លទ្ធផលវ៉ាក់សាំង COVID-19 ចំនួនពីរបានចេញផ្សាយកាលពីថ្ងៃទី២០ ខែកក្កដាថាមានផលវិជ្ជមាន ដោយវ៉ាក់សាំងទាំងនោះអាចភ្ញោចការឆ្លើយតបប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជំងឺដែលគេរំពឹងទុកថាអាចការពារមិនឲ្យឆ្លងជំងឺនេះ។
វ៉ាក់សាំង COVID-19 ទី១គឺបង្កើតដោយសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុនផលិតថ្នាំ AstraZeneca បានចេញផ្សាយលទ្ធផលការតេស្ដសាកល្បងដំណាក់កាលទី១ នៅក្នុងព្រឹត្តិបត្រវិទ្យាសាស្ត្រ The Lancet ថាវ៉ាក់សាំងនេះមានសុវត្ថិភាព និងអាចបង្កើតការឆ្លើយតបប្រព័ន្ធភាពស៊ាំបាន។ វ៉ាក់សាំងនេះអាចបង្កើតអង់ទីករក្នុងរយៈពេល២៨ថ្ងៃ និងកោសិកាប្រព័ន្ធភាពស៊ាំ T-cell ក្នុងរយៈពេល១៤ថ្ងៃ។ ក្រុមអ្នកស្រាវជ្រាវបានតេស្ដមើលអង់ទីកររបស់អ្នកចូលរួមក្រោយពីចាក់វ៉ាក់សាំងហើយ និងរកឃើញថាអ្នកចូលរួមដែលចាក់វ៉ាក់សាំងតែម្ដងភាគច្រើនមានអង់ទីករនេះ ប៉ុន្តែសម្រាប់អ្នកចូលរួមដែលចាក់វ៉ាក់សាំង២ដងសុទ្ធតែមានអង់ទីករក្នុងខ្លួនទាំងអស់។ នេះជាដំណឹងល្អ ព្រោះប្រព័ន្ធភាពស៊ាំមានផ្លូវពីរក្នុងការរក និងប្រឆាំងនឹងវីរុស គឺការឆ្លើយតបរបស់អង់ទីករ និងកោសិកា T របស់ប្រព័ន្ធភាពស៊ាំ។