ការសម្រាលកូន ជារឿងមិនធម្មតាមួយដែលម្ដាយគ្រប់រូបត្រូវទ្រាំនឹងភាពឈឺចាប់ខ្លាំង ទម្រាំតែសម្រាល ហើយពេទ្យធ្វើកិច្ចការដែលត្រូវធ្វើចប់។ ស្របគ្នានេះ ម៉ាក់ក៏ប្រឈមនឹងគ្រោះថ្នាក់ដល់សុខភាពច្រើនដែរ បើមិនប្រយ័ត្នត្រឹមត្រូវ ដូចជាការបង្ករោគក្រោយសម្រាលជាដើម។
ការបង្ករោគសម្រាលកើតឡើងនៅពេលបាក់តេរីឆ្លងទៅស្បូន ឬតំបន់ជុំវិញនោះ បន្ទាប់ពីម៉ាក់ៗសម្រាលកូនរួច។ នេះបើតាមការពន្យល់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន។
បាក់តេរីរស់នៅក្នុងទ្វារមាសដែលមានសុខភាពល្អ អាចបង្កជាការឆ្លងមេរោគក្រោយពេលម៉ាក់ៗសម្រាលកូនរួច ហើយកត្តាដែលបណ្ដាលឲ្យស្ត្រីវិវត្តទៅជាការបង្ករោគនោះមានដូច៖
– ពន្យារពេលយូររវាងការបែកទឹកភ្លោះ និងការសម្រាល (លើស១៨ម៉ោង)
– សម្រាលកូនរយៈពេលយូរ
– ការពិនិត្យទ្វារមាសច្រើនដងអំឡុងពេលសម្រាល
– ធ្លាក់ឈាមច្រើនក្រោយសម្រាល
– ម្ដាយមានជំងឺកង្វះគ្រាប់ឈាមក្រហម។ល។
ចំពោះរោគសញ្ញានៃការបង្ករោគក្រោយសម្រាលនេះ អាចប្រើរយៈពេលរាប់ថ្ងៃទម្រាំតែយើងដឹង។ ពេលខ្លះទោះម៉ាក់ៗត្រូវបានអនុញ្ញាតឲ្យទៅផ្ទះហើយ នៅមិនទាន់ចេញរោគសញ្ញាឲ្យដឹងដែរ ដូចនេះ ម៉ាក់ៗត្រូវសម្គាល់រោគសញ្ញាដោយខ្លួនឯងដែលរោគសញ្ញាបញ្ហាបង្ករោគក្រោយនេះមានដូចជា៖
១. ក្ដៅខ្លួន ឬមានអារម្មណ៍ថាព្រឺរងាៗ
២. ធ្លាក់សមានក្លិនអាក្រក់
៣. ស្លេកស្លាំង
៤. ឈឺក្បាល មិនស្រួលខ្លួន
៥. បាត់បង់ចំណង់អាហារ និងចង្វាក់បេះដូងកើនឡើង។ល។
[embed-health-tool-due-date]