ការដឹងថាកើតជំងឺមហារីកជារឿងមួយធ្វើឲ្យស្រងាកចិត្ត សម្រាប់មនុស្សគ្រប់វ័យ ជាពិសេសនៅពេលដែលដឹងកូនតូចៗរបស់យើងកើតជំងឺកាចសាហាវនេះ។ មូលហេតុនៃការកើតជំងឺមហារីកលើកូនក្មេង នៅមិនទាន់ដឹងពីច្បាស់លាស់នៅឡើយទេ តែវាអាចកើតឡើងដោយសារកត្តាហ្សែន និងការលូតលាស់កោសិកាមិនអាចគ្រប់គ្រងបាន។
តាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត ឲ្យដឹងថា ជាទូទៅជំងឺមហារីកលើកុមារ មានការលូតលាស់លឿនជាងជំងឺមហារីកដែលកើតលើមនុស្សចាស់ ប៉ុន្តែការសិក្សាវិទ្យាសាស្ត្រ បានបង្ហាញថា ជំងឺមហារីកនៅលើក្មេង ឆ្លើយតបនឹងការព្យាបាលបានល្អជាង និងមានអត្រាជាសះស្បើយច្រើនជាង។ ចំពោះជំងឺមហារីកដែលកើតញឹកញាប់លើក្មេងមាន ជំងឺមហារីកឈាមស្រួចស្រាវ មហារីកកូនកណ្ដុរ មហារីកខួរក្បាល ។ល។