ការសម្រាលកូនគឺជាកត្តាធម្មជាតិមួយដែលស្ត្រីត្រូវជួបប្រទះ ហើយរាល់បទពិសោធន៍នៃការសម្រាលកូនរបស់ម៉ាក់ៗពពោះគ្រប់រូបក៏មិនដូចគ្នាដែរ។ ភាគច្រើនស្ត្រីពពោះកូនដំបូងៗ តែងមានអារម្មណ៍ភ័យអរៗ ព្រោះមិនដឹងមានអ្វីនឹងកើតឡើងខ្លះនៅពេលសម្រាល។ ការសម្រាលកូនត្រូវបានចែកចេញជា ៣ ដំណាក់កាល គឺដំណាក់កាលដំបូង ដំណាក់កាលឈឺពោះកើតកូន និងដំណាក់ការសម្រាល។ នេះបើតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ។
១. ដំណាក់កាលដំបូង
ការកន្ត្រាក់ស្បូនតែងមានរយៈពេលចន្លោះពី ៣០-៦០ វិនាទី។ ធម្មតា វាចាប់ផ្ដើម ២០ នាទី/ម្ដង បន្ទាប់មក ផ្លាស់ប្ដូរមក ៥ នាទី/ម្ដង។ ត្រូវសម្គាល់ក្រោយធ្វើចលនាចុះឡើងនៅតែកន្ត្រាក់ ឬយ៉ាងណា អាចនឹងខ្លាំងឡើង ចាប់ផ្ដើមឈឺពីខ្នង រួចផ្លាស់ទីមកខាងមុខវិញ។ សញ្ញាកន្ត្រាក់ដល់ពេលសម្រាល រយៈពេល ៦-៨ ម៉ោងមុន សម្រាប់គ្នាយើងមានកូនដំបូង និង ពី ២-៥ ម៉ោង សម្រាប់គ្នាយើងមានផ្ទៃពោះលើកទី ២ ឬច្រើនជាងនេះ។ ដើម្បីជួយបំបាត់ការឈឺចាប់ ម៉ាក់ៗអាចសម្រាក ងូតទឹក ញ៉ាំអាហារបន្តិចបន្តួច ដើរ និងហាត់ដកដង្ហើមយឺតៗ។
២. ដំណាក់កាលឈឺពោះកើតកូន
ការកន្រ្ដាក់សាច់ដុំស្បូនមានការកើនឡើងកាន់តែខ្លាំងពី ៤៥-៦០វិនាទី និងចាប់ផ្ដើមពី ៣-៥នាទី/ម្ដង។ គ្នាយើងមួយចំនួនមានអារម្មណ៍មិនស្រួលខ្នង និងត្រគាក ព្រមទាំងរមួលក្រពើនៅជើង និងបាតជើង ជាសញ្ញាបញ្ជាក់ដំណាក់កាលគ្នាយើងត្រូវប្រើថ្នាំស្ពឹក Epidural។ ករណីនេះអាចមានចន្លោះ ៣-៦ ម៉ោងសម្រាប់កូនដំបូង និង ១-៣ ម៉ោងសម្រាប់ផ្ទៃពោះកូនទី ២ ឡើង។ បើយើងលេបថ្នាំ Pitocin ជួយបង្កើនការកន្រ្ដាក់ នឹងជួយឲ្យការសម្រាលកាន់តែខិតចូលមកដល់។ បើប្រើថ្នាំស្ពឹកចាក់ឆ្អឹងខ្នងវិញ គឺដូចជាពន្យារពេលយឺតជាងមុន។
នៅពេលអាការៈដល់ដំណាក់កាលនេះ ត្រូវប្រញាប់ទៅពេទ្យ បើនៅពេទ្យស្រាប់ ត្រូវទៅបន្ទប់សម្រាល។ ករណីបានចាក់ថ្នាំស្ពឹកឆ្អឹងខ្នង គ្នាយើងមិនអាចចេញពីគ្រែសម្រាលបានទេ តែបើអាច ផ្លាស់ប្ដូរទីតាំងលើគ្រែរាល់កន្លះម៉ោងម្ដង។ បើអាចព្យាយាមដើរឡើងចុះជណ្ដើរ ២-៣ នាទីម្ដង (គ្រូពេទ្យអនុញ្ញាត) ឬដើរក្នុងបន្ទប់ក៏បាន។ ការធ្វើចលនានឹងជួយឲ្យស្បូនរីកធំ ជាពេលត្រូវប្រើវិធីសាស្ត្របន្ធូរអារម្មណ៍ធ្លាប់បានដឹងពីមុនមក។
៣. ដំណាក់កាលសម្រាល
ការកន្រ្ដាក់សាច់ដុំស្បូនរឹតតែខ្លាំងពី ៦០-៩០ វិនាទី ចាប់ផ្ដើមម្តងៗពី ៩០ វិនាទី ទៅ ២ ម៉ោង។ អាចមានសម្ពាធនៅត្រគាក និងរន្ធគូទ គ្រុនក្ដៅ ត្រជាក់បាតជើង និងចង់ក្អួត។ ដំណាក់កាលនេះមានរយៈពេលខ្លី ប៉ុន្តែ តឹងតែងខ្លាំង។ ត្រូវស្រមៃយើងកំពុងនៅកន្លែងមានសុវត្ថិភាព កំពុងបន្ធូរអារម្មណ៍ ដកដង្ហើមវែងៗ ស្រមៃឲ្យដូចការពិត ទោះបីគ្នាយើងឈឺខ្លាំងជាងធម្មតា តែដំណាក់កាលនេះមិនអាចប្រើថ្នាំស្ពឹកបានទេ។
ម៉ាក់ៗក៏ត្រូវដឹងថា ១ខែមុនពេលសម្រាលមានសញ្ញាប៉ុន្មាននេះនឹងកើតឡើងដូចជា កូនធ្លាក់ចូលអាងត្រគាក ឧស្សាហ៍ឈឺពោះឈឺចង្កេះ រាករូស អស់កម្លាំង និងទឹករម្អិលប្រែពណ៌ និងសភាពខាប់ៗ។ ចំពោះប៉ុន្មានម៉ោងមុនសម្រាលម៉ាក់នឹងជួបប្រទះសញ្ញាខ្លះទៀតដូចជា៖
– ស្បូនចាប់ផ្តើមកន្ត្រាក់៖ ករណីកន្រ្ដាក់ស្បូន ជាសញ្ញាប្រាប់ពីការឈឺពោះសម្រាល ចឹងសូមប្រុងប្រយ័ត្ន ព្រោះគ្នាយើងខ្លះមានការកន្រ្ដាក់ស្បូនជាច្រើនថ្ងៃ ឬច្រើនសប្ដាហ៍ មុននឹងសម្រាលអូនៗ។ នេះហៅថា ការកន្រ្ដាក់ Braxton-Hicks មិនមែនជាសញ្ញាសម្រាលអូនៗដែរ រីឯសញ្ញាខាងក្រោមនេះ ទើបជាសញ្ញាឈឺពោះសម្រាលពិតប្រាកដ៖
- ការកន្រា្ដក់ស្បូនកាន់តែខ្លាំងឡើង និងមិនបាត់ទៅវិញទេ
- ទោះបីផ្លាស់ប្ដូរឥរិយាបថ ក៏មិនបាត់កន្ត្រាក់
- ការកន្រ្ដាក់នាំឲ្យឈឺនៅចង្កេះ បន្តទៅពោះផ្នែកខាងក្រោម និងជើង
- ឧស្សាហ៍កន្ត្រាក់ ឈឺចាប់ខ្លាំង ពេលខ្លះជាប់ៗគ្នា។
– បែកទឹកភ្លោះ៖ ពេលបែកទឹកភ្លោះ មានន័យថា ស្រោមសុកក្នុងពោះដាច់រហែក ឈឺពោះសម្រាលអូនៗជិតកើតឡើងដូចគ្នា ប៉ុន្តែបែកទឹកភ្លោះកើតឡើងតែក្នុងដំណាក់កាលចុងក្រោយនៃការឈឹពោះកើតកូនប៉ុណ្ណោះ។
[embed-health-tool-due-date]