និយមន័យ
១- អ្វីជាតេស្ត LDH?
LDH មកពីពាក្យពេញ Lactic acid dehydrogenase ជាអង់ស៊ីម ជួយបង្កើតថាមពល មានសឹងគ្រប់ជាលិការាងកាយ ហើយកម្រិតអង់ស៊ីមមួយនេះកើនឡើង ដើម្បីឆ្លើយតបទៅនឹងកោសិកាខូច ឬបាត់បង់។ កម្រិត LDH អាចវាស់បាន ដោយធ្វើតេស្តបូមឈាមចេញពីសរសៃវ៉ែន។
២- ហេតុអ្វីត្រូវធ្វើតេស្តនេះ?
LDH ភាគច្រើន ត្រូវបានវាស់ជាញឹកញាប់ ដើម្បីពិនិត្យរកជាលិកាខូច ឬបាត់បង់។ ចំណែកប្រូតេអ៊ីនរបស់ LDH សម្បូរនៅក្នុងជាលិការាងកាយ ពិសេស បេះដូង ថ្លើម តម្រងនោម សាច់ដុំ ខួរក្បាល កោសិកាឈាម និងសួត។
សម្រាប់ករណីផ្សេងទៀតនាំឲ្យមានការធ្វើតេស្តមួយនេះដូចជា៖
– ចំនួនកោសិកាឈាមក្រហមទាប (ស្លេកស្លាំង)
– មានជំងឺមហារីក ដូចជា មហារីកគ្រាប់ឈាម ឬមហារីកក្រពេញទឹករងៃ។
ស្វែងយល់មុនធ្វើតេស្ត
៣- គួរដឹងអ្វីខ្លះមុនពេលធ្វើតេស្ត?
កម្រិត LDH នៅក្នុងខ្លួនអាចកើនឡើងដោយសារជំងឺផ្សេងៗ ហេតុនេះការធ្វើតេស្តមួយចំនួនទៀតត្រូវធ្វើឡើងដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់។
ពីមុន តេស្ត LDH ប្រើសម្រាប់ជួយធ្វើរោគវិនិច្ឆ័យ និងតាមដានជំងឺគាំងបេះដូង ប៉ុន្តែតេស្តត្រូប៉ូនីន (Troponin) ត្រូវធ្វើជំនួសតេស្ត LDH ក្នុងមុខងារមួយនេះ។ LDH មិនបានកំណត់ភាពជាក់លាក់ខូចខាតបេះដូង ជាហេតុនេះឲ្យលែងមានការណែនាំប្រើសម្រាប់វិភាគពេលសង្ស័យមានរោគសញ្ញាជំងឺសរសៃឈាមបេះដូង។
ដំណើរការធ្វើតេស្ត
៤- គួរត្រៀមខ្លួនបែបណា?
គ្រូពេទ្យនឹងប្រាប់យើងឈប់លេបថ្នាំមួយចំនួន អាចធ្វើឲ្យប៉ះពាល់ការធ្វើតេស្ត។ ព្រោះថ្នាំទាំងនោះអាចបង្កើនកម្រិត LDH ពេលធ្វើតេស្ត ដូចជាថ្នាំសណ្ដំ ថ្នាំ Aspirin ថ្នាំ Clofibrate Fluorides Mithramycin Narcotics និងថ្នាំ Procainamide ជាដើម។ បើយើងមានលេបថ្នាំមួយណាក្នុងចំណោមថ្នាំទាំង ត្រូវប្រាប់គ្រូពេទ្យមុនសម្រេចចិត្តធ្វើតេស្ត។
៥- មានអី្វកើតឡើងអំឡុងពេលធ្វើតេស្ត?
គ្រូពេទ្យនឹងជូតសម្អាតមេរោគលើដៃ ដោយប្រើសំឡីអាល់កុល ចងកៅស៊ូនៅដើមដៃ ជួយបង្កើនចរន្តឈាមហូរ ព្រោះបែបនេះងាយស្រួលបូមឈាម។
បន្ទាប់មក គ្រូពេទ្យនឹងចាក់ម្ជុលចូលក្នុងសរសៃវ៉ែននៅដៃ រួចបូមយកឈាមចូលក្នុងសឺរ៉ាំង។ ពេលបូមឈាមគ្រប់គ្រាន់ គ្រូពេទ្យនឹងដកម្ជុលចេញពីដៃ ដោយបិតបង់ដំបៅនៅកន្លែងចាក់ម្ជុល ឃាត់ឈាមកុំឲ្យហូរ។
៦- មានអី្វកើតឡើងបន្ទាប់ពីធ្វើតេស្តរួច?
អាចធ្វើការងារធម្មតា បន្ទាប់មកគ្រូពេទ្យនឹងប្រឹក្សាយោបល់ជាមួយយើងពីលក្ខខណ្ឌ និងផ្ដល់ជូនការព្យាបាលសក្ដិសម។ ពេលខ្លះគ្រូពេទ្យអាច ត្រូវឲ្យយើងធ្វើការពិនិត្យជាច្រើនទៀត ហេតុនេះគួរតែស្ដាប់តាមការណែនាំរបស់គ្រូពេទ្យដោយយកចិត្តទុកដាក់។
លទ្ធផល
៧- លទ្ធផលតេស្ត
លទ្ធផលទទួលបានអាចមានភាពខុសគ្នាតិចតួចអាស្រ័យលើមន្ទីរពិសោធន៍នីមួយៗ ព្រោះមន្ទីរពិសោធន៍មួយចំនួន ប្រើប្រាស់ការវាស់ស្ទង់ផ្សេងៗគ្នា។ ប្រឹក្សាជាមួយគ្រូពេទ្យដើម្បីយល់ឲ្យច្បាស់អំពីលទ្ធផលទទួលបាន។
កម្រិតធម្មតា
កម្រិត LDH ធម្មតាមានចន្លោះពី ១៤០-២៨០ ឯកតា/លីត្រឈាម ២,៣៤-៤,៦៨ មិល្លីកាតាល់/លីត្រឈាម។
កម្រិតខ្ពស់
ក្នុងករណីលទ្ធផលតេស្តបង្ហាញពីកម្រិតខ្ពស់ជាងធម្មតា នោះបញ្ជាក់ថា៖
– ចរន្តឈាមមិនគ្រប់គ្រាន់ (ស្លោកបេះដូង)
– មានជំងឺគាំងបេះដូង
– បែកគ្រាប់ឈាមក្រហមក្នុងចរន្តឈាម
– មានជំងឺ Infectiousmononucleosis
– មានជំងឺថ្លើម (រលាកថ្លើម)
– សម្ពាធឈាមទាប
– របួសសាច់ដុំ
– សាច់ដុំចុះខ្សោយ ខូចខាតជាលិកាសាច់ដុំ
– មានជាលិកាខុសប្រក្រតី (មហារីក)
– រលាកលំពែង
– ដាច់សរសៃឈាមខួរក្បាល
– ងាប់ជាលិកា
បើកម្រិត LDH កើនឡើង គ្រូពេទ្យនឹងធ្វើតេស្ត LDH Isoenzymes ដើម្បីបញ្ជាក់ទីតាំងជាលិកាដែលខូចខាត។
អាស្រ័យទៅតាមមន្ទីរពិសោធន៍ និងមន្ទីរពេទ្យ កម្រិតធម្មតានៃការធ្វើតេស្ត LDH អាចមានការប្រែប្រួល ហេតុនេះគួរពិគ្រោះជាមួយគ្រូពេទ្យបើចម្ងល់ពាក់ព័ន្ធលទ្ធផលក្រោយធ្វើតេស្ត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]