អ្នកវិទ្យាសាស្ត្រ មកពីសាកលវិទ្យាល័យ Rome របស់អ៊ីតាលី បានធ្វើការសិក្សាលើសត្វល្អិតជាច្រើន ប្រភេទ ដូចជា អង្ក្រង កណ្ដូប ចង្រិត និងដក់ដឿ។ ពួកគេបានធ្វើតេស្ដេពិនិត្យមើលលើសារធាតុប្រឆាំងអុកស៊ីតកម្ម រួមមានវីតាមីន A វីតាមីន C វីតាមីន E នៅក្នុងខ្លួនសត្វល្អិត តាមរយៈការផឹកទឹកម្សៅសត្វទាំងនេះ។

លទ្ធផល រកឃើញថា ដក់ដឿ មានសារធាតុប្រឆាំងអុកស៊ីតកម្ម ច្រើនជាងប្រេងអូលីវ រហូតដល់ ២ដង។ ចំណែកម្សៅចង្រិត កណ្ដូប និងដក់ដឿ មានសារធាតុប្រឆាំងអុកស៊ីតកម្ម លើសទឹកក្រូចស្រស់ រហូតដល់ ៥ដង។ អ្នកវិទ្យាសាស្ត្រ ថា សត្វល្អិត ជាប្រភពនៃប្រូតេអ៊ីន អាស៊ីតខ្លាញ់មិនឆ្អែត រ៉ែ វីតាមីន និងជាតិសរសៃ។ ប៉ុន្ដែ បច្ចុប្បន្ន ពុំទាន់មាននរណា ចាត់ទុកវាជាអាហារមានមុខងារល្អ ដូចជាប្រេងអូលីវ ឬទឹកក្រូចស្រស់ទេ។