ពេលអាកាសធាតុត្រជាក់ ម្នាក់ៗងាយនឹងកើតផ្តាសាយណាស់ ដោយហេតុថា វីរុសផ្តាសាយអាចរស់បានយូរនៅក្នុងបរិយាកាសត្រជាក់។ នេះជាអ្វីដែលយើងត្រូវដឹងពីជំងឺផ្តាសាយធំ ដែលឧស្សាហ៍កើតមានលើមនុស្សគ្រប់វ័យ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ពេលអាកាសធាតុត្រជាក់ ម្នាក់ៗងាយនឹងកើតផ្តាសាយណាស់ ដោយហេតុថា វីរុសផ្តាសាយអាចរស់បានយូរនៅក្នុងបរិយាកាសត្រជាក់។ នេះជាអ្វីដែលយើងត្រូវដឹងពីជំងឺផ្តាសាយធំ ដែលឧស្សាហ៍កើតមានលើមនុស្សគ្រប់វ័យ។
ជំងឺផ្តាសាយធំបង្កឡើងដោយវីរុស ហើយរោគសញ្ញាសំខាន់ៗរួមមាន ក្តៅខ្លួន ក្អក ឈឺក ហៀរសម្បោរ តឹងច្រមុះ ព្រឺរងារ អស់កម្លាំង ឈឺក្បាល ឈឺខ្លួន ដែលចង្កោមនៃរោគសញ្ញាទាំងនោះស្រដៀងនឹងជំងឺកូវីដ ១៩ ដែរ។
បើតាមអង្គការសុខភាពពិភពលោក (WHO) អ្នកដែលប្រឈមខ្លាំងនឹងការឆ្លងផ្តាស្តាយធំ រួមមាន ស្ត្រីពពោះ ក្មេងអាយុក្រោម ៥ឆ្នាំ មនុស្សចាស់ វ័យ៦៥ឆ្នាំឡើង មនុស្សដែលមានជំងឺប្រចាំកាយរ៉ាំរ៉ៃ ដូចជា អេដស៍ ហឺត បេះដូង សួត និងជំងឺទឹកនោមផ្អែម។
ផ្តាសាយបង្កដោយវីរុសផ្តាសាយជាច្រើនប្រភេទ ហើយអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សទៀតបានយ៉ាងលឿន តាមរយៈការក្អក ឬកណ្តាស់ ហើយយើងអាចកើតជំងឺនេះម្ដងហើយម្ដងទៀត។ ជាធម្មតា ជំងឺផ្តាសាយបង្ករោគសញ្ញានៅក្នុងច្រមុះ និងបំពង់ក។ បើមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បញ្ជាក់ថា មនុស្សភាគច្រើន ជាសះស្បើយពីផ្ដាសាយអំឡុងពី ៧-១០ថ្ងៃ។
ដូចគ្នានឹងជំងឺកូវីដ ១៩ ដែរ ការបង្ការការចម្លងជំងឺផ្លូវដង្ហើមមួយនេះ មានតែការធ្វើអនាម័យ ដោយលាងសម្អាតដៃឲ្យបានញឹកញាប់ ពាក់ម៉ាសការពារ នៅពេលក្អក ឬកណ្តាស់ត្រូវប្រើកន្សែង ឬក្រដាសមកខ្ទប់ច្រមុះ និងមាត់។ ចំពោះមធ្យោបាយ ដើម្បីគ្រប់គ្រងផ្ដាសាយ ដោយការសម្អាតរាងកាយពីការផ្ទុកមេរោគឲ្យបានលឿន និងមានប្រសិទ្ធភាពនោះ អ្នកជំងឺផ្តាសាយធំត្រូវ៖
– ផឹកទឹកឲ្យបានច្រើន
– សម្រាកឲ្យបានច្រើន
– ផឹកទឹកក្ដៅឧណ្ហៗ ឬញាំស៊ុបក្ដៅៗ
– ខ្ពុរទឹកអំបិល
– ផឹកថ្នាំបំបាត់គ្រុនរងា និងថ្នាំបំបាត់ការឈឺចាប់។
ជាចំណុចសំខាន់បំផុតគ្នាយើងត្រូវដឹង ថ្នាំផ្សះ (Antibiotic) មិនអាចសម្លាប់វីរុសបានទេ ខណៈជំងឺផ្តាសាយ គឺបង្កដោយវីរុស មិនបាក់តេរីនោះទេ នេះបើតាមការបញ្ជាក់របស់ឱសថការី សេត ច័ន្ទកក្កដា បង្រៀននៅសាកលវិទ្យាល័យអន្តរជាតិ។ថ្នាំអង់ទីប៊ីយ្យូទិក ឬថ្នាំផ្សះជាឱសថប្រឆាំងមេរោគ មានតួនាទីសំខាន់ក្នុងការសម្លាប់បាក់តេរីប៉ុណ្ណោះ ថ្នាំប្រភេទនេះប្រើមិនត្រឹមត្រូវ ឬប្រើដោយគ្មានវេជ្ជបញ្ជាអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅវិញ។
បច្ចុប្បន្នមានវ៉ាក់សាំងការពារជំងឺផ្តាសាយធំហើយ វិធីល្អបំផុតក្នុងបង្ការមិនកើត ឬឆ្លងជំងឺផ្តាសាយធំ អង្គការសុខភាពពិភពលោកណែនាំឲ្យចាក់វ៉ាក់សាំងការពារ ១ឆ្នាំ/ម្តង។ មួយវិញទៀតវ៉ាក់សាំងនេះការពារបានតែផ្ដាសាយធំមួយមុខប៉ុណ្ណោះ ហើយកុំឆ្ងល់ថា ហេតុអ្វីបានជាចាក់រួច តែនៅមានឈឺជំងឺនេះដដែល ព្រោះមេរោគផ្ដាសាយមានច្រើនប្រភេទខ្លាំងណាស់ តែផ្ដាសាយធំជាប្រភេទធ្ងន់ធ្ងរជាងគេ ទើបយើងចាំបាច់ត្រូវចាក់ឲ្យបានទៀងទាត់។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕