១- បាត់បង់ឱកាសការងារ
ជោគជ័យក្នុងការងារ ជាក្ដីសុបិនធំបំផុតមួយក្នុងជីវិតយុវវ័យ។ ស្របពេលគ្នាយើងកំពុងព្យាយាមប្រឹងប្រែងសម្រេចក្តីសុបិនមួយនេះ ស្រាប់តែមានអូនៗជាហេតុនាំឲ្យត្រូវផ្អាកការងារមួយរយៈ ហើយទម្រាំតែមាតុភាពកន្លងផុត ត្រលប់ចូលធ្វើការងារវិញ អ្វីៗអាចហួសពេលបាត់ទៅហើយ។
២- លុយកាក់មិនសូវមាន
មានអូនៗដូចត្រូវបង់ពន្ធមួយជីវិត ម៉ាក់ៗត្រូវលះបង់គ្រប់បែបយ៉ាង ហើយការត្រលប់ទៅធ្វើការងារវិញ ក៏មិនងាយបានផ្លែផ្កាជាដុំកំភួនអ្វីដែរ បើប្រៀបធៀបទៅអ្នកមិនទាន់មានអូនៗ។ មានអូនៗពេលចាស់បន្តិច មិនត្រឹមតែមានពេលត្រៀមខ្លួនបានល្អប៉ុណ្ណោះទេ ការងារក៏មានភាពនឹងន ហើយមានលុយគ្រប់គ្រាន់រៀបចំផែនការគ្រួសារទៀតផង។
៣- ចំណងអាពាហ៍ពិពាហ៍អាចប្រេះស្រាំ
ប្ដីប្រពន្ធថ្មីថ្មោង មិនសូវមានបទពិសោធមើលថែទាំចិញ្ចឹមបីបាច់បេប៊ីនោះឡើយ អាចគិតថាវាជារឿងពិបាក។ ម៉ាក់ៗមួយចំនួនអាចនឹងមានអារម្មណ៍ស្ត្រេស បាក់ទឹកចិត្តក៏មាន ចំណែក ប៉ាៗវិញក៏អាចមានអារម្មណ៍ដូចមិនត្រូវបានយកចិត្តទុកដាក់ ដូចពេលទើបរៀបការថ្មីៗផងដែរ។ មួយវិញទៀត ពេលខ្លះដោយហេតុថាវ័យនៅក្មេងពេក ភាពអំណត់អត់ធន់នៅមានកម្រិត ហើយចំណូលចិត្ដដូចជាការដើរលេងកម្សាន្ត មើលកុន ដើរផ្សារជាមួយដៃគូ មិនទាន់លះបង់បាននៅឡើយ។ ហេតុនេះអាចបណ្ដាលឲ្យមានការអាក់អន់ស្រពន់ចិត្តនឹងគ្នា តែយ៉ាងណានៅតែមានគូស្វាមីភរិយាខ្លះអាចជម្នះឧបសគ្គទាំងនេះបានយ៉ាងល្អ។