កាល់ស្យូមគឺជាជាតិរ៉ែសំខាន់ ជាពិសេសសម្រាប់សុខភាពឆ្អឹង។ រាងកាយត្រូវការកាល់ស្យូមដើម្បីរក្សាលំនឹងសម្ពាធឈាម រក្សាលំនឹងអ័រម៉ូន និងបញ្ជូនសញ្ញាសរសៃប្រសាទត្រឹមត្រូវ។ នៅពេលរាងកាយទទួលបានជាតិកាល់ស្យូមមិនគ្រប់គ្រាន់ យើងអាចនឹងមានរោគសញ្ញាមួយចំនួនដូចខាងក្រោម៖
១.ស្បែកស្ងួត
កង្វះជាតិកាល់ស្យូមអាចមើលដឹងតាមរយៈសភាពស្បែក។ នៅពេលរាងកាយខ្វះជាតិកាល់ស្យូម ស្បែកនឹងឡើងស្ងួត និងបែកស្រកា។ ក្រៅពីនេះកង្វះជាតិកាល់ស្យូមមានទំនាក់ទំនងនឹងការកើតមានបញ្ហាស្បែកដូចជាជំងឺត្រអក (eczema) និងជំងឺស្បែក Psoriasis។
២. អស់កម្លាំង
ការទទួលបានកាល់ស្យូមមិនគ្រប់គ្រាន់អាចប៉ះពាល់សុខភាព។ ដូចនេះប្រសិនជាយើងមានអារម្មណ៍ហត់ អស់កម្លាំង និងអារម្មណ៍ស្ពឹកស្រពន់ យើងគួរបន្ថយការផឹកភេសជ្ជៈប៉ូវកម្លាំង និងងាកមកយកចិត្តទុកដាក់លើរបបអាហារជំនួសវិញ។
៣. ជំងឺបាក់ទឹកចិត្ត
កាល់ស្យូមគឺសំខាន់ក្នុងការគ្រប់គ្រងអារម្មណ៍ ព្រោះកាល់ស្យូមជាថ្នាំរំងាប់អារម្មណ៍ធម្មជាតិដែលមានឥទ្ធិពលដល់ការបន្ធូរអារម្មណ៍។ ហេតុនេះហើយ យើងញ៉ាំជាតិកាល់ស្យូមតិច យើងនឹងមានភាពតានតឹង និងឆាប់ខឹង។
៤. ការគេងមិនលក់
បើរាងកាយខ្វះជាតិកាល់ស្យូម យើងអាចនឹងមិនអាចគេងលក់ស្ងប់ស្កល់។ បញ្ហានេះមានទំនាក់ទំនងផ្ទាល់នឹងតួនាទីរបស់កាល់ស្យូមក្នុងការបង្កើតអ័រម៉ូន melatonin ដែលជាអ័រម៉ូនជួយឲ្យគេងលក់ស្ងប់។
៥. អាការៈ ស្ពឹក
អាការៈស្ពឹករួមបញ្ចូលរោគសញ្ញាសរសៃប្រសាទទាក់ទងនឹងកង្វះជាតិកាល់ស្យូមធ្ងន់ធ្ងរ។ យើងអាចនឹងជួបប្រទះបញ្ហាមួយចំនួនដូចជាឈឺឆ្កៀបៗ និងស្ពឹកនៅជុំវិញមាត់ ឬនៅក្នុងម្រាមដៃ និងម្រាមជើង ញ័រសាច់ដុំ កាយវិញ្ញាណចុះខ្សោយ ការចងចាំចុះខ្សោយ និងរវើរវាយ។
៦. ឈឺញឹកញាប់
កាល់ស្យូមគឺមានតួនាទីសំខាន់ក្នុងការរក្សាប្រព័ន្ធភាពស៊ាំក្នុងការប្រឆាំងនឹងមេរោគ និងបាក់តេរី។ កង្វះជាតិកាល់ស្យូមបន្ថយការប្រឆាំងរបស់រាងកាយទៅនឹងមេរោគ ហើយយើងនឹងមានជំងឺផ្ដាសាយ ក្អក និងកណ្ដាស់ញឹកញាប់។
៧. ក្រចកផុយស្រួយ
ក្រចកដូចឆ្អឹងដែរត្រូវការកាល់ស្យូមដើម្បីរក្សាភាពរឹងមាំ។ ហេតុនេះហើយបើខ្វះជាតិកាល់ស្យូម ក្រចកនឹងទៅជាស្ងួតខ្លាំង ស្តើង និងងាយរបក។ ក្រចកស្ដើងងាយនឹងបាក់ដោយគ្រាន់ធ្វើសកម្មភាពប្រចាំថ្ងៃដែលសាមញ្ញៗ។
៨. ពិបាកលេបអាហារ
អាការៈពិបាកលេបអាហារនេះអាចបណ្ដាលមកពីកង្វះជាតិកាល់ស្យូមដែរ។ យើងអាចនឹងមានអារម្មណ៍តឹងណែនដែលបណ្ដាលមកពីការចុះខ្សោយនៃការកន្ទ្រាក់សាច់ដុំនៅបំពង់ក។ ក្នុងករណីធ្ងន់ធ្ងរ អាចនឹងឈានទៅការកន្ទ្រាក់សាច់ដុំនៅបំពង់ក និងមានការផ្លាស់ប្ដូរសំឡេង។
៩. ឈឺធ្មេញ
កាល់ស្យូមភាគច្រើនស្តុកក្នុងឆ្អឹង និងធ្មេញ ដូចនេះហើយឆ្អឹង និងធ្មេញងាយនឹងទទួលរងបញ្ហាខ្វះជាតិកាល់ស្យូម។ ប្រសិនជារាងកាយខ្វះសារធាតុនេះ ធ្មេញរបស់យើងនឹងចាប់ផ្ដើមទៅជាពណ៌លឿង ពុក និងឈឺចាប់។ បន្ថែមពីនេះទៀត ហានិភ័យជំងឺអញ្ចាញធ្មេញក៏កើនឡើងដែរ។
១០. រមួលក្រពើ
អាការៈរមួលក្រពើនៅភ្លៅ ស្មងជើង ដៃ និងក្លៀកភាគច្រើនកើតនៅពេលយប់អាចជារោគសញ្ញាដំបូងនៃកង្វះជាតិកាល់ស្យូម។ អាការៈរមួលក្រពើនេះអាចកើតមានអមដោយការឈឺសាច់ដុំពេលដើរ និងអាចរមួលក្រពើពេញរាងកាយ។
វិធីព្យាបាលកង្វះជាតិកាល់ស្យូម
មានវិធីជាច្រើន ដើម្បីព្យាបាលបញ្ហាកង្វះជាតិកាល់ស្យូម។ យើងអាចញ៉ាំថ្នាំបំប៉ន ដើម្បីបង្គ្រប់ជាតិកាល់ស្យូម ដែលរាងកាយត្រូវការជាចាំបាច់ តែជាការល្អត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។
ក្រៅពីនេះ ក៏នៅមានវិធីសាស្ត្រធម្មជាតិ ធ្វើឲ្យជាតិកាល់ស្យូមកើនឡើង ដូចជា៖
– បន្លែបៃតង មាន ដើមភ្លៅកង្កែប កូនស្ពៃ និងស្លឹកសណ្ដែក សុទ្ធតែមានផ្ទុកកាល់ស្យូមជាច្រើន ហេតុនេះយើងគួរញ៉ាំបន្លែទាំងអស់នោះឲ្យបានច្រើន។
– គ្រាប់ធញ្ញជាតិម្យ៉ាង ហៅថា Millet និងគ្រាប់ល្ង ត្រូវគេរកឃើញថា មានផ្ទុកជាតិកាល់ស្យូមជាច្រើន យើងគួរញ៉ាំប្រភេទអាហារទាំងនេះ ឲ្យបានច្រើន។
– ចំពោះផ្លែឈើវិញយើងគួរញ៉ាំផ្លែឈើឲ្យបានច្រើនដូចគ្នា ជាពិសេសផ្លែឈើ មានផ្ទុកវីតាមីន C ច្រើន។
អត្ថបទពាក់ព័ន្ធ៖
- ទម្លាប់អាក្រក់មួយចំនួន បណ្ដាលឲ្យពុកឆ្អឹងទាំងនៅវ័យក្មេង
- អ្នកញ៉ាំគ្រាប់ជីរនឹងសប្បាយចិត្ត បើដឹងពីអត្ថប្រយោជន៍ច្រើនទាំងនេះ
- ក្មេងៗមានសញ្ញាទាំងនេះ បញ្ជាក់ថាខ្វះជីវជាតិហើយ!
- ខ្វះសារធាតុចិញ្ចឹមសំខាន់ពីរមុខនេះ ឆ្អឹងកូនខ្សោយ អត់មាំ អន់កម្ពស់ ឯធ្មេញក៏មានបញ្ហា
- កាល់ស្យូមល្អសម្រាប់ក្មេង បើខ្វះច្បាស់ជាមានបញ្ហាឆ្អឹងធ្ងន់ធ្ងរ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]