ធម្មតា បើខ្វះជាតិទឹក ប៉ះពាល់សុខភាពយើង បើកើតមានអំឡុងពេលកំពុងពពោះទៀត ក៏អាចប៉ះពាល់ទាំងម៉ាក់ៗ និងគភ៌ក្នុងផ្ទៃ។ ដើម្បីអាចបង្ការខ្លួនកុំឲ្យខ្វះជាតិទឹកអំឡុងពេលពពោះ “Hello គ្រូពេទ្យ’ នឹងលម្អិតបញ្ហានេះ ទាំងរោគសញ្ញា និងវិធីការពារ។
១- រោគសញ្ញាខ្វះជាតិទឹកអំឡុងពពោះ
អំឡុងពេលពពោះ ស្រីៗមានបញ្ហាខ្វះជាតិទឹក នឹងមានចេញរោគសញ្ញាជាច្រើន ហើយរោគសញ្ញាប្រទះញឹកញាប់នោះ គឺកើនកម្ដៅក្នុងខ្លួន។ បើស្រីៗកំពុងពពោះ ញ៉ាំទឹកមិនគ្រប់នោះ នឹងធ្វើឲ្យរាងកាយឡើងកម្ដៅខ្លាំង ខណៈទឹកនោមពណ៌លឿងចាស់ ក៏ជាសញ្ញាព្រមានមួយផងដែរ។ នៅពេលទឹកនោមយើងមានសភាពថ្លាល្អ មានន័យថា យើងមានជាតិទឹកគ្រប់គ្រាន់ក្នុងខ្លួន ខណៈរោគសញ្ញាខ្វះជាតិទឹក ត្រូវគេបែងចែកជា ២ កម្រិតដួចជា៖
រោគសញ្ញាខ្វះជាតិទឹកកម្រិតស្រាល និងមធ្យម
– ស្ងួត និងស្អិតមាត់
– មានអារម្មណ៍ថាងងុយគេង
– ស្រេកទឹក
– នោមតិចជាងមុន
– ឈឺក្បាល
– ទល់លាមក
– មានអារម្មណ៍វិលមុខ។
បើមានរោគសញ្ញាទាំងនេះ ត្រូវញ៉ាំទឹក និងសម្រាកឲ្យបានច្រើនតាមតែអាចធ្វើបាន។ គួរទៅគ្រូពេទ្យ និងពន្យល់ពីអារម្មណ៍យើងកំពុងកើតមាន។ យ៉ាងណា យើងនៅតែអាចគ្រប់គ្រងអាការៈខ្វះជាតិទឹកតិចតួច និងមធ្យមបាន តាមរយៈការញ៉ាំទឹក ប៉ុន្តែលើការខ្សោះជាតិទឹកធ្ងន់ធ្ងរ ជាពិសេសលើស្រីៗកំពុងពពោះ ត្រូវប្រញាប់ទៅពេទ្យជាបន្ទាន់។
រោគសញ្ញាខ្វះជាតិទឹកធ្ងន់ធ្ងរ
– ស្រេកទឹកខ្លាំង
– មាត់ស្ងួត ស្បែកស្ងួត និងស្ងួតភ្នាសរំអិលខ្លាំង
– ឆាប់ខឹង និងមានការភាន់ច្រឡំ
– ទឹកនោមតិចតួច ឬគ្មានទឹកនោម
– ទឹកនោមមានពណ៌លឿងខ្លាំង
– ភ្នែករូងចូលក្នុង
– ចង្វាក់បេះដូង និងដង្ហើមលឿន
– មានសម្ពាធឈាមទាប។
ត្រូវសង្កេតមើលស្បែករបស់យើង ព្រោះពេលខ្សោះជាតិទឹក ស្បែកនឹងស្ងួត ហើយជ្រួញ ខ្វះភាពយឺត ឬនៅពេលស្បែកមានស្នាមផ្នត់ ហើយមិនអាចត្រលប់មកសភាពដើមវិញ ហើយបើមានរោគសញ្ញាទាំងនេះ ប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។
២- វិធីការពារកុំឲ្យខ្វះជាតិទឹកអំឡុងពេលពពោះ
ត្រូវញ៉ាំទឹកឲ្យបានច្រើនជារៀងរាល់ថ្ងៃ។ ព្យាយាមញ៉ាំទឹកឲ្យបានយ៉ាងតិច ៨-១២ កែវរាល់ថ្ងៃ។ គួរញ៉ាំទឹកពេលកំពុងញ៉ាំអាហារ ដើម្បីជួយដល់ការរំលាយអាហារ។
បើមានអារម្មណ៍ចង់ក្អួតនៅពេលព្រឹក បណ្តាលមកពីការចាញ់កូន គួរញ៉ាំទឹកឲ្យបានច្រើននៅពេលចង្អោរ ដោយសារអាការៈចាញ់កូនខ្លាំងនៅពេលព្រឹក អាចបណ្តាលឲ្យអាហារមិនអាចធ្លាក់ចុះទៅក្នុងក្រពះ។ គួរប្រឹក្សាជាមួយគ្រូពេទ្យពីបញ្ហាយើងជួបប្រទះ។
មិនគួរញ៉ាំជាតិកាហ្វេអ៊ីន ដោយសារតែកាហ្វេអ៊ីន អាចធ្វើឲ្យនោមកាន់តែញឹក។ ទឹកជាជម្រើសដ៏ល្អជាងគេ ប៉ុន្តែយើងក៏អាចញ៉ាំទឹកដោះគោ ទឹកផ្លែឈើបានដូចគ្នា។
អត្ថបទពាក់ព័ន្ធ៖
- ខែក្តៅខ្លាំងបែបនេះ បើពពោះ កុំឲ្យខ្វះជាតិទឹកឲ្យសោះ ព្រោះប៉ះពាល់គភ៌
- ស្រីៗខ្វះជាតិដែកពេលពពោះ និងចាក់ថ្នាំស្ពឹកឆ្អឹងខ្នងពេលសម្រាល នាំឲ្យកូនកើតអូទីស្សឹម?
មនុស្សគ្រប់គ្នា សុទ្ធតែអាចមានបញ្ហាខ្វះជាតិទឹក ប៉ុន្តែចំពោះស្រីៗកំពុងពពោះ មានហានិភ័យខ្ពស់ជាងស្រីៗធម្មតា។ វិធីល្អបំផុតដើម្បីចៀសវាងខ្វះជាតិទឹក ត្រូវញ៉ាំទឹក បង្កើតទម្លាប់យកទឹកតាមខ្លួនពេលចេញ ឬទៅក្រៅផ្ទះ និងព្យាយាមតាមដានកម្រិតជាតិទឹកយើងបានញ៉ាំ។ ញ៉ាំទឹកក្នុងបរិមាណត្រឹមត្រូវ រាល់ថ្ងៃ ល្អទាំងសុខភាពម៉ាក់ៗ និងការលូតលាស់របស់កូនក្នុងផ្ទៃ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]