ក្រោយពីមានរបាយការណ៍ថាអ្នកបានទទួលវ៉ាក់សាំងប្រភេទ AstraZenecaជួបបញ្ហាដុំកំណកឈាម និងបានបណ្ដាលឲ្យមនុស្សនៅអឺរ៉ុបស្លាប់យ៉ាងតិចប្រាំបួននាក់ កាលពីថ្ងៃទី១៧ និងនៅថ្ងៃទី១៨ ខែមីនា នេះទាំងអង្គការសុខភាពពិភពលោក និងនិយ័តករឱសថអឺរ៉ុបអះអាងថាវ៉ាក់សាំង AstraZenecaមានប្រសិទ្ធភាពប្រើប្រាស់ និងមានផលល្អជាងផលរំខាន។
កាលពីថ្ងៃទី១៧ ខែមីនា ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អង្គការសុខភាពពិភពលោកបញ្ជាក់ថា បញ្ហាដុំកំណកឈាមនៅសរសៃវ៉ែន គឺជាមូលហេតុទូទៅធំទីបីនៅលើពិភពលោក ដែលបង្កឲ្យមានជំងឺបេះដូង។ ក្នុងសេចក្ដីថ្លែងការណ៍ដែល អង្គការអន្តរជាតិមួយនេះ ថាមន្ត្រីជំនាញរបស់ខ្លួននឹងបន្តសិក្សាថែមទៀតលើទំនាក់ទំនងរវាងវ៉ាក់សាំងAstraZeneca និងបញ្ហាមានដុំកំណកឈាមនេះ។
យ៉ាងណា អង្គការសុខភាពពិភពលោកបញ្ជាក់ថា ក្នុងពេលជាមួយគ្នានេះខ្លួនយល់ឃើញថាអត្ថប្រយោជន៍បានពីវ៉ាក់សាំង AstraZeneca ខ្ពស់ជាងផលរំខាន និងណែនាំឲ្យប្រទេសនានាបន្តចាក់វ៉ាក់សាំងប្រភេទនេះ។
ដូចគ្នាដែរកាលពីថ្ងៃទី១៨ ខែមីនា និយ័តករឱសថរបស់អឺរ៉ុបបានបញ្ជាក់ថាវ៉ាក់សាំង AstraZeneca មានសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការប្រើប្រាស់។ ការបញ្ជាក់នេះធ្វើឲ្យប្រទេសមួយចំនួននៅអឺរ៉ុបនឹងបន្តការចាក់វ៉ាក់សាំងនេះដល់ពលរដ្ឋខ្លួនឡើងវិញ។
ភ្លាមៗក្រោយពីមានការបញ្ជាក់បែបនេះ ប្រទេសអាល្លឺម៉ង់ បារាំង អ៊ីតាលី និងអេស្ប៉ាញ ថាខ្លួននឹងដំណើរការចាក់វ៉ាក់សាំង AstraZeneca នៅសប្ដាហ៍ក្រោយឡើងវិញ។ ដោយឡែកប្រទេសស៊ុយអែត និងន័រវែស បញ្ជាក់ថាខ្លួននឹងនៅបន្តរង់ចាំការវាយតម្លៃបែបវិទ្យាសាស្រ្តពីអ្នកជំនាញរបស់ខ្លួនសិន។
បើតាមអង្គការសុខភាពពិភពលោកវ៉ាក់សាំងនេះអាចចាក់បានលើមនុស្សចាប់ពីអាយុ១៨ឆ្នាំឡើង និងក៏អាចចាក់បានដែរលើមនុស្សវ័យ៦៥ឆ្នាំឡើង។
ដូចគ្នាដែរ ការសិក្សាកន្លងមករកឃើញថា វ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាពប្រឆាំងកូវីដ១៩ បាន៧៦ភាគរយ សម្រាប់ការចាក់ដូសទី១ និងក្រោយពីបានចាក់ដូសទី២ ប្រសិទ្ធភាពប្រឆាំងកូវីដ១៩ ឡើងដល់៨២ភាគរយ។
[embed-health-tool-bmi]