១. ប្រយ័ត្នប្រតិកម្មនឹងទឹកដោះ
ស្បែកមុខក្មេងទៅជារោល ហើយមានរលាកតាមគន្លាក់កនោះ គឺបណ្ដាលមកពីពេលបៅដោះម្ដាយ ឬទឹកដោះគោ មានហៀរទៅគន្លាក់ក សម្អាតមិនបានល្អ បែកញើសសើម ងូតទឹករួចជូតអត់ស្ងួត ទើបធ្វើឲ្យកកិតផ្អាប់ជាប់ក យូរៗក៏រលាកស្បែកកូនទៅ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ។
ក្នុងនោះយើងត្រូវសម្អាតទឹកដោះគោ ឬទឹកដោះដែលកំពប់សើមកដោយទឹកស្អាត (ចៀសវាងប្រើកន្សែងសើម ព្រោះវាសម្អាតមិនស្អាតល្អ និងនាំឲ្យកកិត)។ បើកូនបែកញើសច្រើន ត្រូវងូតទឹកពេលថ្ងៃឲ្យកូនម្ដងទៀត និងផ្ដល់បរិយាកាសត្រជាក់ឲ្យកូន កុំឲ្យកូនបែកញើសខ្លាំងពេក។ ពេលងូតទឹកហើយត្រូវជូតឲ្យស្ងួត ដើម្បីជូតសម្អាតកូនឲ្យបានល្អ គឺត្រូវប្រើកន្សែងដែលជក់ទឹកល្អ និងជូតរបៀបផ្ដិតៗបានថែទាំស្បែកកូនបានល្អទន់ល្មើយ (ពេលជូតគួរដាក់កង្ហារបានឆាប់ស្ងួត)។