គ្នាយើងមួយចំនួនដែលរវល់នឹងការងារ ឬអ្នកមករស់នៅម្នាក់ឯងឆ្ងាយពីគ្រួសារ ភាគច្រើនគ្មានពេលចម្អិនអាហារដោយខ្លួន ចូលចិត្តញ៉ាំអាហារនៅខាងក្រៅ និងអាហារតាមផ្លូវ (Street food) ដែលជាប្រភេទស៊ុប អាហារអាំងចៀនទៅវិញ។ ប៉ុន្តែបើតាមសម្ដីលោកវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឬទ្ធីគុណ និងជាម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋាន បានឲ្យជាដំបូន្មានមកថា អាហារខាងក្រៅផ្ទះគ្រោះថ្នាក់ចំពោះសុខភាពខ្លាំងណាស់។
១- អាហារខាងក្រៅ
អាហារដែលលក់នៅតាមតូប ឬហាងមួយចំនួនមិនមានអនាម័យគ្រប់គ្រាន់ទេដូចនៅផ្ទះយើងទេ ព្រោះមនុស្សច្រើន និងដើម្បីសម្រួលឲ្យមានភាពឆាប់រហ័ស ចំណេញច្រើន អ្នកលក់អាចកាត់បន្ថយការលាងសម្អាត ឬការសម្រិតសម្រាំងយកបន្លែត្រីសាច់ដែលមានគុណភាពមិនល្អ។ ពោលគឺថាទោះជាត្រីសាច់ បន្លែនោះខូចក៏ដាក់ទៅទាំងអស់តែម្ដង។ មួយវិញទៀតអាហារទាំងនោះប្រើគ្រឿងផ្សំច្រើន គ្មានយីហោច្បាស់លាស់ ប្រើហួសពីកម្រិត ឬទំនិញហួសដឺឡេជាដើម។ ចំណែកផលប៉ះពាល់វិញ ម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋាន បានបញ្ជាក់ថា ពេលខ្លះបណ្ដាលឲ្យឈឺពោះរាករូស ពុលក្អួតចង្អោរ ហើយបើរយៈពេលវែងទៅជាឈឺក្រពះ ពោះវៀន និងរោគសញ្ញាដទៃទៀត។