សម័យឥឡូវយុវវ័យមិនថាប្រុស ឬស្រីមានទំនោរចោះរន្ធក្រវិលច្រើនលើសពីម្ខាង ១ ហើយអ្នកខ្លះទៀតមានរហូតដល់ចោះឡើងសោះត្រចៀកក៏មានដែរ។ ការធ្វើបែបនេះ ត្បិតតែមិនបង្កជាជំងឺធ្ងន់ធ្ងរអ្វីក៏ពិតមែន ប៉ុន្តែវាបានធ្វើឲ្យបាត់បង់សោភណភាព ព្រោះមានស្លាកស្នាម និងផ្លែពេញនោះ។
លោកវេជ្ជបណ្ឌិត ហម សីលា ឯកទេសត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង បានបញ្ជាក់ទៀតថា ករណីអ្នកចោះក្រវិលច្រើនរន្ធនេះ ខាងលោកជួបច្រើនមែនទែន ហើយបញ្ហាចម្បងគឺផ្លែលើសាច់ ព្រោះដំណើរការចោះមិនមានអនាម័យល្អ។
ក្រោយចោះរួច អ្នកខ្លះកើតជាដំបៅក្លាយ ព្រោះសាច់ឆាប់ប្រតិកម្មជាមួយម្ជុលដែក ម្ជុលមានមេរោគ ដោយសារសម្អាតមិនល្អ និងមិនប្រើឧបករណ៍សម្លាប់មេរោគ ឬទឹកថ្នាំដែលគ្មានគុណភាព។ មួយវិញទៀត អ្នកខ្លះមានជួបបញ្ហាដុំឈាមកកនៅត្រចៀក ក្រោយចោះរួច។
“អ្នកចោះរន្ធត្រចៀកខ្លះ គាត់មិនសូវមានអនាម័យដោយខ្លួនឯង ហើយពេលចោះរួចនោះគាត់ឧស្សាហ៍យកដៃទៅស្ទាប អង្អែល បង្វិលក្រវិលលេងចុះឡើងៗ ដែលធ្វើឲ្យមុខរបួសទៅជាហើម ខ្ទុះ ហើយពេលជាវិញ ទៅជាមានស្នាម”។
អ្នកខ្លះព្រោះតែការប្រើប្រាស់ក្រវិលមិនមានស្តង់ដារ ក៏អាចបណ្ដាលត្រចៀកទៅជាក្រហម ឈឺ និងពេលខ្លះមានទឹកហូរមកថ្លាៗទៀតផង ហើយខ្លះទៀតមានក្លាយជាដំបៅទៅជាពិបាកព្យាបាល ដែលវិបាកសំខាន់ គឺស្បែកលែងស្អាត។
[embed-health-tool-vaccination-tool]