១- អ្វីជាការបង្កកំណើត?
ការបង្កកំណើត សំដៅនៅពេលមេជីវិតញី និងមេជីវិតឈ្មោលជួបគ្នា ដោយមេជីវិតទាំងពីរ ត្រូវការពេលពី ៤៥នាទី ទៅ ១២ម៉ោង ដើម្បីឲ្យមេជីវិតឈ្មោលអាចហែលទៅជិតបំពង់ដៃស្បូន ជាទីកន្លែងបង្កកំណើតគភ៌ក្នុងផ្ទៃស្រីៗនេះឯង។ ទោះជាយ៉ាងនេះក្ដី មេជីវិតឈ្មោល អាចរស់នៅក្នុងរាងកាយស្រីៗ យូរបំផុតដល់ទៅ ៧ ថ្ងៃ។ ដូចនេះហើយ ការបង្កកំណើត អាចកើតមានគ្រប់ពេលអំឡុងមួយសប្ដាហ៍ បន្ទាប់ពីរួមភេទរួច បើខាងស្រីមានធ្លាក់មេជីវិតញីអំឡុងពេលនេះ។

២- មេជីវិតញីទុំជ្រុះដោយរបៀបណា?
ចំពោះស្រីៗ លទ្ធភាពមានកូន គឺចាប់ផ្ដើមចេញពីក្រពេញអូវែ ដោយក្រពេញនេះមានពីរ ខណៈក្រពេញនីមួយៗភ្ជាប់ទៅនឹងស្បូន។ ក្រពេញទាំងនេះ ពោរពេញទៅដោយស៊ុត តាំងពីពេលស្រីៗកំពុងនៅក្នុងពោះម៉ាក់ៗយើងមកម្ល៉េះ។ គ្រប់ក្មេងស្រីៗកើតមក គឺមានពងមេជីវិតញីពី ១-២ លានពង ស្ថិតក្នុងក្រពេញអូវែ។ ពងមេជីវិតចាប់ផ្ដើមងាប់ភ្លាមៗ ហើយពងនៅសល់ នឹងចាប់ផ្ដើមបន្ថយចំនួននៅពេល ស្រីៗចាប់ផ្តើមចាស់ទៅ។ ជាធម្មតា ស្រីៗអាចបញ្ចេញពងមេជីវិតញីប្រហែល ៤០០ពង នៅអំឡុងឆ្នាំអាចបង្កកំណើតបាន គឺនៅឆ្នាំទីដំបូងដែលយើងចាប់ផ្តើមមករដូវ និងទៅដល់ឆ្នាំចុងក្រោយបង្អស់មុនពេលវ័យអស់រដូវមកដល់ (Menopause)។
រាល់ពេលមករដូវម្ដងៗ បន្ទាប់ពីមករដូវចប់ ពងមេជីវិតញីពី ១-៣ ពង នឹងទុំក្នុងក្រពេញអូវែណាមួយ ហើយពងទុំជាងគេ នឹងធ្លាក់ចេញមក ដែលដំណើរការនេះហៅថា ការធ្លាក់មេជីវិតញី (Ovulation)។ ពងមេជីវិតញីទុំជ្រុះនេះ នឹងស្រូបឡើងដោយបំពង់រាងដូចផ្កាទូលីប នៅជិតដៃស្បូន ដោយបំពង់ដៃស្បូននេះមានទាំងអស់ពីរ ប្រវែង ១០សង់ទីម៉ែត្រ ភ្ជាប់ក្រពេញអូវែ និងស្បូន។ ការធ្លាក់មេជីវិតញី (Ovulation) គឺជាពេលពិសេសមួយ មុននឹងពេលមករដូវម្ដងទៀត (ប្រហែល ១២-១៤ ថ្ងៃ មុនរដូវបន្ទាប់មកដល់)។ ពេលវេលាធ្លាក់មេជីវិតញីពិតប្រាកដ គឺអាស្រ័យលើរយៈពេលស្រីៗមករដូវ ហើយពេលមករដូវ មានអ័រម៉ូន ២-៣ ប្រភេទខុសៗគ្នា ធ្វើការរួមគ្នាដើម្បីកំណត់ ពេលមករដូវ ពេលពងមេជីវិតញីទុំជ្រុះ និងពេលធ្លាក់មេជីវិតញី។