តិចនិកបែងចែកឲ្យដាច់ អាការៈក្ដៅខ្លួនដោយសារគ្រុនឈាម និងកូវីដ-១៩

    តិចនិកបែងចែកឲ្យដាច់ អាការៈក្ដៅខ្លួនដោយសារគ្រុនឈាម និងកូវីដ-១៩

    រដូវ​វស្សា​ចូល​មក​ដល់ មាន​ន័យ​ថា ការ​រីក​រាល​ដាល​នៃ​ជំងឺ​គ្រុនចាញ់ និង​គ្រុន​ឈាម​ក៏​កំពុង​កើន​ឡើង​ដែរ។ ស្រប​ពេល​ការ​កើត​ជំងឺ​គ្រុនឈាម ឬ​គ្រុនចាញ់​ជា​បញ្ហា​ទូទៅ ប៉ុន្តែ​ស្ថិត​ក្នុង​សម័យ​កូវីដ-១៩ យើង​អាច​ពិបាក​បែងចែក​រោគ​សញ្ញា​នៃ​ជំងឺ​ទាំង​ពីរ​ឲ្យ​ដាច់​ពី​គ្នា​ព្រោះ​អាការៈ​ខ្លះ​មាន​ភាព​ស្រដៀង​គ្នា​ខ្លាំង​ដូច​ជា ក្ដៅ​ខ្លួន​ជាដើម។

    ជា​រៀង​រាល់​ឆ្នាំ​នៅ​រដូវ​វស្សា យើង​ឃើញ​មាន​ការ​កើន​ឡើង​នូវ​ករណី​ជំងឺ​គ្រុនចាញ់ ជំងឺ​លីពតូស្ពីរ៉ូហ្សី (leptospirosis) ជំងឺ​ខាន់លឿង និង​ជំងឺ​គ្រុន​ឈាម។ ជំងឺ​ទាំង​នេះ​មាន​រោគសញ្ញា​ស្រដៀង​គ្នា​ដូចជា គ្រុន​ក្តៅ រាករូស ក្អក ឈឺក្បាល និង​ឈឺ​សន្លាក់។ល។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត Sharat Kolke គ្រូពេទ្យ​ជាន់​ខ្ពស់​នៃ​មន្ទីរពេទ្យ Kohinoor ប្រទេស​ឥណ្ឌា។

    ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​ជំងឺ​ឆ្លង​ក្នុង​រដូវ​វស្សា​ទាំង​នេះ រោគ​សញ្ញា​នៃ​ជំងឺ​នីមួយ​ៗ​ត្រូវ​មាន​ការ​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ជំងឺ​គ្រុនឈាម​មាន​រោគ​សញ្ញា​ទូទៅ​ គឺ គ្រុន​ក្ដៅ​ខ្លាំង​ភ្លាមៗ ចង្អោរ ក្អួត ឈឺ​រាងកាយ​ធ្ងន់ធ្ងរ ចំនួន​ផ្លាកែត​ទាប និង​ឡើង​កន្ទួល។ ល។ ក្នុង​ករណី ជំងឺ​គ្រុន​ឈីក​អាច​មាន​ការ​ឈឺ​សន្លាក់​ធ្ងន់ធ្ងរ ឈឺ​ចង្កេះ ឈឺ​ខាង​ក្រោយ​ភ្នែក និង​គ្រុន​ញាក់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ រោគ​សញ្ញា​បន្ថែម​ដូច​ជា ក្អក បាត់បង់​ក្លិន ឬ​រសជាតិ ឈឺ​បំពង់ក អាច​ជួយ​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​កូវីដ-១៩ បាន​ច្បាស់។

    យើង​គួរ​តែ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ប្រសិន​បើ​អាការៈ​គ្រុន​ក្ដៅ​មិន​ធូរ​ស្រាល​ក្នុង​រយៈ​ពេល ២-៣ ថ្ងៃ។ ប្រសិន​បើ​​យើង​ក្ដៅ​ខ្លួន​ផង បូក​រួម​ជា​មួយ​នឹង​ការ​ញាក់ កន្ទួល ឈឺក្បាល គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត និង​ព្យាបាល​ឲ្យ​បាន​លឿន។ រោគ​សញ្ញា​ទាំង​នេះ​អាច​បណ្ដាល​មក​ពី​ជំងឺ​គ្រុនចាញ់ ឬ​គ្រុនឈាម។ ដើម្បី​ការពារ​ខ្លួន​ពី​ការ​ឆ្លង​មេរោគ យើង​អាច​អនុវត្ត​តាម​តិចនិក​ខាង​ក្រោម​ដូច​ជា៖

    ១. សម្អាត​ជម្រក​សត្វ​មូស​ក្នុង​ផ្ទះ និង​ជុំ​វិញ​ផ្ទះ
    ២. ញ៉ាំ​ទឹក និង​អាហារ​ឆ្អិន​មាន​អនាម័យ
    ៣. ចៀស​វាង​ទៅ​កន្លែង​មនុស្ស​ច្រើន
    ៤. លាង​សម្អាត​ដៃ​ឲ្យ​ស្អាត​ជា​និច្ច
    ៥. ចៀសវាង​យក​ដៃ​ប៉ះ​ច្រមុះ មាត់ ភ្នែក។ល។

    ជំងឺ​គ្រុនឈាម

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 17/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត