ការសិក្សាពីវីរុស Delta ជាច្រើនបានឲ្យដឹងថា បច្ចុប្បន្ន វ៉ាក់សាំងគ្រប់ដូស ឬ២ដូសមានប្រសិទ្ធភាពយ៉ាងហោច ៨៨% បង្ការមិនឲ្យយើងធ្លាក់ខ្លួនឈឺធ្ងន់ដោយសារវីរុសកូវីដ-១៩ ឬវីរុសបំប្លែងថ្មី Delta។ ប៉ុន្តែមនុស្សដែលចាក់វ៉ាក់សាំងតែមួយដូស មានប្រសិទ្ធភាពត្រឹមតែ ៣៣% ការពារខ្លួនពីវីរុសកូវីដ-១៩ ឬវីរុសបំប្លែងថ្មី Delta ប៉ុណ្ណោះ។ អ្នកវិទ្យាសាស្ត្រមួយចំនួន បានបង្ហាញការព្រួយបារម្ភខ្លាំងចំពោះបុគ្គលដែលមិនទាន់បានចាក់វ៉ាក់សាំង និងបុគ្គលដែលបានចាក់ហើយ តែឆ្លងអំឡុងពេល២-៣សប្ដាហ៍ ដែលរាងកាយមិនទាន់មានអង់ទីករការពារខ្លាំងក្លា។
ទោះជាយ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត Vivek Cherian ឯកទេសផ្នែកវេជ្ជសាស្ត្រនៅទីក្រុង Baltimore សហរដ្ឋអាមេរិក យល់ថា យើងមិនគួរបារម្ភខ្លាំងពេកនោះទេ ព្រោះថា វាជារឿងកម្រដែលអ្នកបានចាក់វ៉ាក់សាំង២ដូសរួច នៅតែឆ្លងវីរុសកូវីដ-១៩។ លោកបានឲ្យដឹងទៀតថា បែបនេះដោយផ្អែកលើរបាយការណ៍របស់ CDC អាមេរិក បង្ហាញថាក្នុងចំណោមប្រជាជនអាមេរិកដែលបានចាក់វ៉ាក់សាំងរួចមានតែ ០.០១% ប៉ុណ្ណោះ បានធ្លាក់ខ្លួនឈឺដោយសារ វីរុសកូវីដ-១៩។