backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

លម្អិតពីជំងឺឆ្កែឆ្កួត និងការចាក់វ៉ាក់សាំងការពារ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 28, 2020

លម្អិតពីជំងឺឆ្កែឆ្កួត និងការចាក់វ៉ាក់សាំងការពារ

ទិវា​ពិភព​លោក​ប្រឆាំង​ជំងឺ​ឆ្កែឆ្កួត​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ នៅ​ថ្ងៃទី២៨ ខែកញ្ញា ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​អំពី​ការ​ការពារ និង​ការ​សម្រេច​បាន​នានា ដើម្បី​យក​ឈ្នះ​លើ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ហើយ​ក៏​ចំ​ថ្ងៃ​រម្លឹក​ខួប​មរណៈភាព​របស់ លោក ល្វីស៍ ប៉ាស្ទ័រ (Louis Pasteur) ជនជាតិ​បារាំង ជា​អ្នក​ជំនាញ​ផ្នែក​គីមីសាស្ត្រ និងអ​តិសុខុមប្រាណ ដែល​បាន​បង្កើត​វ៉ាក់សាំង​បង្ការទី១ ប្រឆាំង​ជំងឺ​ឆ្កែឆ្កួត។

១. អ្វី​ទៅ​ជា​ជំងឺ​ឆ្កែឆ្កួត?

ជំងឺ​ឆ្កែឆ្កួត​ជា​ជំងឺ​ដែល​បណ្តាល​មក​ពីវីរុស ចម្លង​ពី​សត្វ​មក​មនុស្ស មាន​ដូចជា សត្វឆ្កែ ឆ្មា ប្រជៀវ ស្វា និង​សត្វ​ជ្រូក ជាដើម។ នៅ​កម្ពុជា ជា​ទូទៅ​ជំងឺ​ឆ្កែឆ្កួត​ជា​ជំងឺ​កើត​លើ​សត្វ​ឆ្កែ និង​ឆ្លង​ទៅ​មនុស្ស​ដោយសារ​សត្វ​ឆ្កែ​ខាំ ដោយ​ហេតុ​ថា ប្រជាជន​យើង​ចូល​ចិត្ត​ចិញ្ចឹម​ឆ្កែ ដើម្បី​ការពារ​ផ្ទះ។

ទិន្នន័យ​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​ប៉ាន់​ប្រមាណ​ថា ក្នុង​១ឆ្នាំៗ​ មាន​កុមារ និង​មនុស្ស​ធំ​ស្លាប់​ដោយ​ជំងឺ​ឆ្កែឆ្កួត​ជាង ៨០០ នាក់។ ជំងឺ​ឆ្កែ​ឆ្កួត​ពុំទាន់​មាន​ថ្នាំ​ព្យាបាល​នោះ​ទេ តែ​យើង​អាច​បង្ការ​បាន ១០០% ដោយ​ការ​​ចាក់​ថ្នាំ​បង្ការ​ក្រោយ​ពី​សត្វ​ឆ្កែ​ខាំ និង ១០០% វិវត្ត​ទៅ​ស្លាប់ ប្រសិន​បើ​មាន​លេច​ឡើង​ជា​រោគ​សញ្ញា ដោយ​មិន​បាន​ទទួល​ការ​ចាក់​ថ្នាំ​បង្ការ​ទាន់​ពេល​វេលា។

២. ការ​ឆ្លងមេរោគឆ្កែឆ្កួតទៅមនុស្ស

មេរោគ​ឆ្កែឆ្កួត​ឆ្លង​ចូល​តាម​មុខ​របួស និង​មាន​ចលនា​តាម​ប្រព័ន្ធ​សរសៃប្រសាទ រួច​ទៅ​បង្ក​មេរោគ​ក្នុង​ខួរ​ក្បាល ធ្វើ​ឲ្យ​រលាក​ខួរ​ក្បាល រួច​ស្តែង​ចេញ​ជា​ជំងឺ​ឆ្កែ​ឆ្កួត តាម​ដំណាក់​កាល​ខាង​ក្រោម៖

– មេរោគ​ឆ្លង​ចូល​ទៅ​ក្នុង​របួស​តាម​ទឹកមាត់​សត្វខាំ

– មេរោគ​បង្កើន​ចំនួន​ក្នុង​សាច់ដុំ​ជុំវិញ​របួស

– មេរោគ​ធ្វើ​ដំណើរ​ពី​មុខ​របួស ទៅ​ខួរ​ក្បាល តាម​ប្រព័ន្ធ​សរសៃ​ប្រសាទ

– មេរោគ​ទៅ​ដល់​ខួរ​ក្បាល បង្ក​ឲ្យ​រលាក​ខួរក្បាល កើត​ជំងឺ​ឆ្កែឆ្កួត

– មេរោគ​ឆ្លង​ពី​ខួរក្បាល បន្ត​ទៅ​ក្រពេញ​នានា ពិសេស​ក្រពេញ​ទឹក​មាត់។

៣. ធ្វើ​ដូច​ម្តេច​នៅ​ពេល​ឆ្កែខាំ?

– លាង​ដៃ​នឹង​សាប៊ូ​ឲ្យ​ស្អាត រួច​បង្ហូរ​ទឹក​លាង​មុខ​របួស​ពី ១០-១៥ នាទី

– ប្រើ​ថ្នាំ​កម្ចាត់​មេរោគ ដូចជា អាល់កុល ឬ​បេតាឌីន ដើម្បី​សម្អាត​មុខ​របួស

– មិន​ត្រូវ​ដេរ ឬ​រុំ​បិទ​មុខ​របួស​ដោយ​ឆ្កែខាំ​នោះ​ទេ

– ត្រូវ​ប្រញាប់​ទៅ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត។

៤. ការចាក់​ថ្នាំ​បង្ការក្រោយ​ឆ្កែ​ខាំ

សត្វ​ឆ្កែ ឆ្មា ខាំ ក្រញៅ ឬ​ខ្វាច​ភ្លាម យើង​ត្រូវ​ចាក់ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ជាបន្ទាន់ ឬ​យ៉ាង​យូរបំផុត ១ សប្តាហ៍។ ការ​ចាក់​ថ្នាំ​នេះ​ធ្វើ​ឡើង​ចំនួន​ ៤​ដង ក្នុងរយៈ​ពេល ១ខែ។

លើកទី១៖ ថ្ងៃចាក់ដំបូង ឬថ្ងៃសូន្យ

លើកទី២៖ ៣ថ្ងៃ ក្រោយចាក់លើកទី១

លើកទី៣៖ ៧ថ្ងៃ ក្រោយចាក់លើកទី១

លើកទី៤៖ ២១ ឬ ២៨ថ្ងៃ ក្រោយចាក់លើកទី១។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 28, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម