងដែរ ហើយចំពោះក្មេងស្រីងាយនឹងឆ្លង ឬរលាកជាងក្មេងប្រុស។
មូលហេតុដែលខោទឹកនោមនាំឲ្យកើតជំងឺមេរោគក្នុងទឹកនោម ព្រោះមានម៉ាក់ៗខ្លះទុកឲ្យកូនបន្ទោបង់ ឬនោមក្នុងខោមួយយប់ទល់ភ្លឺជាង ១០ ម៉ោងឯណោះ។ មួយទៀតមនុស្សធំដែលឈឺនោមយប់ឡើង តែខ្ជិលក្រោកទៅនោមក៏នាំឲ្យរលាក ឬឆ្លងមេរោគទៅតំបន់ផ្លូវទឹកនោមនោះដែរ ឬអ្នកដែលមិនសូវផឹកទឹក សុទ្ធតែប្រឈមមុខនឹងជំងឺមួយនេះ។