មានកូនជាដំណឹងពិសេស យើងនឹងទទួលបានការអបអរ លើកទឹកចិត្ត ពីសាច់ញាតិ មិត្តភក្តិ ដើម្បីឆ្លងកាត់ពេលវេលាពិសេសមួយនេះ។ ទន្ទឹមនឹងការអបអរ ទាំងសាច់ញាតិ ទាំងមិត្តភក្តិ ដោយសារបារម្ភ ច្បាស់ជាមានពាក្យណែនាំកុំឲ្យធ្វើនេះ ធ្វើនោះ ច្រើនមិនខាន ពេលខ្លះធ្វើឲ្យ អារម្មណ៍យើងច្របូកច្របល់ ពិសេសបើឮដំបូន្មានណាយើងមិនពេញចិត្ត។ អត្ថបទនេះ “Hello គ្រូពេទ្យ’ នឹងប្រាប់តិចនិក ជួយគេចចេញពីដំបូន្មានយើងមិនពេញចិត្តបាន។
១- ត្រូវដឹងថាយោបល់ចេញពីប្រភពណា?
ដំបូន្មានពេលពពោះ អាចមានគ្រប់បែបយ៉ាង តាំងពីរឿងពពោះ ដល់រឿងសម្រាល រឿងសុខភាពយើង និងគភ៌ និយាយរួម គ្រប់បែបយ៉ាងតែម្តង។ ពេលសាច់ញាតិ ឬមិត្តភក្តិ ផ្តល់ដំបូន្មាន ត្រូវចាំថា ជាពាក្យចេញពីចិត្តដោយក្តីបារម្ភ ទោះពាក្យខ្លះរាងចាស់គម្រិល តែមិនមែន មិនបានការនោះទេ។ ការលើកទឹកចិត្ត ចែករំលែកបទពិសោធ ចំណេះដឹង និងភាពជិតស្និត ពីបងស្រីយើងធ្លាប់ពពោះ និងសម្រាល គឺមានតម្លៃនិងគួរឲ្យស្ញប់ស្ញែងបំផុត។
យ៉ាងណា ក៏មានអ្នកផ្សេងទៀត រាប់ទាំងមិត្តរួមការងារ នឹងផ្តល់យោបល់ពីនេះពីនោះប្រាប់យើងដូចគ្នា។ យ៉ាងណា ពួកគេអាចនឹងមិនហ៊ានផ្តល់ដំបូន្មានពាក់ព័ន្ធការរស់នៅផ្ទាល់ខ្លួនយើងឡើយ ដូចជាការស្លៀកពាក់ ឬធ្វើសក់ជាដើម។ ជាទូទៅ មានតែរឿងមិនសំខាន់ ដោយសារមិត្តភក្តិរួមការងារ អាចនឹងមិនដឹងទម្លាប់រស់នៅរបស់យើង ក៏ដូចជាស្ថានភាពភគ៌ក្នុងពោះដែរ។
២- តបតាមអារម្មណ៍
ស្រីៗពពោះខ្លះ អាចនឹងរួសរាយរាក់ទាក់ណាស់ ចូលចិត្តនិយាយពីរឿងខ្លួនមានទម្ងន់ កូនក្នុងពោះរើ ប្រៀបធៀបគ្នាជាមួយស្រីៗកំពុងពពោះផ្សេងទៀត។ សម្រាប់យើងផ្ទាល់ ក៏អាចធ្វើចិត្តរួសរាយជាងធម្មតា នៅអំឡុងពេលពពោះនេះបានដូចគ្នា ដោយមិនប្រកាន់ គ្រាន់តែរឿងមិត្តភក្តិ សាច់ញាតិសុំស្ទាបពោះនោះឡើយ។
ពេលមានគេនិយាយប្រាប់អ្នកពីរឿងពពោះ យើងគួរឆ្លើយតបឲ្យបានសមស្រប តែរឿងនេះ ក៏អាស្រ័យលើអត្តចរិតមនុស្សម្នាក់ៗដូចគ្នា។ ប៉ុន្តែករណីនេះ យើងអាចញញឹមហើយងក់ក្បាល ដើម្បីបញ្ជាក់ថា យើងស្តាប់អ្វីគេកំពុងនិយាយ (ទោះមិនស្តាប់ក៏ដោយ) ហើយចៀសវាងការប្រកែកគ្នា និងឆ្លើយតបតាមឃ្លាឃ្លងដូចជា៖
– ខ្ញុំ និងប្តីខ្ញុំ (ប៉ាវា ឬតាន៎ុង) សម្រេចចិត្តថា…………បែបនេះល្អចំពោះពួកយើង។
– ពេទ្យប្រាប់ថា……….. ពួកខ្ញុំយល់ស្របតាមពេទ្យ ព្រោះទាំងអស់នឹង គាត់ដឹងច្បាស់។
– មែនក៏អី? ខ្ញុំឮគេនិយាយថា ធ្វើអ៊ីចឹងមិនល្អទេ។
– អរគុណហើយ ចាំសាកលមើល៍!
– ពេលមានដំបូន្មានធ្វើឲ្យយើងមិនពេញចិត្ត គួរប្តូររឿងនិយាយភ្លាម អាចនឹងនិយាយពីការតាមដានរឿងភាគ ឬនិយាយពីរឿងទៅផ្សារទំនើប ទើបបើកថ្មី ដើម្បីកុំឲ្យឮដំបូន្មានទាំងនោះទៀត។
មិនគួរនិយាយរឿងពពោះ ឬចម្ងល់អ្វីមួយ ជាមួយអ្នកដទៃ ក្រៅពីមនុស្សស្និទ្ធស្នាលនឹងយើងជាដាច់ខាត ព្រោះអាចធ្វើឲ្យគេគិតថា យើងជិតស្និតជាមួយគេ បាននិយាយរឿងនេះប្រាប់គេ។ បើជួបមនុស្សបែបនេះ គ្រាន់តែញញឹម ងក់ក្បាល ដើរហួសទៅបានហើយ។
៣- ស្វាគមន៍យើងជាហូរហែរ
ក្រៅពាក្យណែនាំច្រើនពេលពពោះ មនុស្សជាច្រើន អាចនឹងសួរដេញដោលពីថ្ងៃត្រូវសម្រាល កូនក្នុងពោះ ប្រុស ឬស្រីក៏ថាបាន។ ការពពោះជារឿងរំភើបរីករាយមួយ ធ្វើឲ្យគ្រប់គ្នាញញឹម ត្រេកអរជាមួយយើង ពេលទទួលបានដំណឹងនេះ ក៏ជាពេលយើងទទួលបានការយកចិត្តទុកដាក់ មើលថែ ពីសំណាក់សាច់ញាតិ មិត្តភក្តិ ក៏ដូចជាមនុស្សមិនសូវស្និទ្ធស្នាល ដូចជា មិត្តភក្តិប្តី មិត្តភក្តិរបស់មិត្តភក្តិ ឬមនុស្សមិនដឹងស្គាល់គ្នាពីពេលណា ស្រាប់តែអបអរយើងក៏មាន នឹងជួយយកអាសាយើង ជាមួយការងារមួយចំនួនក៏ថាបាន។ ហេតុនេះ កុំចម្លែកចិត្តអី គ្រាន់តែញញឹមទៅកាន់ មនុស្សទាំងនោះដោយក្តីពេញចិត្ត ក៏ធ្វើឲ្យយើងមានអារម្មណ៍ល្អដែរ ព្រោះបើគិតតែឆ្ងល់នេះ ឆ្ងល់នោះ ច្បាស់មិនធ្វើឲ្យអារម្មណ៍យើង មិនសប្បាយរីករាយទៅតាមនឹងដូចគ្នា។
អត្ថបទពាក់ព័ន្ធ៖
- សម្តីទាំងនេះ មិនគួរនិយាយទៅកាន់ស្រីៗកំពុងពពោះទេ ទោះគ្មានចេតនាអាក្រក់ក៏ដោយ!
- ស្តាប់ហេតុផលនេះរួច គ្នាយើងអាចនឹងលែងចង់ដឹងកូនក្នុងពោះស្រី ឬប្រុស ទៀតហើយ!
៤- អត់ទោស ខ្ញុំមិនសូវស្រួលខ្លួន កុំប៉ះពោះខ្ញុំ!
ពេលមានគេសួរនាំច្រើន ស្រីៗពពោះអាចទទួលយកបាន ណែនាំច្រើន ទោះគួរឲ្យធុញ ក៏នៅតែអាចទ្រាំបាន ប៉ុន្តែបើសុខៗស្រាប់តែមកស្ទាបពោះវិញ លើសព្រំដែនហើយ។ បើមានអារម្មណ៍ថារំខាន គួរប្រាប់ថា៖
– សុំទោស ខ្ញុំមិនសូវស្រួលទេ កុំប៉ះពោះខ្ញុំ!
– ដកដៃចេញ! រួច ’សម្លក់បន្តិច’ ឆាប់ដើរចេញពីមនុស្សទាំងនោះភ្លាម។
៥- ធ្វើចិត្តឲ្យសប្បាយជាមួយការពពោះរបស់យើង
ពពោះ គឺជារឿងដ៏អស្ចារ្យ និងរីករាយបំផុតក្នុងជីវិតស្រីៗ ពិតណាស់ យើងអាចមានអាការៈក្អួតចង្អោរច្រើន មានការពិបាកផ្សេងៗជាច្រើន តែចុងក្រោយ យើងនៅរីករាយសប្បាយចិត្តខ្លាំង មានអារម្មណ៍ថាមានសុភមង្គលក្នុងគ្រួសារ ក្រោយបង្កើតបានកូនមានសុខភាពល្អ ដែលជាមូលហេតុ ជួយឲ្យយើងអាចតាំងចិត្តពុះពារគ្រប់ឧបសគ្គអំឡុងពេលនេះបាន។
[embed-health-tool-due-date]