ជាការពិតយើងមិនអាចគេងសងការគេងមិនគ្រប់គ្រាន់របស់យើងបានទេ។ យើងប្រហែលសម្គាល់ឃើញហើយថាមិនថាយើងព្យាយាមគេងច្រើនយ៉ាងម៉េចនៅថ្ងៃចុងសប្ដាហ៍ ក៏មិនបានជួយឲ្យយើងទទួលបានថាមពលដែលយើងបាត់បង់អំឡុងថ្ងៃធ្វើការបានដែរ។ ប្រសិនជាយើងគេងមិនគ្រប់គ្រាន់នៅថ្ងៃនេះ យើងគួរប៉ះប៉ូវវិញនៅថ្ងៃដដែល។ ការគេងសងក្រោយពីរយៈពេលយូរគឺមិនអាចប៉ះប៉ូវការគេងមិនគ្រប់គ្រាន់នេះទេ។ ផ្ទុយទៅវិញ ការធ្វើបែបនេះអាចប៉ះពាល់ដល់ការប្រតិកម្ម និងការផ្ចង់អារម្មណ៍របស់យើងរួមទាំងអាចនឹងរំខានដល់ទម្លាប់នៃការគេងប្រចាំថ្ងៃរបស់យើងទៀត។
មិនថាដោយមូលហេតុអ្វីដែលធ្វើឲ្យយើងចូលគេងយឺតក៏ដោយ ការគេងគឺសំខាន់ណាស់។ នៅពេលយើងហត់នឿយ សូម្បីតែកិច្ចការតូចតាចក៏ពិបាកក្នុងបំពេញដែរ ដូចជាការសន្ទនាជាដើម ព្រោះយើងពិបាកក្នុងការផ្ចង់អារម្មណ៍។ ការគេងមិនគ្រប់គ្រាន់ក៏បង្កគ្រោះថ្នាក់បានពេលយើងកំពុងបើកបរ និងប៉ះពាល់ដល់ការចងចាំរយៈពេលខ្លី។ ទម្លាប់នៃការគេងមិនទៀងទាត់អាចបង្កើនហានិភ័យជំងឺផ្សេងៗដូចជាជំងឺទឹកនោមផ្អែម ឡើងទម្ងន់ អាការៈថប់បារម្ភ ជំងឺបាក់ទឹកចិត្ត និងជំងឺបេះដូង។