ក្រុមហ៊ុន AstraZeneca បានលើកឡើងថានេះជាការផ្អាកដែលតែងកើតមានក្នុងករណីដែលអ្នកចូលរួមមានជំងឺដែលមិនដឹងមូលហេតុច្បាស់លាស់។ គេក៏កំពុងពិនិត្យលទ្ធផលនៃការតេស្ដសាកល្បងនៃវ៉ាក់សាំងនេះនៅជុំវិញពិភពលោក។ វ៉ាក់សាំងនេះដែរត្រូវបានគេជឿថាជាវ៉ាក់សាំងមួយដែលខ្លាំងក្នុងចំណោមវ៉ាក់សាំងដែលកំពុងផលិតទូទាំងពិភពលោក។ អ្នកស្រាវជ្រាវសង្ឃឹមយ៉ាងខ្ពស់ថាវ៉ាក់សាំងមួយនេះអាចជាវ៉ាក់សាំងដំបូងដែលនឹងចេញឲ្យប្រើប្រាស់ដោយលទ្ធផលតេស្ដសាកល្បងដំណាក់កាលទី១ និងទី២មានភាពជោគជ័យ។ ចំណែកឯដំណាក់កាលទី៣ទើបនឹងចាប់ផ្ដើមក្នុងពេលថ្មីៗនេះដែលមានអ្នកចូលរួមប្រហែល ៣ម៉ឺននាក់នៅសហរដ្ឋអាមេរិក ប្រទេសអង់គ្លេស ប្រេស៊ីល និងអាហ្រ្វិកខាងត្បូង។ ដំណាក់កាលទី៣នេះជាទូទៅតែងមានអ្នកចូលរួមរាប់ពាន់អ្នក និងអាចមានរយៈពេលច្រើនឆ្នាំ។
សារព័ត៌មាន The New York Times បានរាយការណ៍ថាមានអ្នកស្ម័គ្រចិត្តម្នាក់នៅប្រទេសអង់គ្លេសមានជំងឺ Transverse myelitis ដែលជាអាការៈរលាកប៉ះពាល់ដល់ឆ្អឹងកង និងអាចបង្កដោយការឆ្លងវីរុស។ យ៉ាងណាមិញ មូលហេតុនៃជំងឺនេះមិនត្រូវបានបញ្ជាក់ច្បាស់ទេ ហើយការស៊ើបអង្កេតនឹងចាប់ផ្ដើមដើម្បីដឹងថាតើមានទាក់ទងនឹងវ៉ាក់សាំងឬយ៉ាងណា។