ក្មេងកើតមកមានជំងឺបេះដូងពីកំណើត អាចព្យាបាលជាអត់?

    ក្មេងកើតមកមានជំងឺបេះដូងពីកំណើត អាចព្យាបាលជាអត់?

    ជំងឺ​បេះដូង​ពី​កំណើត ជា​ជំងឺ​​ដែល​កើត​មាន​តាំង​ពី​ទារក​នៅ​ក្នុង​ផ្ទៃ​ម្តាយ​ម្ល៉េះ ដោយសារ​តែ​បេះដូង​ទារក​វិវត្ត​ខុស​ប្រក្រតី​ផ្នែក​ណា​មួយ។ ជំងឺ​បេះដូង​ពី​កំណើត​ស្មុគស្មាញ​ខ្លាំង និង​មាន​ច្រើន​ប្រភេទ ដូចជា ជំងឺ​បេះដូង​ប្រហោង​ថត​លើ បេះដូង​ប្រហោង​ថត​ក្រោម បេះដូង​ប្រហោង​ពី​សរសៃ​អាអក ទៅ​សរសៃ​អាកទែ ឬ​បេះដូង​មាន​សរសៃ​ធំៗ​ខ្វែង​គ្នាជាដើម។

    កូន​ដែល​មាន​ជំងឺ​បេះដូង​ពី​កំណើត ជា​ក្តី​បារម្ភ​របស់​ម៉ាក់​ប៉ា មិន​ដឹង​អាច​ព្យាបាល​ជា ឬ​មិន​ជា​នោះ​ទេ។

    បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ កាល់ម៉ែត និង​ជា​ប្រធាន​សមាគម​គ្រូពេទ្យ​បេះដូងកម្ពុជា ជំងឺ​បេះដូង​ពី​កំណើត​មួយ​ចំនួន​អាច​ជា​ដោយ​ឯងៗ នៅ​ពេល​ទារក​វិវត្ត​ធំ​ទៅ ​អាយុ ១ឆ្នាំ ២ឆ្នាំ ៣ឆ្នាំ ជួន​កាលបេះដូង​ប្រហោង​អាច​ជា​ឯង បិទ​ជិត​មក​វិញ។ ប៉ុន្តែ​បើ​មិន​ជា​ទេ គ្រូពេទ្យ​ត្រូវ​ការ​ព្យាបាល​ដោយ​ភ្ជិត ដោយ​វិធី​វះកាត់ ឬ​ប្រើ​ឆ្នុក​ទៅ​ញ៉ុក​ប្រហោង​ឲ្យ​ជិត។

    “ជំងឺ​បេះដូង​មួយ​ចំនួន​អាច​ព្យាបាល​ជា​ដាច់ ជា​ពិសេស​ជំងឺ​បេះដូង​ពី​កំណើត ប៉ុន្តែ​ជំងឺ​បេះដូង​មួយ​​ចំនួន​ធំ​ព្យាបាល​មិន​ជា​ដាច់​ទេ ដូចជា​សម្លៀក​បំពាក់​ខូចខាត វា​រហែល វាធ្លុះ ទោះបី​យើង​ប៉ះ​យ៉ាង​ណា ក៏​នៅ​មាន​បំណះ​​ដែរ វា​មិន​អាច​ដូច​របស់​ថ្មី​ទេ។ អ៊ីចឹង​ហើយ​មាន​តែ​ការ​ថែទាំ​សុខភាព របប​អាហារ និង​អនុវត្ត​ទៅ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ទេ ដែល​អាច​ឲ្យ​អ្នក​​ជំងឺ​រស់​បាន​ធម្មតា ប៉ុន្តែ​ឲ្យ​ព្យាបាល​ឲ្យ​ជា​ដូច​មនុស្ស​ធម្មតា មិន​អាច​ទេ”

    អត្ថបទពាក់ព័ន្ធ៖

    • នេះជាប្រភេទជំងឺបេះដូងកើតញឹកញាប់ ទាំងលើកូនក្មេង និងមនុស្សចាស់
    • ៣ ចំណុច ស្រីៗពពោះត្រូវធ្វើ ដើម្បីបង្ការកុំឲ្យកូន​មានជំងឺបេះដូងពីកំណើត
    វេជ្ជបណ្ឌិត សុខ ជួរ
    សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា

    ដើម្បី​បង្ការ​កូន​កុំ​ឲ្យ​មាន​ជំងឺ​បេះដូង​ពី​កំណើត លោក​វេជ្ជបណ្ឌិត សុខ ជួរ ណែនាំ​ឲ្យ​ស្រីៗ​ត្រូវ​ប្រុង​ប្រយ័ត្ន​ពេល​មាន​ផ្ទៃពោះ មិន​ត្រូវ​ប្រើ​ថ្នាំ​ផ្តេសផ្តាស​ដោយ​គ្មាន​វេជ្ជ​បញ្ជា ត្រូវ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ ញ៉ាំ​ថ្នាំ​ជាតិ​ដែក និង​អាស៊ីដ​ហ្វូលិច មាន​ជំងឺ​ត្រូវពិគ្រោះ​ជាមួយ​គ្រូពេទ្យ បង្ការ​ការ​កើត​ជំងឺ​ឆ្លង​មួយ​ចំនួន ដូចជា កញ្ជ្រឹល ស្អូច អុតស្វាយ ជាដើម។

     

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 15/07/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត