ពពោះចូលចិត្តញ៉ាំហឹរ ប៉ះពាល់កូនអត់?

ដោយ ត្រួតពិនិត្យដោយ គឹម កាណែល

ស្រីៗ​គ្នា​យើង ឲ្យ​តែ​ពពោះ ច្បាស់​ជា​កើត​មាន​ចំណង់​អាហារ​ប្លែកៗ នឹក​ឃើញ​អី ឃ្លាន​នឹង​ភ្លែត នេះ​ក៏​ដោយសារ​បម្រែ​បម្រួលអ័រ​ម៉ូន​ក្នុង​រាង​កាយ។ ជា​ធម្មតា អំឡុង​ពេល​ពពោះ ចំណង់​អាហារ​អាច​កើត​មាន​គ្រប់​រសជាតិ គ្នា​យើង​ខ្លះ​ ចង់​ញ៉ាំ​ប្រៃ ខ្លះចង់ផ្អែម ខ្លះ​ចូល​ចិត្ត​ជូរ​ ពិសេស​អារឿង​ញ៉ាំ​ហឹរ​តែ​ម្តង។ ស្រីៗ​ចូលចិត្ត​ញ៉ាំ​ហឹរ ពិសេស​ពេល​ពពោះ តែង​ឆ្ងល់​ថា​ អាច​ប៉ះពាល់គភ៌​ក្នុង​ផ្ទៃ​ដែរ​អត់ ហេតុនេះ “Hello គ្រូពេទ្យ” នឹង​បក​ស្រាយ​ចម្ងល់​គ្នា​យើង​ក្នុង​​អត្ថបទ​នេះ​តែ​ម្តង។

១- ញ៉ាំ​ហឹរ​ប៉ះពាល់​កូនក្នុង​ផ្ទៃ?

អាហារ​ហឹរ​ មិន​ត្រឹម​មិន​​ប៉ះ​ពាល់​ដល់​កូន​យើង​ទេ អាចនឹង​ល្អ​សម្រាប់​គភ៌​ទៀតផង ព្រោះអាហារ​ហឹរ​ ជា​អាហារ​មួយ​ក្នុង​ចំណោម​អាហារ​ផ្សេង​ទៀត​ ជួយ​​កូនក្នុង​ផ្ទៃ ​អាច​ដឹង​រសជាតិ​ ដោយ​សារ​តែរសជាតិ​អាហារ ​អាច​ឆ្លង​កាត់​តាម​ទឹក​ភ្លោះ​ទៅ​កាន់​គភ៌។ ម្យ៉ាង​ទៀត ​អាច​ជា​ការ​ចូល​ចិត្ត​របស់​កូនយើង ​ក្នុង​ការ​ផ្លាស់​ប្តូរ​នូវ​រស​ជាតិ​អាហារ​បែប​នេះ​ដែរ។

ការ​ឲ្យ​កូន​​សាក​ល្បងទទួល​បាន​​រស​ជាតិ​ខុស​ៗ​គ្នា​ពេល​នៅ​ក្នុង​ពោះ​ អាច​ជួយ​ឲ្យ​កូន​យើង​​មិន​សូវ​រើស​អាហារ​ក្រោយ​ពេល​កើត។ អ្នក​ស្រាវ​ជ្រាវ​រស​ជាតិ​នៅ​ឯសាកល​វិទ្យាល័យ​ Florida លោក​ស្រី​ Rida ​បាន​និយាយ​ថា​ ទារក​ធ្លាប់​ទទួល​បាន​នូវ​រស​ជាតិ​ច្រើន​ពេល​ក្នុង​ផ្ទៃ អាច​នឹង​ចូល​ចិត្ត​នូវ​សាក​ល្បង​រស​ជាតិ​ថ្មី​ៗ ហើយ​ក៏​អាច​ក្លាយ​ជាទម្លាប់​ក្នុង​មួយ​ជីវិត​គេ​ដែរ។ បើ​គ្នា​យើង​​មិន​ចង់​ឲ្យ​កូន​ទទួល​បាន​នូវ​រសជាតិ​ថ្មី​ៗ​ច្រើន​នោះ មាន​អាហារ​មួយ​ចំនួន​ខ្លះ គឺ​មិន​អាច​ឆ្លង​កាត់​តាម​ទឹក​ភ្លោះ និង​ទឹក​ដោះ​ម្តាយ​បាន​មាន​ដូច​ជា​ ទឹក​វ៉ានីឡា ការ៉ុត ខ្ទឹម​ស និង​ជី​អង្កាម។

អត្ថបទ​ពាក់​ព័ន្ធ៖

២- ញ៉ាំ​ហឹរ​ប៉ះពាល់​ម៉ាក់ៗ​ពេល​ពពោះ?

គ្នា​យើង​ភាគ​ច្រើនជឿ​ថា​ ស្រីៗ​​មាន​ផ្ទៃ​ពោះ គួរ​ចៀស​វាង​ញ៉ាំ​អាហារ​ហឹរ ​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​សីតុណ្ហភាព​ក្នុង​ខ្លួន​ឡើង​ខ្ពស់​ ហើយ​ការ​ញ៉ាំ​អាហារ​ក្តៅ​ ក៏​អាច​ធ្វើ​ឲ្យ​សីតុណ្ហ​ភាព​ក្នុង​ខ្លួន​ឡើង​ក្តៅ​ផង​ដែរ។ គ្នា​យើង​​ខ្លះ ​និយាយ​ថា ​ញ៉ាំ​អាហារ​ហឹរ​ អាច​បណ្តាល​ឲ្យ​សាច់​ដុំ​ពោះ​មាន​ការ​កន្រ្តាក់​ជា​ហេតុ​នាំ​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ ឬរលូត​កូន​បាន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ជំនឿ​ខាង​លើ​ គឺ​មិន​មាន​ការ​គាំ​ទ្រ​ខាង​វិទ្យាសាស្ត្រ​នោះទេ។ មាន​ស្រីៗ​ជាច្រើន ​ធម្មតា​ចូល​ចិត្ត​ញ៉ាំ​អាហារ​ហឹរ ជាក់​ស្តែង ស្រីៗ​​ជន​ជាតិ​ថៃ និង​ឥណ្ឌា ក៏​​មិន​បាន​ផ្លាស់​ប្តូរ​នូវទម្លាប់​ញ៉ាំ​អាហារ​ហឹរ​អំឡុង​ពេល​មាន​ព​ពោះ​នោះ​ដែរ ហើយ​ក៏​មិន​មាន​របាយ​ការណ៍​​ណា​មួយ ជាប់​ពាក់​ព័ន្ធ​ការលើក​ឡើង​ខាង​លើ​នោះ​ដែរ។

ទោះ​បី​ជា​ការ​ញ៉ាំ​អាហារ​ មិន​ប៉ះ​ពាល់​គភ៌​ក៏​ពិត​មែន ប៉ុន្តែ​អាច​ធ្វើ​ឲ្យយើង​​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន​បាន។ រោគ​សញ្ញា​ទូទៅ គឺ​អាការៈក្រហាយ​ទ្រូង និងចាល់​អាស៊ីដ​ក្រពះ។ អាការៈ​ក្រហាយ​ទ្រូង​ ​ច្រើន​កើត​មាន​នៅ​ត្រី​មាស​ចុង​ក្រោយ​នៃ​ការពពោះ​ ដោយ​សារ​តែ​ទារក​ក្នុង​ផ្ទៃ​កំពុង​មាន​ការ​លូត​លាស់​ បណ្តាល​ឲ្យ​មាន​ការ​ច្រាល​អាស៊ីដ​ក្រពះ​ឡើង​មក​លើ​ ចូល​ទៅ​ក្នុង​បំពង់​អាហារ​វិញ។ ដូច្នេះ​​បើ​ យើង​ចង់​ចៀស​វាង​ពី​ការ​ច្រាល​អាស៊ីដ​ក្រពះ គឺ​ត្រូវ​ចៀស​វាងញ៉ាំ​អាហារ​ហឹរ។

ដោយ​ឡែក ក្រៅ​ពី​មិន​បង្ក​ឲ្យ​ប៉ះពាល់​សុខភាពទាំង​ម៉ាក់ៗ និង​គភ៌​ហើយ​នោះ វិទ្យា​សាស្រ្ត​បានរក​ឃើញ​ពី​អត្ថប្រយោជន៍​មួយ​ចំនួន​ពាក់​ព័ន្ធ​ការ​​ញ៉ាំ​អាហារ​ហឹរ ជួយ​ដល់​សុខភាព​យើង​ដូច​ជា៖
– រស់​បាន​យូរ
– ស្រក​ទម្ងន់
– កាត់​បន្ថយ​ការ​ឈឺ​ចាប់
– កាត់​បន្ថយការ​រលាក
– ការ​ពារ​ពី​ការ​ឆ្លង​បាក់​តេរី និង​វីរុស

វិធី​​ល្អ​បំផុត​សម្រាប់ ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​របប​អាហារមាន​សុខ​ភាព​ល្អ ផ្លាស់​ប្តូរ​របប​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ចៀស​វាង​​អាហារ​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ស្រួល។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 1, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 1, 2019

ប្រភព
អ្នកអាចចូលចិត្ត