backup og meta

អត្ថប្រយោជន៍ ៦យ៉ាង​បានពី​ផ្លែ​កៅឡាក់​ល្អចំពោះសុខភាព

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា · កែ Oct 11, 2021

    អត្ថប្រយោជន៍ ៦យ៉ាង​បានពី​ផ្លែ​កៅឡាក់​ល្អចំពោះសុខភាព

    ផ្លែ​កៅឡាក់ ជា​ប្រភេទ​គ្រាប់​ធញ្ញជាតិ​ដែល​ល្អ​សម្រាប់​សុខភាព។ ទោះ​ជា​​ផ្លែ​កៅឡាក់​មាន​ច្រើន​ប្រភេទ អត្ថប្រយោជន៍ និង​ជីវជាតិរបស់​ផ្លែ​នេះ​ គឺ​ដូច​គ្នា។ ផ្លែ​កៅឡាក់ ជា​ប្រភព​ដ៏​ល្អ​នៃ​សារធាតុ ប្រឆាំង​អុកស៊ីតកម្ម​ ​សូម្បី​តែ​ពេល​ចម្អិន​រួច​ក៏​ដោយ។ ផ្លែ​នេះ​សម្បូរ អាស៊ីត Gallic និង អាស៊ីត Ellagic សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ពីរ​អាច​កើន​ឡើង​នៅ​ពេល​ចម្អិន។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សារធាតុ​រ៉ែ ដូច​ជា ម៉ាញេស្យូម និង​ប៉ូតាស្យូម​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា សរសៃ​ឈាម​បេះដូង ជំងឺ​បេះដូង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​នៃ​ផ្លែ​កៅឡាក់ ៖

    ១.ការពារ​ពី​ជំងឺ​ទឹក​នោម​ផ្អែម

    មាន​គ្នា​យើង​ភាគ​តិចណាស់​ដែល​ដឹង​អំពី​តួ​នាទី​សំខាន់​នៃ​សារជាតិ​សរសៃ​ ដែល​អាច​ដើរ​តួ​ក្នុង​ការ​ការពារ​និង​ការ​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម។ ​ផ្លែ​កៅឡាក់ មាន​ជាតិ​សរសៃ​ខ្ពស់​ និង​មាន​ជាតិ​ស្ករ​ទាប ដូច​នេះ​ហើយ​ទើប​​ផ្លែ​នេះ​អាច​ធ្វើ​ឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​យឺត បើ​ប្រៀប​ធៀប​ទៅ​នឹង​អាហារ​ដែល​មាន​ជាតិស្គរខ្ពស់។ ផ្លែ​កៅឡាក់​ជួយ​ការពារ​ការ​កើន​ឡើង​ និង​ការ​ធ្លាក់​ចុះ​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​គ្នា​យើង​ដែល​មាន​ជំងឺ​ទឹកនោមផ្អែមផង​ដែរ​។

    ២. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ

    ការ​ប្រមូល​ផ្ដុំ​នៃ វីតាមីន C ខ្ពស់ និង​សមាស​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដទៃ​ទៀត​នៅ​ក្នុង​ផ្លែ​កៅឡាក់ ធ្វើ​ឱ្យ​ពួក​វា​បង្កើន​ការ​ការពារ​ប្រព័ន្ធ​ការពារ​របស់​យើង។ វីតាមីន C មិន​ត្រឹម​តែ​រំញោច​ដល់​ការ​ផលិត​កោសិកា​ឈាម​ស ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ដើរ​តួ​ជា សារធាតុ​ប្រឆាំងអុកស៊ីតកម្ម ​ជួយ​តាម​រក​ពពួក​រ៉ាឌីកាល់​សេរី នៅ​ក្នុង​រាង​កាយ​ និង​បន្សាប​រ៉ាឌីកាល់ទាំង​នេះ​មុន​ពេលពួកវា​​ធ្វើ​ឱ្យ​កោសិកា​ដែល​មាន​សុខភាព​ល្ប្រែ​ប្រួល​ ឬ​កាត់​បន្ថយ​oxidative stress នៅ​ក្បែរ​សរីរាង្គ​ដែល​សំខាន់ៗ។ ផ្លែ​នេះ​អាច​ជួយ​ប្រព័ន្ធ​ភាព​ស៊ាំ ទប់ទល់​​ភ្នាក់​ងារ​បង្ក​រោគ និង​ការពារ​ជំងឺ។

    ៣. ជួយ​បំបាត់​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ

    ផ្លែ​កៅឡាក់​មាន​ជាតិ​សរសៃ​ខ្ពស់​ មាន​ន័យ​ផ្លែ​នេះ​មាន​ឥទ្ធិពល​ក្នុង​ការ​ការពារ​ក្រពះ​ពោះ​វៀន។ ជាតិ​សរសៃ​ជួយ​ជំរុញ​ចលនា​នៅ​ក្នុង​ពោះវៀន ជួយ​គ្រប់​គ្រង​ការ​បន្ទោបង់ ​ការពារ​ពី​ការ​រលាក​ និង​អាការៈ​មិន​ស្រួល​ក្នុង​ពោះ​។ ជាតិ​សរសៃ​ក៏​អាច​ជួយ​បង្កើន​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ដែលទទួល​បាន​ច្រើន​ពី​អាហារ​យើង​ញ៉ាំ។

    ៤.ជួយ​មុខ​ងារ​ខួរ​ក្បាល​ប្រសើរ​ឡើង

    មុខ​ងារ​ខួរ​ក្បាល​ និង​ការ​ចង​ចាំ ត្រូវ​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​តាម​វិធី​មួយ​ចំនួន​ដោយ​ការ​ញាំ​គ្រាប់​កៅឡាក់។ គ្រាប់​ទាំង​នេះ​សម្បូរ​ទៅ​ដោយ​ក្រុម​វីតាមីន​ B  ដែល​ត្រូវ​បាន​ភ្ជាប់​ដោយ​ផ្ទាល់​ទៅ​នឹង​ការ​អភិវឌ្ឍ និង​មុខ​ងារ​សរសៃ​ប្រសាទ។ លើស​ពី​នេះ​ប៉ូតាស្យូម ដែល​មាន​នៅ​ក្នុង​ផ្លែ​នេះ​ក៏​អាច​បង្កើន​លំហូរ​ឈាម​ទៅ​កាន់​ខួរ​ក្បាល និង​លើក​កម្ពស់​សុខភាព​ប្រព័ន្ធ​ប្រសាទ​ជួយ​បង្កើន​ការ​ផ្ដោត​អារម្មណ៍​ និង​ការ​ចង​ចាំ។

    ៥. ការពារ​​ជំងឺ​រ៉ាំរ៉ៃ

    ជំងឺ​រ៉ាំរ៉ៃ​គ្រប់​ប្រភេទ​បណ្ដាល​មក​ពី​ការ​បញ្ចេញ​រ៉ាឌីកាល់​សេរី​ដែល​ជា​ធម្មជាតិ​នៃ​កោសិកា​ផ្លូវដង្ហើម។ ទាំង​នេះ​អាច​បណ្ដាល​ឱ្យ​កោសិកា​ដែល​មាន​សុខភាព​ល្អ​ផ្លាស់​ប្ដូរ​ ជា​លទ្ធ​ផល​អាច​កើត​មហារីក oxidative stress និង​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន។ បើ​គ្មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដូច​មាន​នៅ​ក្នុង​ផ្លែ​កៅឡាក់​ នោះ​រាង​កាយ​របស់​យើង​នឹង​ត្រូវ​ប្រយុទ្ធ​ប្រឆាំងមេរោគ​ច្រើន​ដូច​ប្រយុទ្ធ​ច្រើន​សមរភូមិ​អ៊ីចឹង​ដែរ​។ ដូច្នេះ​ការ​បង្កើន​ការ​ការពារ​ដោយ​ញាំ​ផ្លែ​កៅឡាក់​បន្តិច​បន្តួច​ក្នុង​មួយ​ថ្ងៃ គឺ​ជា​រឿង​​ល្អ។

    ៦.ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម

    នៅ​ពេល​និយាយ​ពី​ការ​បញ្ចុះ​សម្ពាធ​ឈាម សារធាតុ​រ៉ែ​មាន​សារ​សំខាន់​​តិចតួច​ជាង​ប៉ូតាស្យូម។ ប៉ូតាស្យូម​អាច​គ្រប់គ្រង​ចលនា​ទឹក​នៅ​ក្នុង​ខ្លួន ហើយ​ក៏​មាន​តួនាទី​ជា​ថ្នាំ​រំញោច​សរសៃ​ឈាម​បង្កើន​លំហូរ​ឈាម និង​បញ្ចេញ​ភាព​តាន​តឹង​លើ​សរសៃ​ឈាម​ផង​ដែរ។ ការ​កាត់​បន្ថយ​សម្ពាធ​ឈាម អាច​បង្កើន​សុខភាព​សរសៃ​ឈាម​បេះដូង​ទូទៅ​ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ គាំង​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា · កែ Oct 11, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម