គ្នាយើងមិនតិចទេជួបបញ្ហាក្លិនខ្លួន។ ប្រឹងដុសខាត់ផង លាបផង បាញ់ផង នៅតែមិនបាត់ ឬពេលអស់ក្លិន ចេញញើស ក្លិនដ៏គួរឲ្យស៊ាំនេះ ត្រឡប់មកវិញទៀតដដែល។ ឆ្ងល់អត់ថា ម៉េចបានអ្នកខ្លះមានក្លិនខ្លួន ក្លិនក្លៀក ពិបាកទ្រាំ ឯខ្លះទៀតគ្មាន?
១- ម៉េចបានមានក្លិនខ្លួន?
ក្លិនខ្លួនវិវត្ដមកពីបាក់តេរីលើស្បែក បំបែកជាតិអាស៊ីដក្នុងញើស បំប្លែងបានជាក្លិន។ បើតាមផ្នែកវេជ្ជសាស្ត្រ គេហៅថា ក្លិនសាអាក្រក់ (Bromhidrosis)។ វ័យគ្រប់ការ ទាំងប្រុសទាំងស្រី ជាដំណាក់កាលមានក្លិនសា (ក្លិនមិនល្អ) ពេលក្រពេញញើសបញ្ចេញមកក្រៅខ្លួន។ ដោយសារប្រុសៗបែកញើសច្រើនជាងស្រីៗ គេងាយមានក្លិនខ្លួនណាស់ បើធៀបនឹងស្រីៗ។
២- កត្តាអីទៀតធ្វើឲ្យក្លិនខ្លួនកាន់តែយ៉ាប់?
ក្រៅពីទាក់ទងនឹងភេទហើយ មានរឿងជាក់លាក់ខ្លះដែលអាចធ្វើឲ្យក្លិនកាន់តែអាក្រក់៖
– ធាត់លើសទម្ងន់
– ថ្នាំព្យាបាលជំងឺបាក់ទឹកចិត្ត
– ម្ហូបហឹរ និងភេសជ្ជៈ (ស្រា ខ្ទឹមស និងពពួកគ្រឿងទេសដទៃទៀត)
– បញ្ហាសុខភាព អ្នកកើតទឹកនោមផ្អែមជារឿយៗ មានក្លិនដូចផ្លែឈើ ខណៈអ្នកមានជំងឺថ្លើម ឬតម្រងនោម អាចនឹងធុំក្លិន ដូចទឹកអូសាវ៉ែលបោកខោអាវ)។
៣- ក្លិនអាក្រក់
បែកញើសខ្លាំងហួសហេតុ អាចបណ្តាលឲ្យមានបញ្ហាជំងឺ Hyperhidrosis។ Hyperhidrosis បង្កឲ្យមានក្លិនប្រអប់ជើងមិនល្អ។ ស្បែកជើង ឬស្រោមជើងខ្លះ អាចពិបាកឲ្យញើសហួត ឬបឺត (ញើសមិនស្ងួត) ដែលជាឱកាសបាក់តេរីបង្កជាក្លិនអាក្រក់។
៤- វិធីដោះស្រាយក្លិនអាក្រក់
ក្លិនខ្លួនមានប្រភពចេញពីការបែកញើសលាយឡំនឹងបាក់តេរី។ ហេតុនេះ ការកម្ចាត់បាក់តេរីលើស្បែកមិនល្អ រក្សាក្លៀកឲ្យស្អាត និងស្ងួតតាមធម្មតា ជាគន្លឹះដ៏សំខាន់ដើម្បីដោះស្រាយបញ្ហានេះ។ យើងមានវិធីសាស្ត្រមួយចំនួនគួរពិចារណា និងអនុវត្ត៖
– ងូតទឹកហោចណាស់ម្ដងក្នុងមួយថ្ងៃ៖ ការរក្សាខ្លួនឲ្យស្អាត ជាពិសេសបរិវេណក្រពេញបញ្ចេញញើសច្រើន។ ងូតទឹកជួយយើងឲ្យលាងសម្អាតញើស និងបាក់តេរីបាន។ ជាធម្មតា យើងងូត ២-៣ ដងក្នុងមួយថ្ងៃ។
– ប្រើសាប៊ូប្រឆាំងមេរោគ៖ សាប៊ូប្រឆាំងមេរោគសម្រាប់បង្អាក់បាក់តេរីកុំឲ្យមានសកម្មភាព។ ប្រើជាប្រចាំ រឹតតែល្អ កម្ចាត់បាក់តេរីបានក្នុងប្រសិទ្ធភាពខ្ពស់។
– ជូតខ្លួនឲ្យស្ងួតល្អ៖ ក្រោយពីងូតទឹករួច អ្វីដែលគួរធ្វើបន្ទាប់ គឺជូតខ្លួនឲ្យស្ងួតទាំងស្រុង។ ផ្តោតលើតំបន់ដែលងាយបែកញើស ដូច្នេះបាក់តេរីប្រាកដពិបាកលូតលាស់ ឬពង្រីកខ្លួនវិវត្តលើស្បែកស្ងួតណាស់។
– ប្តូរសម្លៀកបំពាក់ជាប្រចាំ៖ ធ្វើខ្លួនឲ្យស្អាត ជួយយគ្រប់គ្រងក្លិនខ្លួនបានល្អ។ បើយើងមានក្លិនប្រអប់ជើងមិនល្អ កុំភ្លេចផ្លាស់ប្តូរស្រោមជើងឲ្យញឹកញាប់តាមស្ថានភាពជាក់ស្ដែង។ បើស្រោមជើងថ្មី ហើយនៅតែមានក្លិនអាក្រក់ គួរប្រើផលិតផលបំបាត់ក្លិនជាម្សៅដាក់ក្នុងស្បែកជើង ដើម្បីបង្អន់ក្លិន។ ទ្រនាប់បាតស្បែកជើងខាងក្នុង គួរប្តូរឲ្យបានញឹកញាប់។ បើអាច សូមប្រើជើងទទេ។
– ប្រើផលិតផលបំបាត់ក្លិន ឬបំបាត់ការបែកញើស៖ ផលិតផលបំបាត់ការបែកញើស ត្រូវបានបង្កើតរូបមន្តឡើងដោយមានជាតិអាលុយមីញ៉ូមក្លរីត (aluminum chloride)។ ម្យ៉ាងទៀត ផលិតផលបំបាត់ក្លិន បានត្រឹមគ្របបិទបាំងក្លិនលើស្បែក ដោយមិនបានរំខានជ្រៀតជ្រែកដល់ការបែកញើសឡើយ។ គួរប្រើផលិតផលបំបាត់ក្លិន ឬផលិតផលបំបាត់ការបែកញើស ២ ដងក្នុងមួយថ្ងៃ (ប្រើពេលព្រឹក-ល្ងាច)។
[embed-health-tool-bmi]