១- ហាត់ប្រាណរៀងរាល់ថ្ងៃ
យើងអាចចំណាយពេលហាត់ប្រាណរៀងរាល់ថ្ងៃ ឲ្យបានយ៉ាងហោចណាស់ពី ១៥-២០ នាទី ដោយអាចហាត់បែបពង្រឹងសរសៃឈាមបេះដូង និងហាត់បែបធ្ងន់ៗក៏បាន។ អាចក្រោកពីគេងឲ្យលឿនជាងរាល់ដង ២០នាទី ដើម្បីហាត់ប្រាណ ឬអាចហាត់ប្រាណនៅចន្លោះម៉ោងបាយថ្ងៃត្រង់។ មិនថាពេលណាក៏ដោយ បើយើងសម្រេចចិត្ដហាត់នៅម៉ោងនោះជាប្រចាំ រៀងរាល់ថ្ងៃ នោះនឹងក្លាយទៅជាទម្លាប់ប្រចាំថ្ងៃមួយសម្រាប់យើង។
អាចហាត់ប្រាណបែបសាមញ្ញ ដូចជា បន្ទន់ជង្គង់ អាវ៉ង់ អង្គុយចោងហោង ឬហាត់ប្រាណមួយចំនួនផ្សេងទៀតនៅផ្ទះ មុនពេលចេញមកធ្វើការក៏បាន។ គ្នាយើង ក៏អាចហាត់ប្រាណជាមួយអ្នកជិតខាង ដោយរត់ ឬដើរត្រឹកៗជុំវិញសួនច្បាររាល់ព្រឹក ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធបានទៀតផង។
ការហាត់ប្រាណជារៀងរាល់ថ្ងៃ អាចជួយឲ្យមានបម្រែបម្រួលក្នុងរាងកាយ និងរបៀបរាងកាយយើងប្រើប្រាស់កាឡូរី។ ការហាត់ប្រាណនៅពេលព្រឹក ធ្វើឲ្យមានការចាប់ផ្ដើមដំណើរការនៃដងខ្លួន ដោយមានបញ្ចេញអ័រម៉ូនអង់ដូហ្វីន ធ្វើឲ្យអារម្មណ៍ល្អ និងស្រស់ស្រាយក្នុងចិត្ដ ហើយក៏ជាកត្តាល្អបំផុតមុនយើងចេញទៅធ្វើកិច្ចការប្រចាំថ្ងៃ។ អាចបង្កើនសាច់ដុំ ធ្វើឲ្យមានការកើនឡើងប្រសិទ្ធភាពដំណើរការដងខ្លួន ធ្វើឲ្យយើងមិនចាំបាច់ត្រូវតមអាហារពេកនោះដែរ។