កន្លងមកយើងត្រឹមតែដឹងជក់បារីបង្កផលប៉ះពាល់ចំពោះសុខភាពច្រើនមុខណាស់ ក្នុងនោះមាន ប្រព័ន្ធសរសៃប្រសាទ ប្រព័ន្ធដកដង្ហើម សរសៃឈាមបេះដូង រំលាយអាហារ មានបញ្ហាស្បែក សក់ និងក្រចកជាដើម។ ប៉ុន្តែចាប់ពីចុងឆ្នាំ ២០១៩ នេះទៅ ក្រសួងសុខាភិបាលនឹងចាប់ផាកពិន័យជាថវិកា ចំពោះអ្នកជក់បារីនៅតាមទីសាធារណៈ។
លោកស្រីវេជ្ជបណ្ឌិត ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព នៃក្រសួងសុខាភិបាល បានបញ្ជាក់ ក្នុងទិវាពិភពលោកគ្មានផ្សែងបារី ក្រោមប្រធានបទ ថ្នាំជក់ និងសុខភាពសួត កាលពីព្រឹកថ្ងៃទី៣០ ឧសភា ២០១៩ថា ការអនុវត្តនេះ នឹងចាប់ពីខែធ្នូ ឆ្នាំ២០១៩តទៅ ដោយមានក្រុមអធិការកិច្ច ក្រសួងចំនួន ៤៩០ នាក់ នៅទូទាំងប្រទេស នឹងចុះផាកពិន័យជាថវិកា។