យោងតាមអ្នកជំនាញបានឲ្យដឹងថា វីរុសបំប្លែងថ្មី អូមីក្រុងអាចឆ្លងឆាប់រហ័សជាងវីរុសប្រភេទមុនៗទៅទៀត។ ជាក់ស្ដែង វីរុសនេះត្រូវបានកំណត់អត្តសញ្ញាណដំបូងនៅអាហ្វ្រិកខាងត្បូង ហើយឥឡូវនេះ បានរាលដាលទៅដល់ប្រទេសមួយចំនួនផងដែរ។ យ៉ាងណាមិញ នៅពេលដែលវីរុសវិវត្តន៍ រោគសញ្ញាទូទៅបំផុតក៏មានការប្រែប្រួលដូចគ្នា។
រោគសញ្ញាកូវីដថ្មី ដែលពាក់ព័ន្ធនឹងវ៉ារ្យ៉ង់អូមីក្រុង
របាយការណ៍ចុងក្រោយបំផុតពីអ្នកជំនាញ បានព្រមានថា អ្នកដែលឆ្លងវីរុសបំប្លែងថ្មី អូមីក្រុងបង្ហាញរោគសញ្ញាស្រាលនៃការឆ្លង ហើយភាគច្រើនអ្នកជំងឺអាចជាសះស្បើយ ដោយមិនចាំបាច់សម្រាកនៅមន្ទីរពេទ្យឡើយ។ លោកAngelique Coetzee ប្រធានសមាគមវេជ្ជសាស្ត្រអាហ្រ្វិកខាងត្បូង បានមានប្រសាសន៍ថា អ្នកជំងឺទាំងអស់ដែលបានឆ្លងវីរុសប្រភេទថ្មីនេះ មានរោគសញ្ញាដូចខាងក្រោម៖
- អស់កម្លាំងខ្លាំង
- ឈឺសាច់ដុំកម្រិតស្រាល
- រមាស់ក និង
- ក្អកស្ងួត
ទោះជាយ៉ាងណាក្ដី គ្រូពេទ្យក៏បានបញ្ជាក់ផងដែរថា គ្រុនក្ដៅមិនមែនជារោគសញ្ញាទូទៅបំផុតសម្រាប់អ្នកដែលឆ្លងវីរុសបំប្លែងថ្មីនេះឡើយ។
រោគសញ្ញាទូទៅនៃវីរុសកូវីដ-១៩
ថ្វីត្បិតតែមានលេចឡើងរោគសញ្ញាថ្មីៗ គ្នាយើងក៏មិនត្រូវធ្វេសប្រហែសនឹងរោគសញ្ញាទូទៅនៃវីរុសកូវីដប្រភេទមុនៗដែរ ហើយរោគសញ្ញាទាំងនេះ មានដូចជា៖
- គ្រុនក្ដៅ
- ឈឺក
- ភ្នែកក្រហម
- រមាស់ស្បែក
- រាករូស
- ឈឺក្បាលរ៉ាំរ៉ៃ
- បាត់បង់រសជាតិ និងក្លិន។
វ៉ាក់សាំងអាចការពារយើងពីការឆ្លងវីរុសបំប្លែងថ្មី អូមីក្រុងនេះបានទេ?
រហូតមកដល់ពេលនេះ វ៉ារ្យ៉ង់អូមីក្រុង គឺជាវីរុសបំប្លែងថ្មីបំផុតនៃវ៉ារ្យ៉ង់កូវីដ-១៩ ដែលត្រូវបានគេជឿថា មានផ្ទុកបម្រែបម្រួលប្រូតេអ៊ីនតោង (Spike Protein) ចន្លោះពី៤០ដល់៥០ ស្របពេលវ៉ារ្យ៉ង់Delta មានបម្រែបម្រួលប្រូតេអ៊ីនតោងត្រឹមតែ១៨ប៉ុណ្ណោះ ដែលធ្វើឲ្យវីរុសថ្មីនេះ អាចបង្កើនការឆ្លង និងគេចចេញពីភាពស៊ាំរបស់យើងបាន។ នេះមានន័យថា វីរុសបំប្លែងថ្មីអូមីក្រុង មានហានិភ័យខ្ពស់ក្នុងការរាលដាលឆាប់រហ័ស និងអាចកាត់បន្ថយប្រសិទ្ធភាពនៃវ៉ាក់សាំងបច្ចុប្បន្នថែមទៀតផង។
[embed-health-tool-bmi]