នៅថ្ងៃទី២៦ ឧសភា ២០២១ នៅខេត្តបាត់ដំបង មានអ្នកស្លាប់ដោយសារជំងឺកូវីដ ១ករណី ជាស្ត្រីវ័យ ៧០ឆ្នាំ រស់នៅភូមិសំរោងស្នោរ ឃុំសំរោងក្នុងស្រុកឯកភ្នំ។
បើតាមការប្រកាសនៅលើផេកមន្ទីរសុខាភិបាលខេត្តបាត់ដំបង ស្ត្រីដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ ១៩ ខាងលើឈ្មោះ ស៊ិន សាវឿនបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត កាលពីថ្ងៃទី២៣ ឧសភា ហើយនេះជាករណីទី១ នៃការស្លាប់របស់អ្នកជំងឺកូវីដ១៩ នៅខេត្តបាត់ដំបង។
បើតាមឱសថបណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង មានអ្នកពាក់ព័ន្ធនឹងស្ត្រីស្លាប់ដោយសារកូវីដ ១៩ ខាងលើចំនួន៤២នាក់ ដែលក្នុងនោះសមាជិកគ្រួសារប៉ះពាល់ ផ្ទាល់ចំនួន១៣នាក់ និងបានធ្វើសំណាករកឃើញវិជ្ជមានកូវីដ១៩ ចំនួន៥នាក់។