backup og meta

ហេតុផល​ទាំង​៥​ ​​បង្ហាញ​ថា​វីតាមីន​A ចាំបាច់​បំផុត​ចំពោះ​រាងកាយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 12, 2021

ហេតុផល​ទាំង​៥​ ​​បង្ហាញ​ថា​វីតាមីន​A ចាំបាច់​បំផុត​ចំពោះ​រាងកាយ

ពិត​ណាស់​ ​វីតាមីន​A មិន​ត្រឹម​តែ​ជំនួយ​ដល់​ភ្នែក​របស់​យើង​ប៉ុណ្ណោះ​ទេ​ វា​ថែម​ទាំង​​​ជួយ​ដល់​មុខងារ​ដទៃ​ទៀត​នៅ​ក្នុង​រាងកាយ​របស់​យើង​ផង​ដែរ។​ យើង​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ ការ​ញ៉ាំ​​ការ៉ុត​​​ច្រើន​ នឹង​ធ្វើ​ឲ្យ​​ភ្នែក​របស់​យើង​មើល​ឃើញ​ច្បាស់ ដែល​កត្តា​នេះ​គឺ​មក​ពី​ការ៉ុត​សម្បូរ​​ទៅ​ដោយ​វីតាមីន​A ​ជួយ​ទ្រទ្រង់​ដល់​សុខភាព​ភ្នែក​។​ យ៉ាង​ណា​មិញ​ វីតាមីន​មួយ​ប្រភេទ​នេះ​ក៏​មាន​សារសំខាន់​ចំពោះ​មុខងារ​ដទៃ​ទៀត​នៅ​ក្នុង​រាងកាយ​របស់​យើង​ផង​ដែរ​ ដូចជា​ការ​លូតលាស់​ ប្រព័ន្ធភាព​ស៊ាំ​ និង​ការ​​ទទួល​ស្គាល់​កោសិកា (Cell Recognition )​។​ ​លើស​ពី​នេះ​ វីតាមីន​A ក៏​ជា​ធាតុប្រឆាំងអុកស៊ីតកម្ម​​ដ៏​មាន​ឥទ្ធិពល​ ដែល​ជួយ​លើក​កម្ពស់​មុខងារ​​នៃ​សរីរាង្គ​ផ្សេងៗ​ដូចជា​ បេះដូង​ សួត​ និង​តម្រង​នោម​ថែម​ទៀត​ផង​។​

. លើក​កម្ពស់​ការ​លូតលាស់​​ និង​ការ​មាន​កូន

​​វីតាមីន​A គឺ​ជា​វីតាមីន​ដ៏​សំខាន់​មួយ​ ដែល​មាន​ភាព​ចាំបាច់​ក្នុង​ការ​ថែទាំ​ប្រព័ន្ធ​បន្ត​ពូជ​ឲ្យ​មាន​សុខភាព​ល្អ​​។​ ​យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ កង្វះ​វីតាមីន​A ​មិន​ត្រឹម​តែ​អាច​ប៉ះពាល់​ដល់​គុណភាព​ស៊ុត​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​អាច​ជះ​ឥទ្ធិពល​ដល់​​ការ​ផ្សាំ​របស់​វា​នៅ​ក្នុង​ស្បូន​ផង​ដែរ​។ លើស​ពី​នេះ​ វីតាមីន​A ក៏​​មាន​ពាក់ព័ន្ធ​ទៅ​​នឹង​ការ​វិវត្ត​​ ក៏​ដូចជា​ការ​លូតលាស់​ធម្មតា​នៃ​អំប្រ៊ី​យ៉ុង​​ថែម​ទៀត​ផង​។​ ទោះ​ជា​យ៉ាង​នេះ​ក្តី​​ ​ការ​ញ៉ាំ​វីតាមីន​A​ច្រើន​ជ្រុល​ ក៏​អាច​បង្ក​ជា​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ​បាន​​ដូច​គ្នា​។​

. ​ជួយ​ពង្រឹង​សុខភាព​ភ្នែក

យើង​​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ កង្វះ​វីតាមីន​A អាច​បណ្ដាល​ឲ្យ​យើង​កើត​ជំងឺ​ខ្វាក់​មាន់​ ពីព្រោះ​វីតាមីន​A​ មាន​សារសំខាន់​ណាស់​​ក្នុង​ការ​បំប្លែង​​ពន្លឺ​ដែល​ប៉ះ​ទៅ​នឹង​​រ៉េទីន​​​ឲ្យ​ក្លាយ​​​ជា​សញ្ញា​មួយ​​ទៅ​កាន់​ខួរ​ក្បាល។​ នៅ​ពេល​ដែល​យើង​ខ្វះ​វីតាមីន​A ​ការ​បំប្លែង​​ពន្លឺ​​មិន​កើត​ឡើង​ប្រកប​ដោយ​ប្រសិទ្ធភាព​ឡើយ​ ដែល​កត្តា​នេះ​នឹង​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​​ការ​មើល​ឃើញ​របស់​យើង​ផង​ដែរ​​។

. ទ្រទ្រង់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ

ជាមួយ​គ្នា​នេះ​ដែរ​ វីតាមីន​A មាន​សារសំខាន់​ណាស់​​សម្រាប់​ការ​ផលិត​ និង​មុខងារ​នៃ​កោសិកា​ឈាម​ស​នៅ​ក្នុង​​រាងកាយ​របស់​យើង​ ដែល​ទទួល​ខុសត្រូវ​ក្នុង​ការ​ប្រឆាំង​នឹង​ភ្នាក់ងារ​បង្ក​រោគ ​នៅ​ក្នុង​ឈាម​។ បន្ថែម​ពី​នេះ​ កង្វះ​​វីតាមីន​A មិន​ត្រឹម​តែ​បង្កើន​ឱកាស​នៃ​ការ​ឆ្លង​មេរោគ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​ធ្វើ​ឲ្យ​​យើង​មិន​ងាយ​ជា​សះ​ស្បើយ​ពី​ជំងឺ​ផង​ដែរ​។​

វីតាមីនA

. សុខភាព​ឆ្អឹង​រឹងមាំ

គ្នា​យើង​ភាគ​ច្រើន​តែងតែ​គិត​ថា ​មាន​តែ​កាល់ស្យូម​ និង​វីតាមីន​Dប៉ុណ្ណោះ​ ដែល​ធ្វើ​ឲ្យ​ឆ្អឹង​របស់​យើង​រឹងមាំ​ ប៉ុន្តែ​ គំនិត​នេះ​គឺ​​មិន​ត្រឹមត្រូវ​ទាំង​ស្រុង​ឡើយ​។​ ​យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ អ្នក​ដែល​មាន​កម្រិត​វីតាមីន​A ទាប​​មាន​ហានិភ័យ​នៃ​ការ​បាក់​ឆ្អឹង​​ច្រើន​ជាង​អ្នក​ដែល​មាន​កម្រិត​វីតាមីន​A ​គ្រប់គ្រាន់​។

. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក

ប្រសិន​បើ​យើង​មាន​កម្រិត​វីតាមីន​A នៅ​ក្នុង​រាងកាយ​គ្រប់គ្រាន់​ ​យើង​អាច​មាន​ហានិភ័យ​ទាប​នៅ​ក្នុង​ការ​កើត​ជំងឺ​មហារីក​មួយ​ចំនួន​។​ ​ជាក់ស្តែង​ ការ​ប្រើប្រាស់​ថ្នាំbeta-carotene ដែល​ផ្ទុក​ទៅ​ដោយ​វីតាមីន​A អាច​កាត់​បន្ថយ​ជំងឺ​មហារីក​ស្បូន សួត​ និង​ប្លោក​នោម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ យើងអាច​រក​វីតាមីនA  បាន​នៅ​ក្នុង​ត្រី សាច់ និង​បន្លែបៃតង ជា​ដើម។​

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 12, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម