មានម៉ាក់ៗមួយចំនួនជួបប្រទះបញ្ហាជ្រាបទឹកភ្លោះ អំឡុងពេលពពោះជិតគ្រប់ខែ ដែលខ្លះក៏ដឹងហើយអ្នកខ្លះទៀត មិនចាប់អារម្មណ៍ស្មានតែទឹកនោម ឬទឹករម្អិល។ តើមូលហេតុអ្វីបណ្ដាលឲ្យស្ត្រីមានផ្ទៃពោះជិតគ្រប់ខែទៅហើយ បែរជាជ្រាបទឹកភ្លោះទៅវិញ? តើការជ្រាបទឹកភ្លោះនោះមានគ្រោះថ្នាក់ចំពោះកូនដែរឬទេ?
លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសសម្ភព និងរោគស្ត្រី បានបកស្រាយថា ការជ្រាបទឹកភ្លោះបណ្ដាលមកពីមានស្នាមប្រេះ ឬស្នាមដាច់រហែកស្រោមទឹកភ្លោះ ហើយលោកនឹងពន្យល់ពីតួនាទី និងមូលហេតុផ្សេងៗទៀតដូចខាងក្រោម។
១- តើអ្វីទៅជាស្រោមទឹកភ្លោះ?
ទារកក្នុងផ្ទៃវិវត្តនៅក្នុងថង់ទឹកភ្លោះដែលផ្សំឡើងដោយភ្នាសពីរស្រទាប់ដែលពេញទៅដោយអង្គធាតុរាវ ស្ដើងថ្លា គ្មានមេរោគ និងមានតួនាទីជាច្រើន។ ស្រោមទឹកភ្លោះរក្សាការពារទារកឲ្យនៅសីតុណ្ហភាពថេរ ៣៧ អង្សាសេ។ វាក៏មានតួនាទីផ្ដល់សំណើម បន្ថយសំឡេងរំខានពីខាងក្រៅ និងការប៉ះទង្គិច ដែលអាចកើតមានចំពោះពោះរបស់ម្ដាយ។ ស្រោមទឹកភ្លោះការពារសរីរាង្គក្រោយពីចលនារបស់ទារក ធានាថាទារកនៅមជ្ឈដ្ឋានគ្មានមេរោគ ប្រឆាំងនឹងការបង្ករោគមួយចំនួនផងដែរ។
ជាទូទៅស្រោមទឹកភ្លោះវាបែកដោយឯកឯង ក្នុងអំឡុងពេលឈឺពោះសម្រាល ឬពេលមាត់ស្បូនបើកអស់ ប៉ុន្តែវាអាចប្រេះមុនពេល ជាទូទៅនៅផ្នែកខាងលើនៃស្រោមទឹកភ្លោះ ហើយបន្ទាប់មកមានការជ្រាបទឹកភ្លោះ និងលំហូរទឹកភ្លោះបរិមាណតិចតួច។
២- មូលហេតុ និងកត្តាហានិភ័យនៃការប្រេះស្រោមទឹកភ្លោះ
យើងមិនអាចកំណត់ពីប្រភពដើម និងមូលហេតុជាក់លាក់ នៃការដាច់រហែក ឬប្រេះស្រោមទឹកភ្លោះបាននោះទេ ព្រោះវាមានកត្តាជាច្រើនដូចជា៖
– ភ្នាសអាចចុះខ្សោយ ដោយសារការឆ្លងរោគក្នុងទឹកនោម ឬរោគស្ត្រី
– ភាពប៉ោងជ្រុលនៃជញ្ជាំងរបស់ភ្នាស ដោយសារតែ កូនភ្លោះ កូនធំពេក ការបង្ហាញ ទម្រង់កូនមិនធម្មតា សុកពាំងមាត់ស្បូន
– ការប៉ះទង្គិច ការដួល ឬការឆក់ដោយកម្លាំងអកម្ម ដោយផ្ទាល់ ឬប្រយោលលើផ្ទៃពោះ
– ការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រ
– ការជក់បារីដោយផ្ទាល់ ឬទទួលផ្សែងបារីដោយប្រយោល។
ទាំងអស់នោះជះឥទ្ធិពលដល់ការផលិតសារធាតុខូឡាជែន ដែលចាំបាច់សម្រាប់ការបត់បែន ភាពយឺត ភាពទន់ នៃភ្នាសស្រោមទឹកភ្លោះ ហើយទាំងនោះសុទ្ធសឹងតែកត្តាហានិភ័យ និងមូលហេតុដែលនាំឲ្យកើតមាន ស្នាមប្រេះ ឬដាច់រហែកស្រោមទឹកភ្លោះ។
៣- ហានិភ័យ និងផលវិបាកអាចកើតមានចំពោះផ្ទៃពោះ និងក្រោយសម្រាល
ក្នុងករណីមានការប្រេះស្រោមទឹកភ្លោះវត្ថុរាវដែលហូរចេញ លែងមានភាពស្តេរីល ដូច្នេះការឆ្លងមេរោគ គឺជាផលវិបាកដែលគួរឲ្យខ្លាចបំផុត ហើយហានិភ័យនេះ ទាមទារព្យាបាលដោយថ្នាំអង់ទីប្យូទិច និងមានការតាមដានត្រួតពិនិត្យជាប្រចាំ។
៤- ប្រសិនបើការប្រេះស្រាំកើតឡើងមុន ៣៦ សប្ដាហ៍
វាក៏ប្រឈមនឹងហានិភ័យនៃការសម្រាលមុនកំណត់មិនគ្រប់ខែផងដែរ ហេតុដូច្នេះតម្រូវឲ្យស្ត្រីសម្រាកឲ្យបានច្រើន និងអនុវត្តវិធីព្យាបាលផ្សេងៗ ជាពិសេសដើម្បីពន្លឿន ភាពចាស់ទុំនៃសួតទារក និងធ្វើការពន្យារអាយុរបស់គភ៌។ ចំពោះម្ដាយដែលមានហានិភ័យឆ្លងរោគហើយ ជារឿយៗតម្រូវឲ្យមានការសម្រាលដោយវះកាត់។
អត្ថបទពាក់ព័ន្ធ៖
- ពពោះស្បែកប្រែជាខ្មៅស្រអាប់ ឡើងស្នាមអុចៗ ដោយសារអី? គួរធ្វើម៉េច?
- លាបឡេការពារសង្វារលើពោះផ្តេសផ្តាស ប្រយ័ត្នប៉ះពាល់កូនក្នុងផ្ទៃ
- ហេតុអីស្រីៗមានផ្ទៃពោះ ចេះតែថប់ៗដង្ហើម បេះដូងលោតញាប់?
- ស្រីៗមានផ្ទៃពោះ ចង់ញ៉ាំទុរេន ត្រូវដឹងរឿងទាំងនេះ!
- ម៉ាក់ៗកំពុងពពោះ គួរញ៉ាំអាហារជប៉ុន Sushi ទេ?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]