រូបរាងកាយសមសួនពោរពេញទៅដោយមន្តស្នេហ៍គឺជាបំណងប្រាថ្នារបស់ស្រីៗគ្រប់រូប។ ប៉ុន្តែបើយើងមានរូបរាងស្គម ស្លេកស្លាំង គ្មានកម្លាំងកំហែងបែបនេះ ធ្វើម៉េចនឹងអាចបញ្ចេញសម្រស់ពិតរបស់ខ្លួនបានទៅ?
ពិតណាស់ មនុស្សយើងធាត់ពេកក៏ពិបាក ស្គមពេកក៏មិនស្រួលដែរ ពីព្រោះថានៅពេលដែលយើងស្គមជ្រុល ផ្ទៃមុខរបស់យើងក៏មានសភាពផត និងឆាប់ចាស់ជាងវ័យផងដែរ។ មួយវិញទៀត ការស្គមជ្រុលក៏អាចប្រឈមមុខនឹងកត្តាសុខភាពផ្សេងៗ ដូចជាជំងឺពុកឆ្អឹង ការឆ្លងមេរោគ ការពិបាកមានកូន ព្រមទាំងកត្តាឆាប់ស្លាប់ថែមទៀតផង។
យ៉ាងណាមិញ បើយើងចង់ដឹងថា យើងមានរាងកាយស្គមជ្រុលឬអត់នោះ យើងអាចធ្វើការគណនាបានតាមសន្ទស្សន៍ម៉ាសរាងកាយ (BMI)។ អ្នកស្គមជ្រុលគឺមានសន្ទស្សន៍ម៉ាសរាងកាយទាបជាង១៨,៥។ រីឯអ្នកធាត់ជ្រុលគឺមានសន្ទស្សន៍ម៉ាសរាងកាយលើស២៥ឡើងទៅ។
ធ្វើម៉េចទើបអាចឡើងទម្ងន់ដោយមានសុវត្ថិភាពទៅ?
ពិតណាស់ បើទោះបីជាយើងចង់ឡើងគីឡូក៏ដោយ ក៏មិនគួរជ្រើសរើសអាហារណាដែលផ្ដល់ផលអាក្រក់ដល់សុខភាពដែរ។ ការញ៉ាំអាហារល្អៗ និងបែបបទនៃការរស់នៅត្រឹមត្រូវ គឺពិតជាមានសារសំខាន់ខ្លាំងណាស់។
ដូចនេះ ដើម្បីទទួលបានរាងកាយដ៏ទាក់ទាញ ស្រីៗយើងគួរតែអនុវត្តវិធីសាស្ត្រខាងក្រោមនេះ។
១. ញ៉ាំកាឡូរីច្រើនជាងអ្វីដែលរាងកាយត្រូវការ
រឿងដែលសំខាន់បំផុតដែលយើងត្រូវធ្វើដើម្បីឲ្យឡើងគីឡូនោះ គឺញ៉ាំកាឡូរីច្រើនជាងកាឡូរីដែលរាងកាយយើងដុតបំផ្លាញ។ ប្រសិនបើយើងចង់ឡើងទម្ងន់យឺតៗ គួរញ៉ាំកាឡូរីឲ្យបាន៣០០ទៅ៥០០ច្រើនជាងកាឡូរីដែលរាងកាយដុតបំផ្លាញប្រចាំថ្ងៃ ឬចំនួន៧០០ទៅ១០០០ បើយើងចង់ឆាប់ឡើងទម្ងន់លឿន។
២. ញ៉ាំជាតិប្រូតេអ៊ីនឲ្យបានច្រើន
ជាមួយគ្នានេះដែរ អាហារូបត្ថម្ភដែលរាងកាយត្រូវការជាចាំបាច់ដើម្បីឲ្យឡើងទម្ងន់នោះ គឺប្រូតេអ៊ីន។ សាច់ដុំរបស់យើងម្នាក់ៗ កើតចេញពីជាតិប្រូតេអ៊ីននេះឯង បើគ្មានវាទេនោះ កាឡូរីដែលលើស ប្រាកដជាបម្លែងខ្លួនទៅជាខ្លាញ់នៃរាងកាយមិនខាន ហើយអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់់ មានដូចជាត្រី សាច់ ស៊ុត និងទឹកដោះគោជាដើម។
៣. ញ៉ាំកាបូនអ៊ីដ្រាត និងខ្លាញ់ ព្រមទាំងអាហារ៣ពេល
ប្រសិនបើយើងចង់ឡើងគីឡូលឿន អាហារដែលមានកាបូនអ៊ីដ្រាត និងជាតិខ្លាញ់ខ្ពស់ គឺពិតជាមិនអាចខ្វះបានឡើយនៅក្នុងអាហារទាំងបីពេល។ លើសពីនេះ យើងក៏អាចញ៉ាំអាហារសម្រន់បន្ថែមដើម្បីបង្កើនថាមពលរាងកាយ ផងដែរ។
៤. លើកទម្ងន់ និងបង្កើនកម្លាំង
ដើម្បីឲ្យប្រាកដថា កាឡូរីដែលលើសនៅក្នុងខ្លួនរបស់យើង បានបញ្ជូនទៅក្នុងសាច់ដុំ ជំនួសឲ្យកោសិកាខ្លាញ់របស់យើងនោះ ការហាត់ប្រាណដោយលើកទម្ងន់គឺជាជម្រើសដ៏ល្អបំផុត។
ចូរព្យាយាមទៅក្លឹបហាត់ប្រាណ និងលើកទម្ងន់ ឲ្យបានចាប់ពី២ទៅ៤ដងក្នុងមួយសប្ដាហ៍ ដើម្បីទទួលបានរូបរាងកាយដ៏សមសួន និងពោរពេញទៅដោយថាមពល។
[embed-health-tool-bmi]