១- អ្វីជាការប៉ះស្បែក និងស្បែក
បន្ទាប់ពីអ្នកបានកើតកូនហើយ គ្រូពេទ្យនឹងយកកូនអ្នកមកដាក់ពោបពីលើទ្រូងម៉ាក់។ ការប៉ះពាល់គ្នាផ្ទាល់បែបនេះ គឺជាពេលវេលាសំខាន់ដែលយើង និងកូនអ្នកចាប់ផ្ដើមស្គាល់គ្នា ហើយកូនក៏ចាប់ផ្ដើមទទួលអារម្មណ៍កក់ក្ដៅពីម៉ាក់ៗ។
២- ការសិក្សា និងលទ្ធផលគួរឲ្យភ្ញាក់ផ្អើល
អ្នកស្រាវជ្រាវឈ្មោះ Nathalie Maitre នៅមន្ទីរពេទ្យ Nationwide Children’s Hospital បានបកស្រាយការវិវត្តន៍ខួរក្បាលទារក ១២៥ នាក់ដោយមានជំនួយពីមួកអេឡិចត្រូអង់សេហ្វាឡូក្រាម (EEG) ។ ការសិក្សាត្រូវបានធ្វើឡើងលើទារកដែលកើតនៅចន្លោះសប្ដាហ៍ទី ២៤-៣៦ និងទារកកើតនៅសប្ដាហ៍ទី ៣៨-៤២។

អ្នកស្រាវជ្រាវបានរកឃើញថា ការប៉ះស្បែករបស់កូន និងម៉ាក់ៗពេលដំបូងបន្ទាប់ពីកើត មានឥទ្ធិពលលើខួរក្បាលកូន។ ការប៉ះពាល់ផ្ទាល់ស្បែកនិងស្បែកអាចឲ្យមានផលល្អលើប្រព័ន្ធប្រសាទបានជាពិសេសសម្រាប់ទារក ១៥ លាននាក់ដែលកើតមិនគ្រប់ខែរៀងរាល់ឆ្នាំ។ ការស្រាវជ្រាវមុនៗរបស់លោកស្រី Maitre ពីអត្ថប្រយោជន៍នៃការដាក់កូនពោបលើទ្រូងបែបនេះ អាចជួយកុមារពីហានិភ័យនៃការចុះកម្ដៅខ្លាំងនៅក្នុងខ្លួន (Hypothermia) ចំពោះក្មេងដែលកើតមិនគ្រប់ខែបាន។ ដូច្នេះការប៉ះស្បែកគ្នានៅពេលដំបូងរបស់ទារកពិតជាអាចជួយឲ្យខួរក្បាលមានការអភិវឌ្ឍ និងមានសុខភាពល្អក្នុងរយៈពេលវែង។