ទម្លាប់រស់នៅល្អទាំងនេះ ធានាថាអាចជួយសម្រកទម្ងន់ សុខភាពកាន់តែល្អ

ដោយ ត្រួតពិនិត្យដោយ គឹម កាណែល

រឿង​ឡើង​គីឡូ​ទប់មិន​ឈ្នះ ជា​ក្តី​បារម្ភ​សម្រាប់​មនុស្ស​សម័យ​នេះ គ្នា​យើង​ខ្លះ​ព្យាយាម​ហាត់​ប្រាណ តម​អាហារ ញ៉ាំតែ​អាហារ​សុខភាព ប៉ុន្តែ​នៅ​តែ​មិន​អាច​ធ្វើ​ឲ្យ​គីឡូស្រក​បាន ខ្លាញ់​ក្បាល​ពោះ​កាន់​តែ​ច្រើន ហើយ​មូល​ហេតុ​ អាច​ដោយ​សារ​មិនមាន​តិច​និក​បញ្ចុះ​ជាតិ​ខ្លាញ់​ជាក់​លាក់។ ប៉ុន្តែ​ឈប់​បារម្ភ​ទៀតទៅ “Hello គ្រូពេទ្យ” នឹង​ណែនាំ​គ្នា​យើង​ពី​​ទម្លាប់​រស់​នៅសាមញ្ញ តែ​មាន​សុខភាព​ល្អ ថែម​ទាំង​អាច​សម្រក​ខ្លាញ់​បាន​ទៀតផង។

១- ហាត់ប្រាណរៀងរាល់ថ្ងៃ

យើង​អាច​​ចំណាយ​ពេល​ហាត់​ប្រាណ​រៀង​រាល់​ថ្ងៃ​ ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ពី ១៥-២០​ នាទី ដោយ​​អាច​ហាត់​បែប​ពង្រឹង​សរសៃ​ឈាម​បេះ​ដូង និង​ហាត់​បែបធ្ងន់​ៗ​ក៏​បាន។ ​អាច​ក្រោក​ពី​គេងឲ្យ​​លឿន​ជាង​រាល់​ដង ២០​នាទី​ ដើម្បី​ហាត់​ប្រាណ ឬ​អាច​ហាត់​ប្រាណ​នៅ​ចន្លោះ​ម៉ោង​បាយ​ថ្ងៃ​ត្រង់។ មិន​ថា​ពេល​ណា​ក៏​ដោយ ​បើ​យើង​សម្រេច​ចិត្ដ​ហាត់​នៅ​ម៉ោង​នោះ​ជា​ប្រចាំ រៀង​​រាល់​ថ្ងៃ នោះ​នឹង​ក្លាយ​ទៅ​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​មួយ​សម្រាប់​យើង។

​អាច​ហាត់​ប្រាណ​បែប​សាមញ្ញ​ ​ដូច​ជា ​បន្ទន់​ជង្គង់ អាវ៉ង់ អង្គុយ​ចោង​ហោង ឬ​ហាត់​ប្រាណ​មួយ​ចំនួន​ផ្សេង​ទៀត​នៅ​ផ្ទះ​ មុន​ពេល​ចេញ​មក​ធ្វើ​ការក៏​បាន​។ គ្នា​យើង​ ​ក៏​អាច​ហាត់​ប្រាណ​ជាមួយ​អ្នក​ជិត​ខាង ដោយរត់​ ឬ​ដើរ​ត្រឹក​ៗ​ជុំ​វិញ​សួនច្បារ​​រាល់​ព្រឹក ដើម្បី​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​បាន​ទៀត​ផង។

ការ​ហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ អាច​ជួយ​ឲ្យ​មាន​បម្រែ​បម្រួល​ក្នុង​រាង​កាយ និងរបៀប​រាង​កាយ​យើង​ប្រើ​ប្រាស់​កាឡូរី។ ការ​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក ​ធ្វើ​ឲ្យ​មាន​ការ​ចាប់​ផ្ដើម​ដំណើរការ​នៃ​ដង​ខ្លួន ដោយ​មាន​បញ្ចេញ​អ័រម៉ូនអង់​ដូហ្វីន​ ធ្វើ​ឲ្យ​អារម្មណ៍​ល្អ និង​ស្រស់​ស្រាយ​ក្នុង​ចិត្ដ ហើយ​ក៏​ជា​កត្តា​ល្អ​បំផុត​មុនយើង​ចេញ​ទៅ​ធ្វើ​កិច្ច​ការ​ប្រចាំ​ថ្ងៃ។ ​​អាច​បង្កើន​សាច់​ដុំ ​ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​ប្រសិទ្ធ​ភាពដំណើរ​ការ​​ដង​ខ្លួន ​ធ្វើ​ឲ្យ​យើង​​មិន​ចាំ​បាច់​ត្រូវ​តម​អាហារ​ពេក​នោះដែរ។

២- ញ៉ាំអាហារត្រឹមត្រូវ

អាច​បង្កើត​ពាក្យ​ស្លោក​មួយ​ឃ្លា​សម្រាប់​ខ្លួន​ឯង​ថា យើង​គ្រប់​គ្នា​ច្បាស់​ជា​មិន​ធាត់​ទេ បើ​​ទាំង​អស់​គ្នា​ប្ដូ​រមក​ញ៉ាំ​បន្លែ នឹង​អាហារ​ពិត​ប្រាកដ​ដូច​ជា​អាហារ​បែប​ធម្មជាតិ​ជា​ដើម។ ដោយ​សារ​ការ​កើន​ឡើង​​ប្រភេទ​អាហារ​បែប​កែ​ច្នៃ​កាន់​តែ​ច្រើន​លើ​ទី​ផ្សារ នាំ​ឲ្យ​មនុស្ស​ជាង ៦៦% នៅ​បណ្តា​ប្រទេស​លោក​ខាង​លិច​ មាន​បញ្ហា​ធាត់​លើស​ទម្ងន់។ ដូច​នេះ​ រាល់​ពេល​យើង​ចេញ​ទៅ​ញ៉ាំ​អី​ក្រៅ​ម្ដង​ៗ ​គួរ​សួរ​ខ្លួន​ឯង​ថា អាហារ​យើង​​ចង់​ញ៉ាំ​ទាំង​នេះ​ ជា​អាហារ​ពិត​ប្រាកដ ឬ​អាហារ​កែ​ច្នៃ?

អត្ថបទ​ពាក់​ព័ន្ធ៖

៣- ញ៉ាំអាហារឲ្យទៀងពេល

ម៉ោង​ពេល​​ត្រូវ​ញ៉ាំ​អាហារ​ ក៏​សំខាន់​ដូច​គ្នា​ទៅ​នឹង​អាហារយើងញ៉ាំ​ដែរ។ រាងកាយ​យើងត្រូវ​ការ​ថាម​ពល​សម្រាប់​ដុតជាតិ​ខ្លាញ់ ដូច​នេះ​​បើ​មិន​ញ៉ាំ​អី​ទេ ដំណើរ​ក្នុង​ខ្លួន​នឹង​ចុះ​ទាប។ ការ​ញ៉ាំ​អាហារ​បាន​ទៀង​ទាត់​ ជា​រៀង​រាល់​ថ្ងៃ និង​ជួយ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ខ្លួន​នៅ​ធម្មតា ហើយ​ការពារ​កុំ​ឲ្យ​ថាម​ពល​ និង​ការ​ផ្ចង់​អារម្មណ៍​របស់​យើង​ធ្លាក់​ចុះ​ភ្លាម​ៗ​បាន។ ​អាហារ​ពេល​ព្រឹក ​មាន​ជាតិ​ស្ករ​ទាប នឹង​ជួយ​ផ្ដល់​ថាម​ពល​ដល់​ដង​ខ្លួន​​បង្កើត​ជា​ប្រព័ន្ធ​រំលាយ​ខ្លាញ់​ក្នុង​ខ្លួន​បាន​ទៀត​ផង។

៤​- គេងឲ្យស្កប់

គេង​ ជា​រឿង​ដ៏​សំខាន់​មួយ​សម្រាប់​ទ្រទ្រង់​សុខភាព​យើង​ទាំង​អស់​គ្នា ហើយ​ចំណុច​សំខាន់​ចំនួន​ ៣ ​ផ្សេង​ៗ​ទៀត​ មាន​ដូច​ជា ញ៉ាំ​អាហារ​ល្អ​សម្រាប់​សុខភាព​ល្អ ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ និង​គិត​អ្វី​បែប​វិជ្ជមាន​ឲ្យ​បាន​ច្រើន។ បើអាច​ប្រកាន់​ភ្ជាប់​រាល់​សកម្មភាព​ទាំង ៤​ នេះ​បាន​ល្អ នោះ​​ប្រហែលយើង ​មិន​ចាំ​បាច់​ត្រូវ​ទៅ​ស្គាល់​ពេទ្យនោះ​ដែរ។

ព្យាយាម​ចូល​គេង​ឲ្យ​បាន​ទៀង​ម៉ោង​រៀង​រាល់​យប់ ត្រូវ​ព្យាយាម​គេង​ឲ្យ​ស្កប់​ក្នុង​រយៈ​ពេល ៨​ម៉ោង និង​ត្រូវ​ប្រាកដ​ថា ចូល​គេង​មុន​ពេល​យប់​ជ្រៅ ដើម្បី​ផ្ដល់​ពេល​គ្រប់​គ្រាន់​សម្រាប់​ឲ្យ​ការ​សម្អាត​ជាតិ​ពុល​ក្នុង​ខ្លួន​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 17, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 18, 2019

អ្នកអាចចូលចិត្ត