១- ផលប៉ះពាល់ថ្នាំព្យាបាលរលាកសន្លាក់ទៅលើគភ៌ក្នុងផ្ទៃ
ភាគច្រើន ថ្នាំព្យាបាលជំងឺរលាកសន្លាក់ មានប្រសិទ្ធភាព ដោយការជ្រាបចូលទៅបង្ក្រាបប្រព័ន្ធភាពសុាំ និងគ្រប់គ្រងការរលាកនៅផ្នែកខាងក្នុងរាងកាយ។ យ៉ាងណាមិញ ប្រភេទថ្នាំនីមួយៗ តែងមានហានិភ័យរបស់វា ថ្នាំខ្លះអាចធ្វើឲ្យគភ៌ខូចទ្រង់ទ្រាយពីកំណើត ខ្លះទៀតបណ្ដាលឲ្យរលូតកូន ហើយក៏មានថ្នាំខ្លះ អាចធ្វើឲ្យយើងប្រឈមមុខជំងឺលើសឈាម ឬជំងឺទឹកនោមផ្អែម។
ពេលវេលាប្រើប្រាស់ថ្នាំ ក៏សំខាន់ណាស់ដែរ ព្រោះមានថ្នាំមួយចំនួន ត្រូវបានគេហាមមិនឲ្យប្រើអំឡុងពេលមានគភ៌ និងមួយចំនួន ត្រូវចៀសវាងប្រើនៅត្រីមាសទី ៣។
២- ប្រភេទថ្នាំព្យាបាលរលាកសន្លាក់ត្រូវចៀសវាងប្រើពេលពពោះ
– ថ្នាំ Methotrexate (Trexall)៖ Methotrexate ជាថ្នាំមួយប្រភេទ គេនិយមប្រើសម្រាប់ព្យាបាលជំងឺរលាកសន្លាក់រ៉ាំរ៉ៃ។ ថ្នាំនេះ អាចបណ្ដាលឲ្យរលូតកូន បើប្រើក្នុងត្រីមាសដំបូងនៃការពពោះ ខណៈបើប្រើអំឡុងពេលពពោះចាស់ខែបន្តិច អាចធ្វើឲ្យគភ៌លូតលាស់មិនពេញលក្ខណៈ ជាពិសេសផ្នែកខួរក្បាល និងឆ្អឹង។
– ថ្នាំ Lefulnomide (Arava)៖ ថ្នាំប្រភេទនេះ គួរតែចៀសវាងកុំប្រើ ទោះមុនពេលពពោះក៏ដោយ ពីព្រោះវេជ្ជបណ្ឌិតជឿថា អាចមានសកម្មភាពក្នុងរាងកាយបានយូរ។ តែបើចង់បន្សាបជាតិថ្នាំនេះលឿន ពេទ្យប្រហែលណែនាំឲ្យប្រើថ្នាំមួយប្រភេទទៀត ហៅថា Cholestyramine ។