ញ៉ាំត្រី ជួយ​បន្ថយហានិភ័យជំងឺ​ច្រើន​យ៉ាង​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Oct 05, 2020

    ញ៉ាំត្រី ជួយ​បន្ថយហានិភ័យជំងឺ​ច្រើន​យ៉ាង​

    គ្នាយើងច្បាស់ជាបានដឹង បានឮច្រើនយើងពីសាច់ត្រី សម្បូរទៅដោយគុណសម្បត្តិសុខភាពជាច្រើន សក្តិសមទាំងក្មេងទាំងចាស់។ ប៉ុន្តែធ្លាប់ដឹងអត់ ថា​នៅពេល​ណាមួយ​ទៅ​ថ្ងៃអនាគត​ត្រីអាច​នឹង​ផុត​ពូជ​?​

    ១- គុណសម្បត្តិពីការញ៉ាំសាច់ត្រី

    គុណសម្បត្តិចម្បងពីការញ៉ាំសាច់ត្រី គឺទទួលបាននូវអាស៊ីដខ្លាញ់អូមេហ្គា ៣ យ៉ាងច្រើនដែលមានក្នុងខ្លាញ់ត្រី។ ដោយសារតែ សារធាតុខ្លាញ់ល្អមួយនេះ រាងកាយយើងមិនអាចផលិតដោយខ្លួនឯងបានឡើយ ហើយយើងក៏មិនអាចរស់នៅដោយគ្មានអាស៊ីដខ្លាញ់អូមេហ្គា ៣ បានដូចគ្នា។

    អាស៊ីដខ្លាញ់អូមេហ្គា ៣ ជួយឲ្យដំណើរក្នុងរាងកាយមានតុល្យភាព ជួយប្រព័ន្ធរាងកាយត្រឡប់មករកភាពប្រក្រតីវិញក្រោយរងសម្ពាធខ្លាំងពីសកម្មភាពប្រចាំថ្ងៃរបស់យើង។ នេះបើតាមការអះអាងពីលោក Richard Bazinet ជំនួយការសាស្ត្រាចារ្យ និងជាអ្នកជំនាញអាស៊ីដខ្លាញ់សម្រាប់ធ្វើមេតាបូលីស នៃសាកលវិទ្យាល័យ Toronto។

    ការសិក្សារកឃើញថា ការធ្លាក់ចុះកម្រិតអាស៊ីដខ្លាញ់អូមេហ្គា ៣ នឹងធ្វើឲ្យយើងមានហានិភ័យស្លាប់ដោយសារជំងឺគាំងបេះដូង កើន ៩% បន្ថែមទៀត។ អាស៊ីដខ្លាញ់ល្អមួយនេះ អាចជួយកាត់បន្ថយការរលាក គ្រប់គ្រងចង្វាក់បេះដូង បញ្ចុះសម្ពាធឈាម បន្ថយសម្ពាធនៅលើជញ្ជាំងសរសៃឈាមអាក់ទែរ និងកាត់បន្ថយឈាមកក។

    ការស្រាវជ្រាវជាច្រើន សុទ្ធតែរកឃើញជាបន្តបន្ទាប់ បង្ហាញថា អាស៊ីដខ្លាញ់អូមេហ្គា ៣ អាចកាត់បន្ថយជំងឺបាក់ទឹកចិត្ត ជំងឺវិកលចរិត ការបាត់បង់ការចងចាំ និងជំងឺរលាកសន្លាក់ជាដើម។ អាស៊ីដខ្លាញ់អូមេហ្គា ៣ ថែមទាំងល្អខ្លាំងដល់ការអភិវឌ្ឍខួរក្បាលរបស់គភ៌ និងទារកទៀតផង។

    មានគ្នាយើងមួយចំនួនព្រួយបារម្ភពីសាច់ត្រីព្រោះវាមានផ្ទុកជាតិបារ៉ត ដែលជាសារធាតុពុល មានទំនាក់ទំនងជាមួយបញ្ហាផ្ទង់អារម្មណ៍បានខ្លីៗ និងធ្វើឲ្យទារកពិបាកឆាប់ចេះដើរ និងនិយាយ។

    ប៉ុន្តែបើតាមលោក Bazinet ជាតិបារ៉តដែលពុលខ្លាំង គឺវាខុសគ្នាទៅនិងកម្រិតជាតិបារ៉តដែលមានតិចតួចក្នុងសាច់ត្រី។ គ្មានការណែនាំផ្លូវការណាមួយពីចំនួនសាច់ត្រីយើងគួរញ៉ាំប្រចាំថ្ងៃនោះឡើយ ប៉ុន្តែមនុស្សភាគច្រើន គួរញ៉ាំកុំឲ្យលើស ១៥០ក្រាម/សប្តាហ៍ សម្រាប់ពពួកត្រីធំៗ ដូចជា ឆ្លាម ត្រីដាវ ឬត្រីធូណាស្រស់។ នេះបើតាមការណែនាំពីក្រសួងសុខាភិបាលប្រទេសកាណាដា។ ខណៈស្រីៗពពោះ ឬកំពុងបំបៅដោះកូន គួរញ៉ាំច្រើនបំផុត ១៥០ក្រាម ក្នុងមួយខែបានហើយ។

    លោក Bazinet និយាយថា គ្រាន់តែកុំឧស្សាហ៍ញ៉ាំត្រីឆ្លាមច្រើនទៅ សុខភាពយើងក៏មិនជាបញ្ហាអ្វីដែរ។

    ត្រីអាច​នឹងផុតពូជ?

    បច្ចុប្បន្នក្នុងសមុទ្រមិនមានត្រីច្រើនគ្រប់គ្រាន់សម្រាប់យើងញ៉ាំរហូតនោះឡើយ បើគ្នាយើងនាំគ្នាគិតតែញ៉ាំត្រី​ដូច​សព្វថ្ងៃ​ នៅត្រឹមឆ្នាំ២០៥០ ត្រីនៅលើលោកអាច​នឹងដាច់ពូជ។ នេះបើតាមការបញ្ជាក់ពីសាស្ត្រាចារ្យវេជ្ជបណ្ឌិត David Jenkins នៃសាកលវិទ្យាល័យ Toronto ដែលជាប្រធានដឹកនាំការស្រាវជ្រាវរបបអាហារ និងមេតាបូលីស។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ Oct 05, 2020

    ផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម