បញ្ហានេះឱសថការី សែម ស៊ីណែត និងជាគ្រូបង្រៀន មុខវិជ្ជា ជីវវិទ្យា នៅសាលាជំនាន់ថ្មី វិទ្យាល័យព្រះយុគន្ធរ អះអាងថា ការផឹកទឹកកកមិនបណ្តាលឲ្យដុះក្បាលពោះ ឬឡើងទម្ងន់ឡើយ។ លោកថា ការយល់ខុសដែលចាក់ស្រែះនៅក្នុងការយល់ដឹងរបស់ប្រជាជនជាច្រើន គឺថាទឹកត្រជាក់ធ្វើឲ្យខ្លាញ់កកនៅក្នុងខ្លួន។ តាមការពិតទឹកកកមិនបានធ្វើឲ្យខ្លាញ់កកនៅក្នុងខ្លួនយើងអ្វីនោះឡើយ ផ្ទុយទៅវិញវាថែមទាំងធ្វើឲ្យកោសិកាយើងបំបែកកាឡូរី (ថាមពល) ដើម្បីកម្តៅទឹកទៀតផង ព្រោះទឹកត្រជាក់ដែលចូលទៅក្នុងបំពង់អាហារ និងពោះវៀនចាំបាច់ត្រូវមានកម្តៅប្រហាក់ប្រហែលនឹងក្នុងខ្លួន។