បាក់​បែក​ឆ្អឹង​កម្រិតណា ទើប​តម្រូវ​ឱ្យ​​វះកាត់?

    បាក់​បែក​ឆ្អឹង​កម្រិតណា ទើប​តម្រូវ​ឱ្យ​​វះកាត់?

    ភាគ​ច្រើន​ការ​បាក់​បែក​ឆ្អឹង​នៅ​ក្នុងប្រទេសកម្ពុជា​យើងបណ្ដាល​មកពី​គ្រោះ​ថ្នាក់​ចរាចរណ៍​​។ ការ​បាក់​​ឆ្អឹង​ខ្លះ​តម្រូវ​ឱ្យ​អប ឯ​ការ​បាក់បែក​ឆ្អឹង​ខ្លះ​ទៀត​តម្រូវ​ឱ្យ​មាន​ការ​វះ​កាត់​ដើម្បី​ត​ឆ្អឹង​ឡើង​វិញ។ ចុះ​ការ​បាក់​បែក​ឆ្អឹង​ប្រភេទ​ណា​តម្រូវ​ឱ្យ​មាន​ការ​វះកាត់?

    ​ទាក់ទង​នឹង​ចម្ងល់​នេះ​ លោក​វេជ្ជបណ្ឌិត ម៉េង សុខ ឯកទេស​វះកាត់​ឆ្អឹង និង​ប្តូរ​សន្លាក់ នៅ​គ្លីនិក លឹម តាំង​ បាន​ឱ្យ​ដឹង​ថា ​ការ​បាក់បែក​ឆ្អឹង​ដែល​ទាមទារ​ការ​វះកាត់​គឺ​ការ​បាក់បែក​ឆ្អឹង​ដែល​អាច​រំខាន​ដល់​មុខងារ​របស់​អវយវៈ​ដែល​បាក់​នោះ។ មាន​ន័យ​ថា ប្រសិន​ការ​បាក់​បែក​នោះ​គ្រាន់​តែ​ប្រេះ ឬ​ស្រាំ តែ​រូបរាង​ឆ្អឹង​នៅ​ដដែល នោះ​មិន​ទាមទារ​ឱ្យ​មាន​ការ​វះកាត់​ឡើយ។ រី​ឯ​ការ​បាក់​ឆ្អឹង​ដែល​ធ្វើ​ឱ្យ​ឆ្អឹង​ផ្លាស់ទី ​ផ្លាស់​ប្ដូរ​រូបរាង ធ្វើ​ឱ្យ​ការ​ត​ឆ្អឹង​វិញ​អត់​ជាប់ ឬ​រំខាន​ដល់​មុខងារ​អវយវៈ​ត្រូវ​ទាមទារ​ឱ្យ​មាន​ការ​វះកាត់។ បើ​មិន​ដូច្នោះ​ទេ​អវយវៈ​ដែល​បាក់​នោះ​នឹង​មិន​មាន​មុខងារ​ទេ ​គឺ​ស្មើ​នឹង​ពិការភាព។

    តើ​ការ​ព្យាបាល​ការ​បាក់​បែក​ឆ្អឹង​​មាន​ដំណាក់​កាល​អ្វីខ្លះ?

    ​គោលដៅ​ក្នុង​ការ​ព្យាបាល​ការ​បាក់​បែក​ឆ្អឹង​គឺ​ធ្វើ​យ៉ាងម៉េច​ឱ្យ​ឆ្អឹង​ដែល​ព្យាបាល​ហើយ​ជាប់​គ្នា និង​មាន​មុខងារ​ឡើង​វិញ។ វេជ្ជបណ្ឌិត​ឯកទេស​ឆ្អឹង​នឹង៖

    • ​តម្រៀប​ឆ្អឹង​ដែល​បាក់​ឱ្យ​ចូល​សណ្ឋាន​ដើម​វិញ៖ បើ​ឆ្អឹង​របស់​អ្នក​ជំងឺ​ត្រង់ ​គ្រូពេទ្យ​ត្រូវ​តែ​តម្រង់​ឆ្អឹង​ដែល​បាក់​ឱ្យ​ត្រង់​វិញ ហើយ​ត្រូវ​ដាក់​ឱ្យ​ត្រូវ​ត្រេដែល​បាក់​។
    • ត្រូវ​ឱ្យ​ឆ្អឹង​មាន​លំនឹង៖ គ្រូពេទ្យ​អាច​ចាប់​ជាមួយ​ដែក​ទៅតាម​ប្រភេទ​បាក់​របស់​ឆ្អឹង​ដើម្បី​ឱ្យ​ឆ្អឹង​នឹង រួច​អប​ពី​ក្រៅ ហើយ​ចាំ​ឱ្យ​ឆ្អឹង​ដុះ​សិន។
    • ដោះ​ការ​អប​ចេញ៖ រយៈ​ពេល​នៃ​ការ​អប​យូរ​បំផុត​គឺ​ត្រឹម​តែ ១-១ខែ​កន្លះ​ទេ ព្រោះ​បើ​អប​លើស​នឹង​ធ្វើ​ឱ្យ​សរសៃ​ជុំវិញ​សន្លាក់​កន្លែង​ដែល​បាក់​នោះ​រឹង ដូច្នេះ​ឆ្អឹង​អាច​ជាប់​តែ​សន្លាក់​ផ្សេងៗ​ទៀត​រឹង​អស់​ទៅ​ហើយ នឹង​ប្រើ​ការ​លែង​កើត។
    • ធ្វើ​ឱ្យ​ឆ្អឹង​មាន​ចលនា៖ គ្រូពេទ្យ​ឯកទេស​ធ្វើ​ចលនា​នឹង​ណាត់​អ្នក​ជំងឺ​មក​ធ្វើ​ចលនា​រហូត ដើម្បី​តាមដាន​ការ​រីក​ចម្រើន​របស់​អ្នក​ជំងឺ​ និង​រក​មុខងារ​ដើម​របស់​ឆ្អឹង​​មុន​គ្រោះថ្នាក់​ត្រលប់​មក​វិញ។

    ចុះ​យើង​អាច​សម្គាល់​ការ​បាក់​បែក​ឆ្អឹង​តាម​វិធី​ណា?

    ប្រសិន​ជា​ឆ្អឹង​បាក់​ហើយ​លៀន​ចេញ​ក្រៅ យើង​ស្រួល​សង្កេត​ទេ។ តែ​បើ​ក្នុង​ករណី​ផ្សេង យើង​អាច​សង្កេតឃើញ​អាការៈ​ជុំវិញ​តំបន់​ឆ្អឹង​ដែល​បាក់​ដូច​ខាង​ក្រោម៖

    • ហើម ឬ​ជាំឈឺ​ចាប់​ខ្លាំង
    • ពិបាក​កម្រើក/កម្រើក​មិនបាន
    • កោង រមួល ឬ​ខ្លី​ជាង​ធម្មតា
    • លឺសំឡេង​ឆ្អឹង​កកិត​គ្នា

    យើង​ត្រូវ​ធ្វើ​ដូចម្ដេច​ដើម្បី​ឱ្យ​ឆ្អឹង​ដុះ​ជាប់​គ្នា​វិញ​លឿន?

    • ញុំា​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​កាល់ស្យូម និង​វីតាមីន​ D​ ព្រោះ​​ល្អ​ចំពោះ​សុខភាព​ឆ្អឹង និង​ជួយ​បង្កើន​ល្បឿន​ជា​សះស្បើយ។ អាហារ​ទាំង​នោះ​រួម​មាន ផលិតផល​​ទឹកដោះ បន្លែ​ពណ៌​បៃតង​ចាស់ ស៊ុត…។
    • ជៀងវាង​ការ​ជក់​ និង​គ្រឿង​ស្រវឹង ព្រោ​ធ្វើ​ឱ្យ​ឆ្អឹង​ខ្សោយ និង​​ក្រ​ជា។
    • ធ្វើ​តាម​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត និង​ទៅ​ជួប​វេជ្ជបណ្ឌិត​តាម​ការ​ណាត់។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    How Can I Speed Up Healing a Broken Bone?


    How Can I Speed Up Healing a Broken Bone?

    How to speed fracture healing


    ​Heal broken bones faster in THESE SIX STEPS

    https://www.betterhealth.vic.gov.au/health/ConditionsAndTreatments/bone-fractures
    Bone fractures

    https://www.cedars-sinai.org/health-library/diseases-and-conditions/f/fractures.html
    Fractures

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ សុខ វណ្ណ កែសម្រួល​ចុងក្រោយ 04/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត