ការលូតលាស់ និងការអភិវឌ្ឍរបស់ទារកទើបនឹងកើត ភាគច្រើនផ្ដោតទៅលើការឱប ការបំបៅ និងការគេងរបស់អាអូន។ ម៉ាក់ប៉ារូបណាក៏ប្រាថ្នាចង់ឲ្យកូនលូតលាស់ធំឡើងពោរពេញដោយភាពឈ្លាសវៃដែរ តែដើម្បីឲ្យកូនអភិវឌ្ឍធំឡើងឆ្លាត ម៉ាក់ប៉ាគួរតែចាប់ផ្ដើមជួយដល់ការអភិវឌ្ឍរបស់កូនតាំងពីនៅក្មេងខ្ចីមក។
អាអូនទើបតែអាយុ ១ខែរបស់យើង អាចឮ និងស្គាល់សំឡេងរបស់យើង ហើយកូនក៏រៀនបានច្រើនដែរ។ ខួរក្បាលរបស់អាអូនកំពុងលូតលាស់ និងអភិវឌ្ឍ ពេលដែលកូនបានឃើញ បានប៉ះ បានឮពីអ្វីៗកើតឡើងជុំខ្លួនកូន។ ដើម្បីជួយឲ្យកូនអភិវឌ្ឍផ្នែកខួរក្បាលបានល្អ យើងអាចជំរុញដោយប្រើតិចនិកសាមញ្ញនៅខាងក្រោមនេះ៖
- ចំណាយពេលជាមួយកូន៖ ព្យាយាមនិយាយ និទានរឿង និងច្រៀងជាដើម។ ការធ្វើបែបនេះរាល់ថ្ងៃ ក៏ជួយឲ្យកូនស៊ាំនឹងសំឡេង និងពាក្យផ្សេងៗ ជាហេតុជួយដល់ការអភិវឌ្ឍភាសា និងការទំនាក់ទំនងពេលកូនធំទៅ។
- សម្លឹងមើលភ្នែកកូន៖ តិចនិកនេះសំខាន់សម្រាប់ការបង្កើនចំណងរវាងម៉ាក់ប៉ានឹងកូន។
- ញញឹមដាក់កូន៖ ពេលអាអូនឃើញម៉ាក់ប៉ាញញឹម វាជួយបញ្ចេញសារធាតុគីមីពីធម្មជាតិនៅក្នុងខ្លួនកូន ដែលធ្វើឲ្យកូនមានអារម្មណ៍ល្អ និងសុវត្ថិភាព ។
- លេងជាមួយកូន៖ ការលេងជាមួយកូនជួយដល់ការលូតលាស់ខួរក្បាល និងជួយកូនរៀនពីអ្វីថ្មីៗ។ វាក៏ជួយផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងយើងនឹងកូនផងដែរ។
- ដាក់កូនឲ្យផ្កាប់៖ ការដាក់កូនឲ្យផ្កាប់មុខ១-៥នាទី/ថ្ងៃ ជួយពង្រឹងកម្លាំងនៅផ្នែកក ក្បាល និងរាងកាយផ្នែកខាងលើរបស់កូន។ តែម៉ាក់ប៉ាត្រូវចាំសង្កេតកូនឲ្យដិតដល់ ពេលដាក់ឲ្យកូនផ្កាប់មុខ ហើយក៏មិនត្រូវដាក់ឲ្យកូនគេងផ្កាប់យូរពេកដែរ។
- ម៉ាស្សាឲ្យកូន៖ វិធីនេះជួយពង្រឹងចំណងរវាងយើងនឹងកូន ហើយវាក៏ជួយឲ្យអារម្មណ៍កូនល្អ និងធូរស្បើយដែរ ពិសេសចំពោះទារកកេកកុកច្រើន។
ពីមួយថ្ងៃទៅមួយថ្ងៃ ម៉ាក់ប៉ា និងអាអូននឹងរៀនយល់ពីគ្នាទៅវិញទៅមកពេលដែលកូនលូតលាស់ និងវិវត្តវ័យធំទៅៗ។ លើសពីនេះ ម៉ាក់ប៉ាស្វែងយល់បន្ថែមពីអ្វីដែលកូនត្រូវការ និងរបៀបដែលអាចបំពេញតម្រូវការរបស់កូនបាន។ បើសិនជាម៉ាក់ប៉ាមានចម្ងល់ ឬបញ្ហានានា ជុំវិញការចិញ្ចឹមកូន យើងអាចសួរយោបល់ និងពិគ្រោះជាមួយអ្នកជំនាញផ្នែកក្មេង។
[embed-health-tool-vaccination-tool]