​ធ្លាប់កើតជំងឺគ្រុនឈាម ទំនងមាន​អង់ទីករប្រឆាំង COVID-19

    ​ធ្លាប់កើតជំងឺគ្រុនឈាម ទំនងមាន​អង់ទីករប្រឆាំង COVID-19

    ការ​សិក្សា​មួយ​ចំនួន​បាន​លើក​ឡើងថា​អ្នក​ធ្លាប់កើត​ជំងឺ​គ្រុន​ឈាម​ទំនងជា​មាន​អង់ទីករ​ខ្លះ​អាច​ប្រឆាំងនឹង​វីរុស​កូវីដ១៩ បាន ប៉ុន្តែ​ការ​សិក្សា​នេះ​មិន​បាន​បញ្ជាក់​ថា​អ្នក​ធ្លាប់​កើត​ជំងឺគ្រុន​ឈាម​អាច​មាន​អង់ទីករ​ក្នុង​រយៈពេល​យូរ​ប៉ុនណា​នោះ​ទេ។

    អត្ថបទ​ព័ត៌មាន​សុខភាព​មួយ​ចុះ​ផ្សាយ​នៅ​លើ​វិបសាយ​សុខភាព Health Shots បាន​​ចុះ​ផ្សាយ​កាសិក្សា​មួយ​របស់​សាកលវិទ្យាល័យ Duke នៅសហរដ្ឋអាមេរិក កាលពី​ថ្ងៃទី២១ ខែ​កញ្ញា កន្លង​ទៅ​នេះ។ ការសិក្សា​នេះ​បាន​រកឃើញ​ទំនាក់ទំនង​រវាង​ការ​ឆ្លង​ជំងឺ​គ្រុន​ឈាម និង​ការ​ឆ្លង​វីរុស​កូវីដ១៩ នៅ​ក្នុង​តំបន់​ដែល​ធ្លាប់​មាន​ផ្ទុះ​ជំងឺគ្រុន​ឈាម។​

    ហាត់ប្រាណប្រឆាំងកូវីដ

    ការសិក្សា​បាន​ផ្ដោត​សំខាន់​លើ​ប្រទេស​ប្រេស៊ីល និង​បាន​រក​ឃើញ​ថា​តំបន់​ដែល​មាន​​ជំងឺ​គ្រុន​ឈាម​ផ្ទុះ​ខ្លាំង កាលពី​ឆ្នាំ​២០១៩ ឬ​ដើម​ឆ្នាំ​២០២០ គឺ​មិន​សូវ​មាន​ករណី​ឆ្លងវីរុសកូវីដ១៩​ ឬ​ការ​រាត​ត្បាត​វីរុស​នេះ​ក្នុង​សហគមន៍​ដូច​តំបន់​ផ្សេង​នោះ​ទេ។ ពោល​គឺ​តំបន់​ទាំងនោះ​មិន​សូវមាន​អ្នក​ឆ្លង ឬ​ឆ្លង​វីរុសកូវីដ​១៩ ​មិន​សូវ​លឿន​ដូច​តំបន់​ដែល​មិន​ធ្លាប់​មាន​ផ្ទុះ​ជំងឺគ្រុន​ឈាម​នោះ​ទេ។​

    ក្រុម​អ្នកស្រាវ​ជ្រាវ​ក៏​បាន​រក​ឃើញ​ប្រហាក់ប្រហែល​គ្នា​ដែរ​ពី​ទំនាក់ទំនង​រវាង​ការ​ផ្ទុះ​ជំងឺ​គ្រុន​ឈាម និង​ការ​រាល​ដាល​យឺត​នៃ​វីរុសកូវីដ​១៩ នៅ​តំបន់​ខ្លះ​នៅ​អាមរិក​ឡាទីន អាស៊ី និង​មហាសមុទ្រឥណ្ឌា។

    អ្នកស្រាវ​ជ្រាវ​ថា​បើ​ទំនាក់ទំនង​នេះ​ជា​ការ​ពិត នោះ​អ្នក​មាន​អង់ទីករប្រឆាំង​ជំងឺ​គ្រុន​ឈាម អាច​នឹង​មាន​លទ្ធភាព​ផលិត​អង់ទីករ​ក្នុង​កម្រិត​ណាមួយ​ប្រ​ឆាំង​នឹង​វីរុស​កូវីដ​១៩​ ដែរ។

    រឿង​មួយ​ដែល​អ្នក​ស្រាវ​ជ្រាវ​ស្ទើ​រមិន​ជឿ​ដែរ​នោះ គឺ​អ្នក​មាន​អង់ទីករ​ប្រ​ឆាំង​ជំងឺ​គ្រុន​ឈាម អាច​ធ្វើ​តេស្ត​ឃើញ​មាន​វត្តមាន​វីរុស​កូវីដ​១៩ បើ​ទោះ​បី​ជា​អ្នកនោះ​មិន​មាន​ឆ្លង​វីរុស​នេះ​ក៏​ដោយ​។ ត្រង់​ចំណុច​នេះ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ថា​នេះ​ជា​អ្វី​ដែល​ត្រូវ​មានការ​សិក្សា​បន្ថែម​ទៀត​ពីទំនាក់​ទំនង​នេះ។

    ទោះ​យ៉ាងណា​ការសិក្សា​នេះ​មិ​ន​បាន​បញ្ជាក់​ច្បាស់​ថា​អ្នក​មាន​អង់ទីករ​ប្រឆាំង​ជំងឺគ្រុន​ឈាម​កម្រិត​ណា​ទើប​អាច​ប្រឆាំង​វីរុសកូវីដ១៩បាន ហើយ​ក៏​មិន​បាន​បញ្ជាក់​ដែរ​ថា​តើ​អង់​ទីករ​ប្រឆាំង​ជំងឺ​គ្រុន​ឈាម​អាច​នៅ​ក្នុង​ខ្លួន​មនុស្ស​យើង​បាន​យូរ​ដល់​ពេល​ណា​នោះ​ដែរ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ 15/07/2021

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម