ជំងឺមួយចំនួនបង្កដោយការឆ្លងបាក់តេរីទៅក្នុងរាងកាយ ប៉ុន្តែរោគសញ្ញាគឺមានភាពខុសគ្នាទៅតាមកន្លែងដែលឆ្លងបាក់តេរី។ ហេតុនេះហើយអត្ថបទនេះនឹងបង្ហាញពីរោគសញ្ញានៃការឆ្លងបាក់តេរីទៅតាមផ្នែកផ្សេងៗនៃរាងកាយ។
១. ការឆ្លងបាក់តេរីនៅក្រពះពោះវៀន
ទោះបីជាបាក់តេរីផ្សេងគ្នាតែងបង្ករោគសញ្ញាផ្សេងទៀត ប៉ុន្តែរោគសញ្ញាទូទៅរួមមានការឈឺចាប់នៅពោះ ចង្អោរ ក្អួត បាត់បង់ចំណង់អាហារ បន្ទោរបង់ញឹកញាប់ រាករូស រលាកពោះវៀនធំ និងគ្រុនក្ដៅ។
២. ការឆ្លងបាក់តេរីនៅប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើ
ការឆ្លងបាក់តេរីនៅប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើរួមមានច្រមុះ និងតំបន់ប្រហោងឆ្អឹងច្រមុះ(Sinus)។ នៅពេលតំបន់ប្រហោងឆ្អឹងច្រមុះឆ្លងបាក់តេរី ឬវីរុសអាចនឹងបង្កឲ្យមានការរលាកតំបន់នោះ និងមានរោគសញ្ញាដូចជាហៀរសម្បោរ ស្លេស្មនៅបំពង់កច្រើន ឈឺក្បាល ឈឺចាប់នៅមុខ ឈឺក ក្អក និងក្លិនមាត់មិនល្អ។
៣. ការឆ្លងបាក់តេរីនៅប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងក្រោម
ប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងក្រោមរួមមានបំពង់ខ្យល់ ទងសួត និងសួត។ ការឆ្លងបាក់តេរីដែលគេតែងជួបប្រទះគឺជំងឺរលាកសួតបង្កដោយបាក់តេរី។ រោគសញ្ញានៃជំងឺរលាកសួតរួមមានក្អកដែលអាចស្លេស្មពណ៌លឿង បៃតង ឬឈាម ដកដង្ហើមខ្លីៗ និងញាប់ៗ ឈឺចាប់នៅទ្រូង ពិបាកដកដង្ហើម គ្រុនក្ដៅ គ្រុនរងា អស់កម្លាំង ចង្អោរ និងក្អួត។
![]()
៤. ការឆ្លងបាក់តេរីនៅត្រចៀក
ការឆ្លងមេរោគនៅត្រចៀកអាចកើតមាននៅត្រចៀកផ្នែកខាងក្នុង កណ្ដាល និងខាងក្រៅ។ រោគសញ្ញានៃការឆ្លងមេរោគនៅត្រចៀកមានការឈឺចាប់ និងណែនផ្នែកខាងក្នុងនៃត្រចៀក មានទឹកចេញពីត្រចៀក រមាស់ រលាកនៅជុំវិញត្រចៀក បាត់បង់ការឭខ្លះ គ្រុនក្ដៅ និងអស់កម្លាំង។
៥. ការឆ្លងបាក់តេរីនៅបំពង់ក
ពួកបាក់តេរី Streptococcus អាចបង្កឲ្យមានការឆ្លងមេរោគនៅបំពង់កដែលគេហៅថា Strep Throat និងបង្ករោគសញ្ញាដូចជាឈឺក ឈឺចាប់ពេលលេបអាហារ ហើមកូនកណ្ដុរ (lymph nodes) និងគ្រុនក្ដៅ។
៥. ការឆ្លងបាក់តេរីនៅទ្វារមាស
ការឆ្លងបាក់តេរីនៅទ្វារមាសតែងកើតមានលើស្ត្រីអាយុពី១៥-៤៤ឆ្នាំ។ រោគសញ្ញានៃការឆ្លងបាក់តេរីនៅទ្វារមាសរួមមានធ្លាក់ស ឈឺចាប់ រមាស់ ក្រហាយនៅផ្នែកខាងក្នុងនៃទ្វារមាស និងក្រហាយពេលនោម។
៦. ការឆ្លងបាក់តេរីនៅស្បែក
ការឆ្លងមេរោគនៅស្បែកភាគច្រើនបង្កដោយបាក់តេរីចូលទៅក្នុងរាងកាយតាមរយៈការរលាត់ស្បែក។ ការឆ្លងមេរោគនៅស្បែកដែលគេតែងជួបប្រទះគឺ cellulitis និងimpetigo។ Cellulitis គឺការឆ្លងមេរោគស្បែកដែលបាក់តេរីឆ្លងទៅក្នុងស្រទាប់ក្នុងរបស់ស្បែក និងតែងកើតមានលើដៃ។ រោគសញ្ញារួមមានហើម ឈឺចាប់ មានពងបែក របួសក្រជាសះស្បើយ គ្រុនក្ដៅ គ្រុនរងា និងហើមកូនកណ្ដុរ។ ចំណែកឯ Impetigo ជាការឆ្លងបាក់តេរីនៅលើស្បែកដែលតែងកើតលើមុខ ដៃ និងផ្នែកផ្សេងៗនៃរាងកាយ។ Impetigo អាចបង្កឲ្យការរមាស់ និងឈឺដែលបង្កឲ្យទឹកថ្លាៗហៀរចេញមក និងមានរោគសញ្ញាផ្សេងទៀតដូចជាហើមកូនកណ្តុរ គ្រុនក្ដៅ និងអស់កម្លាំង។
៧. ការឆ្លងបាក់តេរីក្នុងឈាម
ការឆ្លងបាក់តេរីដែលធ្ងន់ធ្ងរ ឬមិនបានទទួលការព្យាបាលអាចបង្កឲ្យប្រព័ន្ធភាពស៊ាំមានការឆ្លើយតបខ្លាំងដែលគេហៅថា Sepsis (ករណីមានបាក់តេរីនៅក្នុងឈាម) ។ នេះអាចបណ្ដាលមកខូចខាតជាលិកា សរីរាង្គចុះខ្សោយ និងអាចស្លាប់ទៀត។ រោគសញ្ញានេះករណីនេះមានគ្រុនក្ដៅ ឬគ្រុនរងា ចង្វាក់បេះដូងកើនឡើង ពិបាកដង្ហើម មានការឈឺចាប់ខ្លាំង និងរវើរវាយ។
[embed-health-tool-bmi]




















