ពេលខ្លះម៉ាក់ៗប្រាកដជាឆ្ងល់ហើយថា”តើគួរលើកទឹកចិត្តកូនបែបណាដើម្បីចេះរៀនញ៉ាំដោយខ្លួនឯង?” ការចេះរៀនញ៉ាំដោយខ្លួនឯងរបស់កូនតូច គឺពិតជាបញ្ហាដ៏ធំមួយសម្រាប់ប៉ាម៉ាក់ មិនដឹងថាត្រូវធ្វើបែបណាឲ្យល្អ និងមានប្រសិទ្ធភាព។ សម្រាប់អត្ថបទនេះនឹងផ្ដល់គន្លឹះខ្លះៗសម្រាប់ប៉ាម៉ាក់ ក្នុងការផ្លាស់ប្ដូរពីការបញ្ចុកអាហារកូន មកឲ្យកូនញ៉ាំខ្លួនឯង។
១.តើពេលណាទើបសក្ដិសម?
ជាទូទៅចាប់ពីអាយុ៧ទៅ៨ខែ គឺជាពេលដែលសក្ដិសមក្នុងការបង្រៀនបេប៊ីឲ្យចេះញ៉ាំដោយខ្លួនឯង។ អំឡុងពេលនោះបេប៊ីអាចអង្គុយត្រង់បាន និងចាប់ផ្ដើមដំណាក់កាលចាប់កាន់របស់របរ។ ដើម្បីឲ្យការចាប់របស់ជាប់បានល្អបេប៊ីត្រូវប្រើទាំងម្រាមដៃ និងមេដៃរួមចូលគ្នា។យើងក៏អាចសង្កេតមើលទៅលើសញ្ញាសម្គាល់ផ្សេងទៀតដើម្បីដឹងថាបេប៊ីគឺអាចញ៉ាំអាហាររឹងបានដូចជា៖
- អាចអង្គុយបានត្រង់នឹងល្អ
- កាន់របស់ក្នុងដៃ
- ចាប់ផ្ដើមចលនាទំពារ
- ទ្រដើមទ្រូងអ្នកម៉ាក់ ឬដបទឹកដោះគោពេលបៅ
២. លើកទឹកចិត្តឲ្យកូនរៀនញ៉ាំដោយខ្លួន
ដំបូងយើងត្រូវផ្ដល់ឱកាសឲ្យបេប៊ីក្នុងការធ្វើដោយឯង ដូចជាឲ្យពួកគេនូវនំមួយបន្ទះធំ ប៉ុន្តែមិនធំពេកដែលធ្វើឲ្យបេប៊ីខក់នោះទេ។ ក្រៅពីនេះយើងអាចចិតអាហារជាចំណិតៗដាក់លើចានហើយបន្ថែមបន្តិចម្ដងៗស្របពេលដែលបេប៊ីកំពុងញ៉ាំ ព្រោះកាលណាដាក់អាហារច្រើនពេកជាពិសេសក្នុងចានតែមួយអាចធ្វើឲ្យបេប៊ីព្យាយាមញ៉ាំឲ្យពេញមាត់ ឬអាចក្អួតចេញមកវិញ។
ម្យ៉ាងទៀតយើងអាចពង្រឹងភាពក្លាហានរបស់បេប៊ីដោយសរសើរពួកគេក្នុងការកាន់ស្លាបព្រាញ៉ាំអាហារ។ ប្រសិនបើបេប៊ីមិនអាចធ្វើបានទេកុំបង្ខំអី។ យើងអាចព្យាយាមម្ដងទៀតក្នុងរយៈពេលប៉ុន្មានសប្ដាហ៍បន្ទាប់នៅពេលដែលបេប៊ីរួចរាល់នឹងធ្វើវា។
៣. សាកល្បងញ៉ាំអាហារដោយខ្លួនឯង
អាហារដែលងាយស្រួលញ៉ាំដោយប្រើស្លាបព្រា គឺអាហាររាវខាប់ៗជាជម្រើសដ៏ល្អ និងអាហាររឹងប៉ុនគ្រាប់សណ្ដែកដូចជាឈីស ចេកស្វាយ និងអាហារទន់ៗប៉ុនកូនឃ្លី ដូចជានំប៉័ងទន់ៗជាដើម។
ប៉ុន្តែការញ៉ាំដោយខ្លួនឯងក៏អាចនាំមកនូវហានិភ័យផងដែរដូចជាការខក់ ឬស្លាក់។ អាហារខ្លះមានលក្ខណៈរឹងដែលបេប៊ីពិបាកញ៉ាំមានដូចជាអាហារគ្រាប់ៗមូលៗ បន្លែស្រស់ៗ ឬដុំសាច់។ អាហារទាំងអស់នេះមិនរលាយក្នុងមាត់នោះទេដែលអាចស្អិតជាប់នឹងអញ្ចាញធ្មេញ ឬងាយនឹងធ្លាក់ចូលទៅក្នុងបំពង់ខ្យល់។ ប៉ាម៉ាក់គួរតែបង្ការការខក់នេះឲ្យបាន។
[embed-health-tool-vaccination-tool]