គ្នាយើងភាគច្រើន ប្រាកដជាស្គាល់អ្វី គឺមេជីវិតញី អ្វីមេជីវិតឈ្មោល ហើយបើមេជីវិតទាំងពីរជួបគ្នា ច្បាស់ជាមានការបង្កកំណើតមិនខាន។ ប៉ុន្តែមានភាគតិចណាស់ ដឹងច្បាស់ថា តើមេជីវិតញី និងមេជីវិតឈ្មោលជួបគ្នាដោយរបៀបណា? ពេលណាទើបជួបគ្នា? ចុះបង្កកំណើតជាទារកម៉េចវិញ? សម្រាប់ចម្ងល់ទាំងនេះ “Hello គ្រូពេទ្យ’ នឹងបកស្រាយខ្លះៗក្នុងអត្ថបទខាងក្រោម។
១- អ្វីជាការបង្កកំណើត?
ការបង្កកំណើត សំដៅនៅពេលមេជីវិតញី និងមេជីវិតឈ្មោលជួបគ្នា ដោយមេជីវិតទាំងពីរ ត្រូវការពេលពី ៤៥នាទី ទៅ ១២ម៉ោង ដើម្បីឲ្យមេជីវិតឈ្មោលអាចហែលទៅជិតបំពង់ដៃស្បូន ជាទីកន្លែងបង្កកំណើតគភ៌ក្នុងផ្ទៃស្រីៗនេះឯង។ ទោះជាយ៉ាងនេះក្ដី មេជីវិតឈ្មោល អាចរស់នៅក្នុងរាងកាយស្រីៗ យូរបំផុតដល់ទៅ ៧ ថ្ងៃ។ ដូចនេះហើយ ការបង្កកំណើត អាចកើតមានគ្រប់ពេលអំឡុងមួយសប្ដាហ៍ បន្ទាប់ពីរួមភេទរួច បើខាងស្រីមានធ្លាក់មេជីវិតញីអំឡុងពេលនេះ។
២- មេជីវិតញីទុំជ្រុះដោយរបៀបណា?
ចំពោះស្រីៗ លទ្ធភាពមានកូន គឺចាប់ផ្ដើមចេញពីក្រពេញអូវែ ដោយក្រពេញនេះមានពីរ ខណៈក្រពេញនីមួយៗភ្ជាប់ទៅនឹងស្បូន។ ក្រពេញទាំងនេះ ពោរពេញទៅដោយស៊ុត តាំងពីពេលស្រីៗកំពុងនៅក្នុងពោះម៉ាក់ៗយើងមកម្ល៉េះ។ គ្រប់ក្មេងស្រីៗកើតមក គឺមានពងមេជីវិតញីពី ១-២ លានពង ស្ថិតក្នុងក្រពេញអូវែ។ ពងមេជីវិតចាប់ផ្ដើមងាប់ភ្លាមៗ ហើយពងនៅសល់ នឹងចាប់ផ្ដើមបន្ថយចំនួននៅពេល ស្រីៗចាប់ផ្តើមចាស់ទៅ។ ជាធម្មតា ស្រីៗអាចបញ្ចេញពងមេជីវិតញីប្រហែល ៤០០ពង នៅអំឡុងឆ្នាំអាចបង្កកំណើតបាន គឺនៅឆ្នាំទីដំបូងដែលយើងចាប់ផ្តើមមករដូវ និងទៅដល់ឆ្នាំចុងក្រោយបង្អស់មុនពេលវ័យអស់រដូវមកដល់ (Menopause)។
រាល់ពេលមករដូវម្ដងៗ បន្ទាប់ពីមករដូវចប់ ពងមេជីវិតញីពី ១-៣ ពង នឹងទុំក្នុងក្រពេញអូវែណាមួយ ហើយពងទុំជាងគេ នឹងធ្លាក់ចេញមក ដែលដំណើរការនេះហៅថា ការធ្លាក់មេជីវិតញី (Ovulation)។ ពងមេជីវិតញីទុំជ្រុះនេះ នឹងស្រូបឡើងដោយបំពង់រាងដូចផ្កាទូលីប នៅជិតដៃស្បូន ដោយបំពង់ដៃស្បូននេះមានទាំងអស់ពីរ ប្រវែង ១០សង់ទីម៉ែត្រ ភ្ជាប់ក្រពេញអូវែ និងស្បូន។ ការធ្លាក់មេជីវិតញី (Ovulation) គឺជាពេលពិសេសមួយ មុននឹងពេលមករដូវម្ដងទៀត (ប្រហែល ១២-១៤ ថ្ងៃ មុនរដូវបន្ទាប់មកដល់)។ ពេលវេលាធ្លាក់មេជីវិតញីពិតប្រាកដ គឺអាស្រ័យលើរយៈពេលស្រីៗមករដូវ ហើយពេលមករដូវ មានអ័រម៉ូន ២-៣ ប្រភេទខុសៗគ្នា ធ្វើការរួមគ្នាដើម្បីកំណត់ ពេលមករដូវ ពេលពងមេជីវិតញីទុំជ្រុះ និងពេលធ្លាក់មេជីវិតញី។
ពងមេជីវិតញី ជាមធ្យមអាចរស់បានរយៈពេល ២៤ម៉ោង បន្ទាប់ពីទុំជ្រុះ ហើយរយៈពេល ២៤ ម៉ោងនេះ គឺសំខាន់ណាស់ដើម្បីបង្កកំណើត ដោយចាំបាច់ត្រូវបានជួបជាមួយមេជីវិតឈ្មោល ទើបការបង្កកំណើតអាចដំណើរការទៅបាន។ បើពងមេជីវិតញី អាចជួបជាមួយមេជីវិតឈ្មោលមានសុខភាពល្អ នៅតាមផ្លូវមកកាន់ស្បូននោះ របត់នៃការបង្កើតជីវិតថ្មីមួយ នឹងកើតឡើងភ្លាម។ តែបើមិនដូចនោះទេ ពងទុំធ្លាក់មកនោះ ពេលមកដល់ស្បូន វានឹងរលាយបាត់ដោយឯកឯង។ បើយើងមិនបានបង្កកំណើតទេ ក្រពេញអូវែ នឹងឈប់បញ្ចេញអ័រម៉ូនអឺស្ត្រូសែន និងប្រូហ្គេស្តេរ៉ូន ដែលអ័រម៉ូនទាំងពីរនេះ មាននាទីជួយការពារការពពោះ។ ពេលអ័រម៉ូនទាំងនេះថយចុះ ស្រទាប់ស្បូនក្រាស់ នឹងបញ្ចេញមកតាមឈាមរដូវ ហើយពងមិនទាន់បង្កកំណើត នឹងដាច់ចុះមកបន្តទៀត។
អត្ថបទពាក់ព័ន្ធ៖
- មេជីវិត ទឹកកាមសុខភាពល្អ អាស្រ័យលើអាហារគួរញ៉ាំ និងទម្លាប់រស់នៅទាំងនេះ!
- តិចនិកជួយទឹកកាមមានសុខភាពល្អ អត្រាមានកូនកាន់តែខ្ពស់
៣- មេជីវិតឈ្មោលកើតឡើងដោយរបៀបណា?
ខណៈពេលស្រីៗចូលដល់វ័យមករដូវ មកទៀងទាត់ជារៀងរាល់ខែ ខាងប្រុសៗឯណេះវិញ ក៏ប្រញាប់ប្រញាល់បង្កើតមេជីវិតឈ្មោល រាប់លានផងដែរ។ មេជីវិតឈ្មោលជាមធ្យម រស់នៅក្នុងរាងកាយប្រុសៗបានតែ ២-៣ សប្តាហ៍ប៉ុណ្ណោះ។ ហើយយ៉ាងហោចណាស់ មេជីវិតឈ្មោលប្រមាណ ៤០លាន ត្រូវបានបញ្ចេញតាមរយៈការបាញ់ទឹកកាមម្ដងៗ មានន័យថាប្រុសៗ ត្រូវបង្កើតកោសិកាមេជីវិតឈ្មោលយ៉ាងទៀងទាត់ក្នុងជីវិតពេញវ័យ ហើយអាចត្រូវការពេលចន្លោះ ២-៣ ខែក្នុងដំណើរការផលិតថ្មី។ អ័រម៉ូនតេស្តូស្តេរ៉ូន មាននាទីផលិតមេជីវិតឈ្មោល ដែលដំណើរការផលិតចាប់ផ្ដើមនៅក្នុងពងស្វាស។ ថ្វីបើចំនួនមេជីវិតឈ្មោល មានដល់ទៅរាប់លានក៏ដោយ ក្នុងពេលបាញ់ទឹកកាមម្ដងៗ គឺមេជីវិតឈ្មោលតែមួយគត់ ដែលអាចបង្កកំណើតជាមួយមេជីវិតញីបាន។ ភេទទារក អាស្រ័យលើប្រភេទមេជីវិតឈ្មោលចូលទៅចាប់ពងបានមុនគេ។ បើមេជីវិតឈ្មោលមានក្រូម៉ូសូម Y នឹងផ្ដល់កំណើតកូនប្រុស ផ្ទុយមកវិញបើមេជីវិតឈ្មោលមានក្រូម៉ូសូម X វានឹងបង្កើតបានកូនស្រី។
[embed-health-tool-due-date]